ជាតិ
អាកាសធាតុ​ក្តៅ​ខ្លាំង​៖ ក្រសួងសុខាភិបាល​ប្រាប់​ឲ្យ​ពលរដ្ឋ​ប្រយ័ត្ន​ចំពោះ​សុខភាព​
12, Mar 2016 , 7:59 pm        
រូបភាព
 
​ភ្នំពេញ​៖ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង (CDC) នៃ​ក្រសួងសុខាភិបាល បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ដើម្បី​ចៀសវាង​ពី​ជំងឺ​មួយចំនួន ដែល​បណ្ដាលមកពី​អាកាសធាតុ​ក្ដៅ​ខ្លាំង​។


 
​បើតាម CDC អាកាសធាតុ​ក្ដៅ​ខ្លាំង​នេះ អាច​បណ្តាល​ឲ្យ​មាន​រោគសញ្ញា​រមួលក្រពើ ដែលជា​សញ្ញា​បឋម ហើយ​វា​អាច​វិវត្តន៍​ទៅជា​ជំងឺ​អស់កម្លាំង​ល្ហិតល្ហៃ​ដោយ​កម្ដៅ​ខ្លាំង ឬ​ដួលសន្លប់​ដោយសារ​កម្ដៅ​ខ្លាំង​។​
 
​ដើម្បី​ការពារ​សុខភាព​ពេល​អាកាសធាតុ​ក្ដៅ​ខ្លាំង ប្រជាពលរដ្ឋ​ត្រូវ​អនុវត្តន៍​វិធាន​មួយចំនួន​ដូចជា​៖ 
១.​នៅ​កន្លែង​ត្រជាក់​៖ រក្សាខ្លួន​ឲ្យ​ត្រជាក់​ដើម្បី​ចៀសវាង​ពី​ជំងឺ ដោយ​ជ្រក​ក្រោម​ម្លប់​ឲ្យ​បាន​ច្រើន ងូតទឹក​ត្រជាក់ ឬ​ទឹក​ធម្មតា​ឲ្យ​បាន​ញឹកញាប់​។ ត្រូវ​តាម​ឲ្យ​បាន​មួយថ្ងៃ​២​ដង ចំពោះ​កុមារ មនុស្ស​ចាស់ ស្ត្រី​មាន​ផ្ទៃពោះ និង​អ្នកមាន​ជំងឺ​រ៉ាំរ៉ៃ ។​
២. មាន​ជាតិ​ទឹកជា​និច្ច​៖ ផឹកទឹក​ស្អាត​ឲ្យ​បាន​ច្រើនជាង​ធម្មតា ដើម្បី​ឲ្យ​រាងកាយ​មាន​ជាតិ​ទឹកជា​និច្ច ។​
៣. តាមដាន​ព័​ត៍​មាន​៖ តាមដាន​ព័​ត៍​មាន​អំពី​អាកាសធាតុ​ក្ដៅ​ខ្លាំង ដើម្បី​រៀបចំ​សកម្មភាព​ត្រឹមត្រូវ ស្ដីអំពី​ជំងឺ​ក្ដៅ​ដោយ​អាកាសធាតុ និង​វិធី​ព្យាបាល​៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com