ពីនេះ ពីនោះ
យុវជនខ្សោយ និងចូលរួមការងារសង្គមតាមអារម្មណ៍
× ភ្នំពេញ៖ យុវជនស្រឡាញ់សង្គម ស្រឡាញ់យុត្តិធម៌ ស្អប់អំពើអយុត្តិធម៌សង្គម ស្អប់ការប្រព្រឹត្តអំពើពុករលួយ ទើបបង្ខំឲ្យយុវជនបច្ចុប្បន្ននាំគ្នាចូលរួមក្នុងសកម្មភាពសង្គមយ៉ាងផុសផុល។ តែមានយុវជនមួយភាគធំ បែរជាចូលរួមការងារសង្គមព្រោះតែចង់បានមុខមាត់ ចង់ល្បីឈ្មោះ ចង់បានតំណែងតួនាទី ទាំងមិនទាន់យល់ដឹងឲ្យបានច្បាស់លាស់ អំពីបញ្ញត្តិថា សង្គម រដ្ឋ រដ្ឋាភិបាល និងនយោបាយជាដើម។
ការផុសផុលរបស់យុវជន ចំពោះកិច្ចការសង្គមពិតជាក្ដីសង្ឃឹមរបស់ជាតិទាំងនៅក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។ ប៉ុន្តែសួរថា តើការចូលរួមរបស់យុវជននៅក្នុងការងារសង្គមបច្ចប្បន្ននេះមានគុណភាពហើយឬនៅ?
ច្បាស់ណាស់គេអាចមើលឃើញថា គុណភាពនៃការចូលរួមរបស់យុវជនបច្ចុប្បន្ននេះ មិនទាន់មានច្រើនឡើយ។ ព្រោះគេសង្គេតឃើញថា អំណាចនៃការចូលរួមរបស់យុវជន មិនទាន់ជះឥទ្ធិពលខ្លាំងដល់បុគ្គលអ្នកនយោបាយ និងថ្នាក់ដឹកនាំប្រទេសនៅឡើយនោះទេ។ បញ្ហាធំ គឺនៅត្រង់ថា យុវជន ខ្មែរនៅខ្វះគុណភាពនៃការគិតពិចារណា វិភាគឲ្យបានល្អិតល្អន់ មានហេតុមានផល មានភស្ដុតាង មានទឡ្ហីករណ៍ច្បាស់លាស់ ខណៈពេលដែលខ្លួនកំពុងបំពេញភារកិច្ចក្នុងកិច្ចការងារសង្គម។ ព្រោះកន្លងទៅការចូលរួមរបស់យុវជនភាគច្រើនធ្វើទៅតាមអារម្មណ៍របស់ខ្លួន។ ព្រោះពេលខ្លះអ្នកទាំងនោះពិតជាសកម្ម តែមួយរយៈពេលក្រោយស្រាប់តែបាត់ស្រមោលអ្នកសកម្មទាំងនោះអស់ទៅវិញ។
ការចូលរួមរបស់យុវជនដែលធ្វើតាមតែអារម្មណ៍របស់ខ្លួនបែបនេះ វាងាយនឹងធ្វើឲ្យយុវជនបាក់ទឹកចិត្ត និងអស់ជំនឿចិត្តលើខ្លួនឯង ខណៈពេលដែលមានបញ្ហាណាមួយកើតមានឡើងក្រោមរូបភាពល្បិចនយោបាយ ហើយយុវជនទាំងនោះមិនអាចដឹងមិនអាចយល់ មិនអាចស្គាល់ពីរបៀបដើររបស់អ្នកនយោបាយ។ ព្រោះដោយសារនៅមានភាពមិនច្បាស់លាស់ ពីអ្វីទៅដែលហៅថា នយោបាយ? ល្បិចនយោបាយ? អន្ទាក់នយោបាយ? និងការបំភ័ន្តក្នុងនយោបាយ? អ្វីដែលសំខាន់ទៅទៀតនោះ គឺមិនដឹងដោះស្រាយដោយវិធីណា? សំណួរទាំងនេះវាពិបាកកំណត់ជានិយមន័យ ប៉ុន្តែវាទាមទារឲ្យយុវជនខ្លួនឯងចេះស្វែងយល់ដោយខ្លួនឯង និងពង្រឹងជំហរដោយខ្លួនឯងតាមរយៈការប្រើប្រាស់សមត្ថភាព និងចំណេះដឹងរបស់ខ្លួន។
យុវជនត្រូវចេះគិតពីតម្លៃរបស់ខ្លួនឯង ដែលមានន័យថា យុវជនគឺត្រូវប្រើតម្លៃរបស់ខ្លួនដើម្បីបម្រើផលប្រយោជន៍ជាតិ មាតុភូមិ មិនមែនគ្រាន់តែជា យុវជនដែលហែរហម អមដំណើរអ្នកនយោបាយ ហើយត្រូវបានគេប្រើឲ្យធ្វើនេះ ធ្វើនោះក្នុងទិសដៅបម្រើឲ្យប្រយោជន៍បុគ្គលឬក្រុមណាមួយឡើយ។ ជាការពិត នៅផ្នត់គំនិតមួយចំនួនធំរបស់ប្រជាជនខ្មែរតែយល់ឃើញថា ចង់បានមេដឹកនាំល្អ សម្រាប់ជាតិសម្រាប់ប្រជាជន គឺត្រូវជ្រើសរើសបុគ្គលដែលអាចបម្រើឲ្យឆន្ទៈរាស្ត្រ កើតចេញពីការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ជាដើម។ ថ្វីត្បិតថា ចំណុចនេះ គេត្រូវការជាចាំបាច់ ប៉ុន្តែវាពិតជាមិនបានគ្រប់គ្រាន់នោះទេ។
អ្វីដែលសំខាន់ គឺត្រូវការការចូលរួមក្នុងលក្ខណៈជានិរន្ត ចូលរួមអង្គេត ចូលរួមរិះគន់បែបស្ថាបនាដោយមានដំណោះស្រាយច្បាស់លាស់ ចូលរួមកោតសរសើចំពោះស្នាដៃដែលគេបានស្ថាបនាឡើង។ គឺមិនមែនចេះតែរិះគន់ និងចេះតែសរសើនោះទេ។ ធ្វើបែបនេះគឺក្នុងទិសដៅឲ្យរបៀបនៃការដឹកនាំបានត្រឹមត្រូវ ចំណែកយុវជនខ្លួនឯងក៏អាចរក្សាជំហរខ្លួនឯង និងតម្លៃខ្លួនឯងបាន៕
© រក្សាសិទ្ធិដោយ thmeythmey.com