ពីនេះ ពីនោះ
ស្មោះត្រង់ បង់​ឋានៈ (​វគ្គ​១)
12, Mar 2016 , 5:39 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖ នេះ​គឺជា​រឿង​ខ្លី​ប្រឌិត​លាយឡំ​នឹង​ការពិត​កើតឡើង​នៅក្នុង​សង្គម​ខ្មែរ​នាពេល​បច្ចុប្បន្ននេះ​។ នៅក្នុង​សង្គម​ខ្មែរ អ្នក​ស្មោះត្រង់​មួយចំនួន​ត្អូញត្អែរថា ពួកគេ​ពិបាក​រស់ ក៏​ព្រោះតែ​ភាពស្មោះត្រង់​។ ស្មោះត្រង់​អត់​ប្រាក់ អត់​ឋានៈ ត្រូវបាន​គេ​មើលងាយ​។ ខាងក្រោម​នេះ គឺជា​រឿង​ខ្លី​មួយ​ដែល​ឆ្លុះបញ្ចាំង​ពី​ការពិត​មួយផ្នែក​នៃ​សង្គម​ខ្មែរ​នាពេល​បច្ចុប្បន្ននេះ​។

 
​សារុន អាយុ​ជាង​៤០​ឆ្នាំ ជា​អភិបាលខណ្ឌ​ថ្មី​ដែល​រាជរដ្ឋាភិបាល​ទើបនឹង​បង្កើត​ថ្មី​។ ដើម្បី​រៀបចំ​ខណ្ឌ​ឲ្យ​បានល្អ សារុន បាន​ហៅ​មន្ត្រី​ពាក់ព័ន្ធ​មក ប្រជុំ​ជាប្រចាំ​ក្នុងការ​រចនា ឬ​ធ្វើ​គម្រោង ឬ​ប្លង់​សម្រាប់​ខណ្ឌ​ថ្មី​មួយ​នេះ​។ បី​ខែ​ក្រោយមក សារុន ត្រូវបាន​ចាប់ខ្លួន​ដោយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ​។ នៅពេល​ចាប់ខ្លួន ប្រជាពលរដ្ឋ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង ព្រោះ​គេ​គិតថា លោក សារុន ធ្វើ​អ្វីៗ​ក៏​ដើម្បី​ឲ្យ​ខណ្ឌ​ល្អ​ដែរ តែ​ដឹងអី​ពេលនេះ ប្រព្រឹត្ត​អំពើពុករលួយ​សោះ​។ លោក សារុន ត្រូវបាន​គេ​ដកហូត​មុខតំណែង​ជា​អភិបាលខណ្ឌ​ភ្លាមៗ​។ 
 
​នៅ​ចំពោះមុខ​ចៅក្រម​ស៊ើបសួរ លោក សារុន បាន​បដិសេធថា លោក​មិនបាន​ធ្វើអំពើ​ថោកទាប ដូច​ការចោទប្រកាន់​ទេ ប៉ុន្តែ អ្វីដែល​លោក​ធ្វើ គឺ​ដើម្បី​ឲ្យ​ខណ្ឌ​របស់លោក មាន​សណ្តាប់ធ្នាប់ មាន​របៀបរៀបរយ និង ស្អាតស្អំ​ជាងគេ​ប៉ុណ្ណោះ​។ 
 
​លោក សារុន ប្រាប់​ចៅក្រម​ថា លោក​មិនបាន​ដឹងថា គេ​ចាប់ខ្លួន​លោក​ដោយសារ​អ្វី​ទេ ហើយ​បាន​ស្នើសុំ ទៅ​ចៅក្រម​ឲ្យ​លោក​បាន​នៅក្រៅ​ឃុំ តែ​លោក​ចៅក្រម មិន​អនុញ្ញាត ហើយ​បាន​បញ្ជូន លោក​សារុន​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​ការកាត់ទោស​។​
 
​បី​ខែក្រោយ​មកទៀត​នៅក្នុង​សវនាការ ដែលមាន​អ្នកកាសែត​ចូល រួម​ផង លោក សារុន បាន​ប្រាប់​ទៅ​ចៅក្រម​ជំនុំជម្រះ​ថា លោក​ពិតជា មិនបាន​ប្រព្រឹត្ត​អំពើពុករលួយ ដូច​ការចោទប្រកាន់​នោះទេ​។ លោក​ពិតជា​ស្អាតស្អំ ហើយ​បើ​លោក​ពិតជា​បាន​ប្រព្រឹត្ត​ដូច​គេ​ចោទប្រកាន់​មែន​នោះ លោក​ស្នើ​ឲ្យ​តុលាការ ដាក់គុក​លោក​អស់​មួយជីវិត ហើយ​រឹបអូស​ទ្រព្យសម្បត្តិ លោក​ទាំងអស់​ចុះ​។ សាក្សី​ជា​នគរបាល​ខណ្ឌ អាវុធហត្ថ​ខណ្ឌ និង​មន្ត្រី សាធារណៈ​ខណ្ឌ ក៏​លើកឡើង ដូច​លោក សារុន ដែរ​ថា លោក​សារុន​ស្អាតស្អំ​។ ចៅក្រម​បាន​សូត្រ​ពី​កំហុស​របស់លោក សារុន ចំពោះ​ការសុំ​បើក​ភោជនីយដ្ឋាន​របស់​ស្ត្រី​ម្នាក់ ដែលជា​សាច់ញាតិ​របស់​អ្នកមានអំណាច កំពូល​មួយរូប​។ នៅពេល​ចៅក្រម​បង្ហើប​ពី​កំហុស​នោះ ទើប​លោក សារុន ដឹងថា នោះ​ហើយ​គឺជា​កំហុស​របស់លោក ព្រោះ​លោក​មិន​ព្រម​ទទួលយក​ការ​សូកប៉ាន់​របស់គេ​។ 
 
​លោក សារុន ពន្យល់ថា ស្ត្រី​នោះបាន​មកសុំ​គាត់​ដើម្បី​បើក ភោជនីយដ្ឋាន​មួយ​។ គាត់​ថា គាត់​មិនបាន​រារាំង​ទេ ព្រោះ​ជា​សិទ្ធិ​របស់​ពលរដ្ឋ ក្នុង​ការធ្វើ​អាជីវកម្ម ប៉ុន្តែ លោក​បាន​សួរ​ទៅ​ស្ត្រី​វិញ​ថា តើ​កន្លែង ចង់​បើក​ភោជនីយដ្ឋាន​នោះ មាន​ទីតាំង​សម្រាប់​ចត​យានយន្ត​ទេ​? តើ​វា​មាន​ផាសុកភាព​សម្រាប់​អ្នក​ចូល​ហូបចុក​ទេ​? ចំពោះ​អាហារ ដែល​ផ្តល់​ឲ្យ​អតិថិជន នោះ ធានាថា មិន​ប៉ះពាល់​ដល់​សុខភាព​អ្នក​ហូប​ទេ​?​។ និយាយ​ឲ្យ​ចំ តើ​ម្ចាស់​ភោជនីយដ្ឋាន​មានការ​ទទួលខុសត្រូវ​ប៉ុណ្ណា​ដែរ​?​។ 
 
​ម្ចាស់​ភោជនីយដ្ឋាន​បាន​ប្រាប់ថា មិន​បញ្ហា​ទេ ចំពោះ​សុវត្ថិភាព​ចំណីអាហារ ប៉ុន្តែ ទីតាំង​ចត​យានយន្ត​ពិតជា​គ្មាន​ទូលំទូលាយ​ទេ​។ លោក សារុន ប្រាប់​វិញ​ថា បើ​អ៊ីចឹង​មិន អនុញ្ញាត​ឲ្យ​បើក​ទេ ព្រោះ​បច្ចុប្បន្ន​តាម​ដងផ្លូវ​ត្រូវ​កកស្ទះ​ចរាចរណ៍ គឺ​ដោយសារ​ភោជនីយដ្ឋាន​មួយចំនួន បណ្តោយ​ឲ្យ​គេ​ចត​យានយន្ត​ផ្តេសផ្តាស​ពាសវាល​ពាសកាល គ្មាន​សណ្តាប់ធ្នាប់​នេះហើយ​។ លោក​សារុន​ប្រាប់​លោក​ចៅក្រម​ទៀតថា បន្ទាប់មក​ស្ត្រី​នេះ​បាន​យក​ស្រីក្មេង​មក​ឲ្យ​លោក ដើម្បី​ជា​ថ្នូរ​បើក​ភោជនីយ​ដ្ឋា​នេះ​ដដែល តែ​លោក​នៅតែ​មិន​អនុញ្ញាត​។ លោក​ថា ក្រោយ​ទៀត ស្ត្រី​នេះ​យក​ប្រាប់​រាប់ម៉ឺន​ដុល្លារ​ឲ្យ​លោក ក៏​លោក​នៅតែ​មិន​ព្រម​ហើយ​លោក​ស្នើ​ទៅ​ស្ត្រី​នេះ​វិញ តែមួយគត់ គឺ​ត្រូវមាន​ទីកន្លែង​ចត​យានយន្ត​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​ធានា​ចំពោះមុខ​ច្បាប់​ថា ភោជនីយដ្ឋាន​មួយ​នេះ នឹងមិន​ធ្វើ​ឲ្យ​កកស្ទះ​ចរាចរ ដល់​អ្នកធ្វើដំណើរ​ឆ្លង​កាត់​ទីនេះ​នោះទេ​។ សំណើ​នេះ ធ្វើ​ឲ្យ​ស្ត្រី​នេះ​ខឹង ហើយក៏​ចាក​ចេញទៅ រំ​លេង​បាន​ប៉ុន្មាន​ថ្ងៃ​លោក​ក៏​ត្រូវគេ​ចាប់ខ្លួន​ទៅ​។ លោក សារុន ពន្យល់ថា អ្នកណា​ក៏​គេ​ស្គាល់​ស្ត្រី​នេះដែរ ថា​ជា​អ្នកណា​?​។​
 
​ក្រោយពី​ពិចារណា​យ៉ាង​ហ្មត់ចត់ តុលាការ ក៏បាន​សម្រេច ដោះលែង​លោក សារុន ឲ្យ​រួចខ្លួន ប៉ុន្តែ លោក សារុន បាន​បាត់បង់​ការងារ​របស់​លោក​។ ចំណែក​ចៅក្រម​រូបនេះ ក្រោយពី​កាត់ក្តី​ឲ្យ​លោក សារុន រួចខ្លួន និង​សម្រេច​ឲ្យ​រដ្ឋ​សងជំងឺចិត្ត​លោក សារុន រួចមក លោក​ក៏​ត្រូវបាន​គេ ដកហូត​តំណែង ពី​ចៅក្រម​សាលាដំបូង​ភ្នំពេញ​ទៅ ជា​ចៅក្រម​សាលាដំបូង​ខេត្ត​វិញ​ដែរ​។​
 
​ដោយ សំរែ 
 

© រក្សាសិទ្ធិដោយ thmeythmey.com