ជាតិ
ជនជាតិដើម​ភាគតិច សុំ​ជួប​សម្តេច ហ៊ុន សែន ដើម្បី​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហាដីធ្លី​
15, Mar 2016 , 6:20 pm        
រូបភាព
​ប្រជាពលរដ្ឋ​ជនជាតិដើម​ភាគតិច ស្នើសុំ​ជួប​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ដោយផ្ទាល់ ដើម្បី​បង្ហាញ​ពី​ទុក្ខ​កង្វល់​របស់ខ្លួន​ជុំវិញ​ការរំលោភបំពាន​ដីធ្លី​ពី​សំណាក់​ក្រុមហ៊ុន​។ ពួកគេ​នឹងដាក់​លិខិត​ទៅកាន់​លោកនាយក​រដ្ឋមន្ត្រី នៅ​ថ្ងៃទី​១៦ ខែមីនា ។

 


​តំណាង​ប្រជាពលរដ្ឋ​ជនជាតិភាគតិច នឹង​ប្រមូល​ផ្តុំគ្នា​នៅមុខ​គេហដ្ឋាន​របស់​សម្តេច ហ៊ុន សែន ក្បែរ​វិមានឯករាជ្យ ដើម្បី​ដាក់​លិខិត​សុំ​ជួប​លោក​ដោយផ្ទាល់​។ គោលបំណង​នៃ​ការសុំ​ជួប​នេះ គឺ​ដើម្បី​បាន​ឱកាស​លាតត្រដាង​នូវ​ទុក្ខវេទនា​របស់​ពួកគេ ជុំវិញ​ការ​ឈួ​ស​ឆាយ​ដីធ្លី​និង​ផ្ទះសម្បែង​ពី​សំណាក់​អ្នកមាន​លុយ មានអំណាច​។ ការសម្រេចចិត្ត សុំ​ជំនួយ​ពី​លោកនាយក​រដ្ឋមន្ត្រី ព្រោះ​ពួកគេ​យល់ថា មានតែ​លោក​ម្នាក់​ប៉ុណ្ណោះ ដែល​អាច​ដោះស្រាយ​បញ្ហា​របស់​ពួកគេ​បាន​។​

​ប្រជាពលរដ្ឋ​ជន​ជាដើម​ភាគតិច មាន​ក្តីកង្វល់​ជា​ពន់ពេក​ពី​បញ្ហាដីធ្លី ដែល​តែងតែ​រង​នូវ​ការរំលោភបំពាន​ពី​សំណាក់​អ្នកមាន​លុយ​ និង​មានអំណាច​។ ពួកគេ​អះអាងថា ប្រសិនបើ​គ្មាន​អន្តរាគមន៍​ពី​រាជរដ្ឋាភិបាល​នោះទេ នោះ​ក្រុមហ៊ុន​ នឹង​រឹតតែ​គឃ្លើន​ក្នុងការ​រុករាន​ទន្ទ្រាន​យក​ដីធ្លី របស់​ពលរដ្ឋ​ជនជាតិដើម​ភាគតិច​ ​ឥតឈប់ឈរ​។

​ការ​ឆក់យក​ដីធ្លី​ពី​សំណាក់​ក្រុមហ៊ុន​នេះ ធ្វើ​ឲ្យ​ពលរដ្ឋ​ជនជាតិដើម​ភាគតិច​រស់នៅ ​​បែកខ្ញែក​គ្នា​ជាច្រើន​កន្លែង និង​គ្មាន​លំនៅដ្ឋាន​ច្បាស់លាស់​។ ការរស់នៅ​ដោយ​គ្មាន​សហគមន៍​បែបនេះ ជាហេតុ​នាំ​ឲ្យ​បាត់បង់​អត្តសញ្ញាណ និង​ប្រពៃណី​របស់​ជន​ជន​ដើម​ភាគតិច​។​

​មុន​នឹងដាក់​ខិ​លិ​ត​ទៅកាន់​ប្រមុខ​រដ្ឋាភិបាល តំណាង​សហគមន៍​ជនជាតិដើម​ភាគ​តិ​ចំនួន​២២​នាក់ បានធ្វើ​សន្និសីទ​សារព័ត៌មាន​ស្តីពី «​ការទាមទារ​ឲ្យ​មាន​វិធានការ​ដើម្បី​សិទ្ធិ​ដីធ្លី​របស់​សហគមន៍​ជនជាតិដើម​ភាគតិច​» នៅ​ថ្ងៃទី​១៥ មីនា​នេះ​។ ពលរដ្ឋ​ជនជាតិដើម​ភាគតិច​ទាំង​២២​នាក់​នោះ តំណាង​ឲ្យ​សហគមន៍​ជនជាតិដើម​ភាគតិច​ចំនួន​១០ រួមមាន ព្នង គួ​យ ជង ស្ទៀង សួយ ពរណ៍ ប្រូ​វ ទំពួន គ្រី​ង ស្អូច ដែល​មកពី​បណ្តា​ខេត្ត​ចំនួន​១០ គឺព្រះវិហារ ស្ទឹងត្រែង ម​ណ្ឌ​គិរី រតនគិរី កោះកុង កំពង់ស្ពឺ ត្បូងឃ្មុំ ក្រចេះ កំពង់សោម ពោធិ៍សាត់​។

អ្នក​តំណាង​ទាំងនោះ បានលើកឡើង​ក្នុង​សន្និសីទកាសែត​ថា កន្លងមក​ពួកគេ​ក៏​ធ្លាប់​ស្រែក​អំពាវនាវ​ដល់​ប្រមុខ​រដ្ឋាភិបាល​ដែរ តែ​សម្តេច ហ៊ុន សែន ហាក់ដូចជា​ព្រងើយកន្តើយ និង​មិន​ចាប់អារម្មណ៍​ ចំពោះ​ការទាមទារ​របស់​ពល​រដ្ឋ​ជនជាតិដើម​ភាគតិច​ឡើយ​។ ហេតុ​ដូច្នេះហើយ ទើប​ពួកគេ​សម្រេចចិត្តថា​ត្រូវតែ​ធ្វើ​សន្និសីទ​កាសែត ដើម្បី​បើក​បង្ហាញ​ពី​បញ្ហាដីធ្លី​របស់​ជនជាតិ​ដើម​ភាគតិច និង​គ្រោង​ដាក់​លិខិត​ទៅ​ប្រមុខ​រដ្ឋាភិបាល ដើម្បី​សុំ​ជួប​ដោយផ្ទាល់​។

​ជាងនេះទៀត ប្រជាពលរដ្ឋ​ជនជាតិដើម​ភាគតិច ក៏បាន​អះអាងថា ក្រុមហ៊ុនតែងតែ​បំពាន​លើ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល និង​ច្បាប់​ភូមិបាល ព្រមទាំង​មិន​គោរព​សិទ្ធិ​ជនជាតិដើម​ភាគតិចផងដែរ​។ ដើម្បី​ទប់​ស្តា​ត់​ការរំលោភបំពាន​បែបនេះ ពួកគេបានស្នើ​ឲ្យ​រដ្ឋាភិបាល ជួយ​ព​ន្លឿ​ន​ការចុះបញ្ជី​ដី​សមូហភាព ​នៃ​សហគមន៍​ជនជាតិដើម​ភាគតិច​។ 

​សូមបញ្ជាក់ គិត​មកដល់​ពេលបច្ចុប្បន្ន​នេះ ដី​សមូហភាព​របស់​ស​ហគ​មន៍​ជនជាតិដើម​ភាគតិច​មានតែ​១១​សហគមន៍ ប៉ុណ្ណោះ ដែល​បានទទួល​បណ្ណ​កម្មសិទ្ធិ ជា​ផ្លូវការ​។ សហគមន៍​ជនជាតិដើម​ភាគតិច​ទាំងអស់ មាន​ចំនួន​៤៥៥ និង​ប្រជាជន ១៩០.០០០ នាក់ ស្មើនឹង ១.៤ ភាគរយ នៃ​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស​។ នេះ​បើតាម​របាយការណ៍​រប​ស់ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) ស្តីពី​«​ការទទួលបាន​បណ្ណ​កម្មសិទ្ធិ​ដី​សមូហភាព​របស់​សហ​គម​ន៍​ជនជាតិដើម​ភាគតិច​នៅ​កម្ពុជា​» ដែល​បាន​ចុះផ្សាយ​នៅ ខែកុម្ភៈ ឆ្នាំ​២០១៦ ៕


Tag:
 ហ៊ុន សែន​
  ជនជាតិដើម​ភាគតិច​
  ដីធ្លី​
© រក្សាសិទ្ធិដោយ thmeythmey.com