ពីនេះ ពីនោះ
ប្រជាជន​ខ្មែរ​ប្រហែល​មិនដឹងថា លេខ​៥ ជា​លេខ​សំខាន់​ជាងគេ​ក្នុង​ប្រពៃណី​ខ្មែរ
17, Mar 2016 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ តាម​ប្រពៃណី ការគោរព​លេខនា​នា ក្នុងចំណោម​លេខ​ទាំង​១០ គឺ​អាចមាន​អត្ថន័យ​ផ្សេងៗ​គ្នា​ទៅតាម​ប្រទេស ឬ​ជនជាតិ​នី​​មួយៗ​។ សម្រាប់​ប្រជាជន​ចិន និយម​ឲ្យ​តម្លៃ​ទៅលើ​លេខ ៧ និង លេខ ៨ ថា​ជា​លេខ​នាំ​សំណាង​។ ចំណែក​ប្រជាជន​ឥណ្ឌា គេ​ឲ្យ​តម្លៃ​លេខ ៣ គឺជា​លេខ​សំខាន់ ព្រោះ​ប្រជាជន​ឥណ្ឌា​គោរព​ប្រណិប័តន៍​ព្រះ​បី​អង្គ​គឺ​ព្រះព្រហ្ម ព្រះ​សិវៈ និង​ព្រះ​ឥសូរ​។ រីឯ​ប្រជាជន​ខ្មែរ​តាំងពី​សម័យអង្គរ លេខ ៥ គឺជា​លេខ​សំខាន់​ជាងគេ​ក្នុងចំណោម​លេខ​ទាំង​១០(​លេខ​០ ដល់​៩)​។



​យោងតាម​ឯកសារ​ស្រាវជ្រាវ របស់លោក​សាស្ត្រាចារ្យ ថាច់ ត្វា​ន់ មាន​ចំណងជើង​ថា «​ដើម្បី​ស្គាល់​អង្គរ​» បាន​បញ្ជាក់ថា តាម​ប្រពៃណី​ខ្មែរ លេខ​៥ គឺជា​លេខ​មួយ​ដែល​សំខាន់​ខ្លាំងណាស់​សម្រាប់​ប្រជាជន​ខ្មែរ​។ ក្នុង​ឯកសារ​នេះ​បានបញ្ជាក់​ភស្ដុតាង​មួយចំនួន​ដូចជា ប្រាសាទអង្គរវត្ត​មាន​កំពូល​ប្រាំ ព្រះមហាក្សត្រ​នៅ​សម័យអង្គរ​មាន​មហេសី​ប្រាំ​អង្គ ស្ដេច​សម័យអង្គរ​មាន​រដ្ឋមន្ត្រី​ប្រាំ​រូប បុត្រាបុត្រី​ស្ដេច​ត្រូវ​បាត់បង់​ថ្នាក់​ជា​ក្សត្រ​ពេល​ផុតពី​ប្រាំ​ដំណរ​ចុះ​ពី​ស្ដេច​ជាដើម​។

​បន្ថែម​ពី​នោះ​ទៀត ខ្មែរ​ធ្វើ​អ្វីៗ​ច្រើន​អុជ​ធូប​ប្រាំ ទៀត​ប្រាំ នៅពេលដែល​គេ​បន់ស្រន់ ឬ​ធ្វើ​ពិធីសែនព្រេន​នានា​។ អ្វីដែល​រឹតតែ​សំខាន់​ជាងនេះទៅទៀត​នោះ​លេខ ៥ ជា​លេខ​ដែល​គេ​គោរព​ដូច​ព្រះ​ក្នុង​សាសនា​។ ពីព្រោះ​លេខ​នេះ គឺជា​លេខ​សម្គាល់ ព្រះ​សិវៈ ដែល​ខ្មែរ​តែង​ហៅថា ព្រះ​ឥសូរ​។​

​មូលហេតុ​ដែល​គេ​ចាត់ទុក​លេខ​ប្រាំ​ជា​តំណាង​ឲ្យ​ព្រះ​សិវៈ ព្រោះ​ដោយសារ​ខ្លួន​របស់​ព្រះ​សិវៈ មាន​ធាតុ​ទាំងអស់​ប្រាំ​គឺ​៖ ទឹក ដី ភ្លើង ខ្យល់ និង​អាកាស​។ ធាតុ អាកាស​នេះ គឺជា​ធាតុ​មួយ​ដែល​ឥតមាន​អ្វី​ទាំងអស់​។​

​ប៉ុន្តែ​សព្វថ្ងៃនេះ ប្រជាជន​ខ្មែរ​តិច​តូច​ណាស់​ដែល​ដឹងថា លេខ​៥​គឺជា​លេខ​ដែល​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​៕

​ដកស្រង់​ពី​សៀវភៅ​៖ (​ដើម្បី​ស្គាល់​អង្គរ​, រៀបរៀង​ដោយ​សាស្ត្រាចារ្យ តាច់ ថ្វា​ន់​)
 

© រក្សាសិទ្ធិដោយ thmeythmey.com