ពីនេះ ពីនោះ
សង្គម​បំពុល​យុវជន ជា​ក្ដីបារម្ភ​សម្រាប់​អនាគតជាតិ
15, Mar 2016 , 9:59 am        
រូបភាព
ដោយ: ថ្មីៗ
​សង្គម​មានការ​ផ្លាស់ប្ដូ​រ មូលហេតុ​មកពី​តម្រូវការ​សេដ្ឋកិច្ច​របស់​មនុស្ស ការអភិវឌ្ឍ ការរីកចម្រើន​ផ្នែក​វិទ្យាសាស្ត្រ ការវិវត្ត​នៃ​នយោបាយ​ដឹកនាំ​ប្រទេស​លើ​គ្រប់​វិស័យ មានការ​ប្រែប្រួល​។ កត្តា​នេះ យើង​អាច​និយាយបានថា សម័យកាល​ផ្លាស់ប្ដូរ សង្គម​ប្រែប្រួល ចំណែក​ផ្នត់គំនិត និង​អំណាច​នៃ​ការគិត​របស់​មនុស្ស​ក៏​ចាំបាច់​ត្រូវតែ​វិ​វត្ត​ទៅមុខ​។ រីឯ យុវជន​ត្រូវបាន​គេ​ឲ្យ​តម្លៃ​ថា ជា​សសរទ្រូង​នៃ​ប្រទេសជាតិ នោះ​ក៏​មានន័យថា យុវជន​ត្រូវតែ​ខ្លាំង​។


​ប្រទេស​ល្បីល្បាញ​បំផុត សម្បូរ​ធនធានមនុស្ស មាន​អ្នកចេះដឹង​រាប់មិនអស់ មាន​បណ្ឌិត មាន​អ្នក​ប្រាជ្ញា មាន​ទស្សនវិទូ​ដែលមាន​គំនិត​ប្លែកៗ ថ្មីៗ​ដើម្បី​ជា​ទ្រឹស្ដី​នាំទៅរក​ការប្រតិបត្តិ​ជាក់ស្ដែង​។ ផ្ទុយទៅវិញ ប្រទេស នឹង​ធ្លាក់​ចុះខ្សោយ ព្រោះតែ​មនុស្ស​ជំនាន់​ក្រោយ​មិន​សម្បូរ​អ្នកមាន​សមត្ថភាព​។ 
 
​នៅ​អ៊ឺរ៉ុប ប្រទេស​នៅ​អាស៊ី​មួយចំនួន នៅ​អាមេរិក មានការ​រីកចម្រើន​លូតលាស់​ខ្លាំងក្លា​ទាំង​សេដ្ឋកិច្ច ទាំង​វិទ្យាសាស្ត្រ ទាំង​នយោបាយ​គ្រប់គ្រង​ប្រទេស ទាំង​បណ្ឌិត អ្នកប្រាជ្ញ ទស្សនវិទូ សេដ្ឋវិទូ សង្គម​វិទូ ចិត្តវិទូ គរុ​វិទូ អ្នកវិទ្យាសាស្ត្រ សម្បូរ​ឥត​ខ្វះ​។ រីឯ​យុវជន​របស់​បណ្ដា​ប្រទេស​ទាំងនេះ ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់ សមត្ថភាព​ចេះតែ​វិ​វត្ត​កាន់តែខ្លាំង​ឡើងៗ ដោយ​ការខិតខំ​ប្រឹងប្រែង​ទាំង​រដ្ឋ ទាំង​រាស្ត្រ ទាំង​យុវជន​ដើម្បី​កសាង​សង្គម​របស់គេ​។ 
 
​បរិបទ​សង្គម​កម្ពុជា ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់ ចំនួន​នៃ​អ្នកចេះដឹង​មានការ​កើនឡើង ហើយ​នោះ​គឺជា​ក្ដីសង្ឃឹម​របស់​ជាតិ​។ ប៉ុន្តែ​កម្ពុជា ក៏​សម្បូរ កម្លាំង​យុវជន​ដែល​ខ្វះ​គុណភាព ចូលចិត្ត​បន្ទោស​រដ្ឋ បន្ទោស​សង្គម មិន​ប្រឹងប្រែង បណ្ដែតបណ្ដោយ​តាម​ធម្មជាតិ អសកម្ម​ក្នុងការ​គិតពិចារណា អសកម្ម​ក្នុងការ​សិក្សា អសកម្ម​ក្នុងការ​សិក្សា​បណ្ដុះ​ពុទ្ធិ ប្រាជ្ញា​សម្រាប់​ខ្លួនឯង​។ 
​យុវជន​មួយចំនួនធំ​ចូលចិត្ត​បណ្ដែតបណ្ដោយ​អារម្មណ៍​តាម​សង្គម មាន​ស្នេហា​ទាំង​វ័យក្មេង គេច​សាលា សេព​គ្រឿងញៀន ហ្គេម ស្រា ល្បែង និង​ការ​លម្អ​កាយ​បង្ហាញខ្លួន​តាម​ឃ្លឹប​កំសាន្ត ជាជាង​ចូល​សាលា​ស្រាវជ្រាវ ឬ​ធ្វើ​ការងារ​ដែលជា​កិច្ចការ​មាន​ប្រយោជន៍​សម្រាប់​ជាតិ សម្រាប់​ខ្លួនឯង​។ 
 
​ជារួម​ដើម្បី​ឲ្យ​ប្រទេស​ខ្លាំង​បាន​លុះត្រា​ណា កម្លាំង​កសាង​ជាតិ​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់ ត្រូវតែ​អភិវឌ្ឍន៍​ខ្លួន ឲ្យ​ខ្លាំង​ជាង​មនុស្ស​ជំនាន់​ចាស់​។ យុវជន​សម័យថ្មី​ត្រូវតែ​ខ្លាំង គឺ​ខ្លាំង​ទាំង​គំនិត​វិទ្យាសាស្ត្រ គំនិត​ដឹកនាំ​គ្រប់គ្រង​ប្រទេស គំនិត​អភិវឌ្ឍន៍ មាន​ផែនការ​យុទ្ធសាស្ត្រ​ត្រឹមត្រូវ ច្បាស់លាស់ ហើយ​ថ្មី​ប្លែក​ដែល​អាចជួយ​ស្រោចស្រង់​ជាតិ​។ គេ​អាច​និយាយថា សង្គម​កំពុង​បំពុល​យុវជន តែបើ​យុវជន​មិន​ទៅ​ពុល​ជាមួយ ភាព​ទាក់ទាញ​របស់​សង្គម ក៏​ខ្លួន​មិនអាច​ទៅ​វង្វេង​ជាមួយ​សង្គម​គ្មាន​ប្រយោជន៍ មក​គិត​សកម្ម​ភាពជា​ប្រយោជន៍​វិញ​។ ក្នុងនោះ​យុវជន មិនត្រូវ​មានតែ​វោហារ​ក្នុងការ​រិះគន់ តែ​គ្មាន​សមត្ថភាព​ផ្ទាល់ខ្លួន ដែល​សង្គម​មិនអាច​យក​ប្រើ​ដើម្បី​កសាង​ជាតិ​បាន​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com