ពីនេះ ពីនោះ
ស្វា កន្ទុយស ជិតផុតពូជបំផុតនៅលើពិភពលោក
×
ភិនភាគ៖ ស្វាកន្ទុយសជាប្រភេទពានរដែលមានពណ៌សម្បុរឆើតខុសប្លែកពីប្រភេទស្វាដទៃទៀត ដែលមានវត្តមានក្នុងប្រទេសកម្ពុជា។ សត្វឈ្មោលជាទូទៅមានមាឌធំជាងសត្វញី ចំណែកឯរូបរាងរបស់វាមានលក្ខណៈងាយស្រួលក្នុងការកំណត់ចំណាំណាស់ដោយសារពណ៌របស់វា និងមានរោមក្រាស់ដុះពេញលើដងខ្លួន។ ផ្នែកមុខមានពណ៌ត្នោតខ្ចី កន្ទុយមានពណ៌លឿងស្រាលដោយមានរោមវែងៗពណ៌ដុះព័ទ្ធជុំវិញ លើកលែងតែជុំវិញរង្វង់ភ្នែកទាំងពីរមានពណ៌ពងមាន់។ ដងខ្លួនមានពណ៌ប្រផេះ ចំណែកឯផ្នែកខាងក្រោមនៃដងខ្លួនមានរោមប្រផេះស្រាល ហើយនៅលើថ្ងាស និងផ្នែកខាងមុខមានរោមពណ៌ខ្មៅ។
ជីវិសាស្ត្រ៖ ជារឿយៗ វាចូលចិត្តរស់នៅជាក្រុមតាមដើមឈើខ្ពស់ៗ នៅក្នុងព្រៃស្រោង និងព្រៃពាក់កណ្តាលស្រោង។ វារស់នៅជាក្រុមដែលមានចំនួនរហូតដល់ជាង១០ក្បាល ដោយមាន បា មេ និងកូន ជួនកាលក្រុមរបស់វាមានច្រើនរហូតដល់៣០ក្បាល។ ចំណីអាហារបស់វាមានដូចជាគ្រាប់ធញ្ញជាតិ (កូទីលេដុង) ត្រួយឈើ ផ្កាឈើ និងផ្លែឈើ។ នៅពេលមានការគំរាមកំហែង ឬការរំខានណាមួយពីសកម្មភាពផ្សេងៗ វាតែងតែបន្លឺសំលេងជាសញ្ញាឲ្យគ្នាវាគេចរកកន្លែងសម្ងំលាក់ខ្លួននៅលើចុងឈើខ្ពស់ៗ។ ឈ្មោលជាមេក្រុមគ្រប់គ្រងស្វាញីក្នុងហ្វូងរបស់វា។
រប៉ាយរស់នៅ៖ ស្វាកន្ទុយសមានវត្តមាននៅភាគខាងកើតទន្លេមេគង្គ នៃតំបន់ខ្ពង់រាបខាងកើត និងឦសាន្តប្រទេសកម្ពុជា។ តាមការស្រាវជ្រាវបានបង្ហាញពីវត្តមានអំបូរប្រភេទនេះមាន២ អនុប្រភេទទៀតនៃប្រភេទស្វាកន្ទុយស ជើងប្រផេះ (Grey-shanked Douc Langur) និងស្វាកន្ទុយសជើងក្រហម (Red-shanked Douc Langur) នៅឥណ្ឌូចិន ប៉ុន្តែមិនទាន់មានទិន្នន័យគ្រប់គ្រាន់ក្នុងការកំណត់អំពីប្រភេទ និងរប៉ាយច្បាស់លាស់នៅឡើយទេ។
ស្ថានភាពអភិរក្ស៖ ស្វាកន្ទុយសស្ថិតក្នុងក្រុមប្រភេទមានដោយកម្រ។ ប្រភេទនេះត្រូវបានចុះក្នុងបញ្ជីក្រហម IUCN (CR) ជាប្រភេទជិតផុតពូជបំផុតនៅលើពិភពលោក និងត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីឧបសម្ព័ន ១ នៃអនុសញ្ញា CITIES។ ចំនួនស្វា កន្ទុយសមានការថយចុះ ដោយសារការបាត់បង់ ទីជម្រក និងការបរបាញ់។
© រក្សាសិទ្ធិដោយ thmeythmey.com