អន្តរជាតិ
ពូ​ទីន​បញ្ជា​សង់ស្ពាន​ឆ្លង​សមុទ្រ​ខ្មៅ​ភ្ជាប់ Crimea ២​ឆ្នាំ​ក្រោយមក​រួមរស់​ជាមួយ​រុស្សី​
19, Mar 2016 , 10:40 pm        
រូបភាព
​ដល់​ថ្ងៃ ១៦​មីនា វា​មាន​រយៈពេល​ពីរ​ឆ្នាំ​ហើយ​ក្រោយពេល​រុស្ស៊ី​ក្រសោប​យក​ទឹកដី Crimea ពី​អ៊ុយ​ក្រែ​ន​។ ក្នុង​ខួប​គម្រប់​ពីរ​ឆ្នាំនេះ លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បានដាក់​បញ្ជា​ឲ្យ​មានការ​សាងសង់​ស្ពាន​ឆ្លង​សមុទ្រ​ខ្មៅ​ភ្ជាប់​រុស្ស៊ី​ទៅ​ឧបទ្វីប Crimea ។ ស្ពាន​ភ្ជាប់ Crimea ជាមួយ​រុស្ស៊ី​នេះ នឹង​ជំរុញ​ការផ្សាភ្ជាប់​សាច់ឈាម​និង​សមាហរណកម្ម​ Crimea ចូល​ជា​ផ្នែក​មួយ​នៃ​សហព័ន្ធរុស្ស៊ី​ពេញលេញ​។​


 
​ធ្មេច​បើកៗ ទឹកដី Crimea ត្រលប់មក​ក្លាយជា​ផ្នែក​មួយ​នៃ​សហព័ន្ធរុស្ស៊ី​អស់ពីរ​ឆ្នាំ​ទៅហើយ​។ ក្នុង​ង​ខួប​គម្រប់​ពីរ​ឆ្នាំនេះ ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បានផ្តល់​អំណោយ​ដ៏​ធំ​មួយ​សម្រាប់​ប្រជាជន Crimea ដែល​អំណោយ​នោះ​គឺ​ការសាងសង់​ស្ពាន​ភ្ជាប់​ពី​រុស្ស៊ី​ឆ្លង​សមុទ្រ​ខ្មៅ​ទៅ​ឧ​ប​ទ្វី Crimea នេះ​។​
 
​ពូ​ទីន សង់ស្ពាន​ផ្សា​សាច់​ផ្សា​ឈាម​ជាមួយ Crimea ក្រោយ​បែក​គ្នា ៦​ទសវត្សរ៍​

​​លោក ពូ​ទីន បាន​ហៅ​ការ​ត្រលប់​មកវិញ​នៃ​ទឹកដី Crimea ថា​ជាការ​រួបរួម​ផ្សា​សាច់​ផ្សា​ឈាម​ជាមួយគ្នា​វិញ ហើយ​លោក​បាន​ចុះទៅ​ត្រួតពិនិត្យ​ទីតាំង​សាងសង់​ស្ពាន​ដោយផ្ទាល់​នៅ​ថ្ងៃ​សុក្រ​ទី ១៨ មីនា​ម្សិលមិញ​នេះ​។​
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ស្ពាន​ដែល​កំពុង​ត្រូវគេ​សាងសង់​នេះ​មាន​ចម្ងាយ ១៩​គីឡូម៉ែត្រ ឆ្លង​ពី​ជ្រោយ Kerch នៃ​ឧបទ្វីប Crimea មកកាន់​តំបន់​ភាគខាងត្បូង រុស្ស៊ី​។ លោក ពូ​ទីន ជឿជាក់ថា ស្ពាន​ថ្មី​នឹង​ផ្សា​សាច់​ផ្សា​ឈាម Crimea ជាមួយ​សហព័ន្ធរុស្ស៊ី និង​ជំរុញ​ការ​សមាហរណកម្ម​ស៊ីជម្រៅ​ទៀតផង​។​អាច​ថា វា​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​សម្រាប់​ប្រជាជាតិ​រុស្ស៊ី​ដែរ ព្រោះ​រុស្ស៊ី​បាន​បាត់បង់ Crimea នៅក្នុង​ឆ្នាំ ១៩៥៤​។ ហើយ​ការ​ទាញ Crimea មកវិញ និង​បញ្ចូល​ឧបទ្វីប​នេះ​ក្នុង​ផែនទី​រុស្ស៊ី​ជា​បេសកម្ម​លំបាក​បំផុត​មួយ​ដែល​បុព្វបុរស​រុស្ស៊ី​ព្យាយាម​សម្រេច​ឲ្យ​បាន​កន្លងមក​។​
 
​ថ្លែង​ក្នុងពេល​ទស្សនកិច្ច​កន្លែង​សាងសង់ លោក​ថា​៖« បុព្វបុរស​យើង និង​បុព្វបុរស​អ្នក យល់​ពី​សារសំខាន់​នៃ​ស្ពាន​។ ដូច្នេះ ស​ង្ឃឹ​ថា​យើង​នឹង​បំពេញ​បេស​សកម្ម​ប្រវត្តិសាស្ត្រ ហើយ​ស្របពេល​ជាមួយគ្នា​នោះ​យើង​មិនចាំបាច់​ឆ្ងល់​ទេ​ថា ស្ពាន​នេះ​នឹង​ប​ង្កើ​នូវ​ឱកាស​យ៉ាងច្រើន​សម្រាប់​កំណើនសេដ្ឋកិច្ច​»​។​
 
​តាំងពី​រៀបចំ​ប្រជាមតិ​ថ្ងៃ ១៦​មីនា ឆ្នាំ ២០១៤ ចាក​ចេញពី​អ៊ុយ​ក្រែ​ន​មក​រួមរស់​ជាមួយ​រុស្ស៊ី  ឧបទ្វីប​Crimea ហាក់បីដូចជា​ប្រឈម​បញ្ហា​ច្រើន​ជាពិសេស​សេដ្ឋកិច្ច​ដោយសារ​ទឹកដី​នេះ​នៅ​ឆ្ងាយ​ពិបាក​ឆ្លងកាត់​និង​បង្កើត​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​រុស្ស៊ី​។ ហើយ​ទណ្ឌកម្ម​សហគមន៍​អន្តរជាតិ​ជាពិសេស​លោកខាងលិច​នោះ​ក៏​ជា​បន្ទុក​ធ្ងន់​សម្រាប់​ប្រជាជន​នៃ​ទឹកដី Crimea នេះដែរ​។​
 
​ដូច្នេះ​ការសាងសង់​ស្ពាន​នេះ​នឹង​ក្លាយជា​ប្រយោជន៍​សំខាន់​សម្រាប់​រុស្ស៊ី​ផង និង​ប្រជាជន​ដែល​រស់​នៅលើ​ឧបទ្វីប Crimea ផងដែរ ព្រោះ​វា​ជំរុញ​ឲ្យ​ការផ្សាភ្ជាប់​កើនឡើង​រវាង​ប្រជាជន​និង​ប្រជាជន ជាពិសេស​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម​។ វា​ក៏​ជា​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ក្រេ​ម​ឡាំង​ផងដែរ ដើម្បី​បំពេញចិត្ត​ប្រជាជន Crimea និង​ការពារ​កុំ​ឲ្យ​លោកខាងលិច​ជ្រៀតជ្រែក​ក្នុង​បញ្ហា​នេះ​ទៀត ព្រោះ​កន្លងមក​គេ​ថ្កោលទោស​រុស្ស៊ី​ថា​រំលោភច្បាប់​អន្តរជាតិ​និង​ទាត់ចោល​លទ្ធផល​ប្រជាមតិ​ផង​។​
 
​ថ្វីបើ​ស្ពាន​នេះ​វា​សំខាន់​មែន​សម្រាប់​ផ្សា​សាច់​ផ្សា​ឈាម និង​ប្រយោជន៍​សេដ្ឋកិច្ច ការសង់​ស្ពាន​នៅពេលនេះ​ក្លាយជា​បន្ទុក​ធ្ងន់​ថែមទៀត​សម្រាប់​រដ្ឋាភិបាល​ក្រេ​ម​ឡាំង​។ បើតាម​គម្រោង ការសង់​ស្ពាន​នេះ​ចំណាយ​ថវិការដ្ឋ​អស់​ប្រហែល​ជាង ៣​ពាន់​លាន​ដុល្លារ​អាមេរិក​ឯណោះ​។ វា​ជា​បន្ទុក​ធ្ងន់​ក៏​ដោយសារតែ​រុស្ស៊ី​កំពុង​ត្រដាបត្រដួស​ព្រោះ​វិបត្តិ​សេដ្ឋកិច្ច ប្រេង​ធ្លាក់​ថ្លៃ​ខ្លាំង និង​ទណ្ឌកម្ម​លោកខាងលិច​ដែល​រួមរឹត​វិស័យ​ជំនួញ និង​ពាណិជ្ជកម្ម​រុស្ស៊ី​ពីរ​ឆ្នាំ​មកនេះ​។ ដូច្នេះហើយ គម្រោង​លោក ពូ​ទីន ប្រហែលជា​ធ្វើ​ឲ្យ​ជនជាតិ​រុស្ស៊ី​មិនតិច​ដែរ ដែល​មិន​ពេញចិត្ត​។​
 
​ហេតុអ្វី ឧបទ្វីប Crimea សក្តិ​សមជា​ទឹកដី​រុស្ស៊ី​ជាជាង​អ៊ុយ​ក្រែ​ន​?
​ទោះ​ព្រឹត្តិការណ៍​កន្លងទៅ ២​ឆ្នាំ​ក៏ដោយ វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន​មិនទាន់​បញ្ចប់​ឡើយ  បើទោះបីជា​ពាក្យ​ថា Crimea មិនសូវ​ត្រូវបាន​គេ​លើក​យកមក​និយាយ​ដូច​មុន​ក៏ដោយ​។ ការ​ក្រសោប​យក Crimea កន្លងមកនេះ បាន​ជំរុញ​ឲ្យ​លោកខាងលិច​ចេញមុខ ថ្កោលទោស​រុស្ស៊ី​ឥត​ដាច់​ហើយ​និង​ចោទថា រុស្ស៊ី​បាន​រំលោភ​អធិបតេយ្យ ឈ្លានពាន លេប​ទឹកដី​អ៊ុន​ក្រែ​ន​ទាំង​ងងើល  និង​បំពាន​ច្បាប់​អន្តរជាតិ​មិនអាច​ប្រកែក​បានឡើយ​។ តាមពិតទៅ​មាន​ហេតុផល​ច្រើនយ៉ាង​ទាក់ទិន​បញ្ហា នយោបាយ សេដ្ឋកិច្ច វប្បធម៌ សាសនា ដែល​បញ្ជាក់​ទឹកដី Crimea គួរតែ​ក្លាយជា​ផ្នែក​មួយ​របស់​រុស្ស៊ី​។ ប៉ុន្តែ​នេះ​មិនមែន​មានន័យថា វា​ជា​គំនិត​គាំទ្រ​គោលនយោបាយ​វៀតទី​និយម​របស់​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន នោះឡើយ ។ ហេតុផល​មាន​ដូចខាងក្រោម​៖
 
១. Crimea ធ្លាប់ជា​ទឹកដី​រុស្ស៊ី​អស់​ពេល​១៧១​ឆ្នាំ​
 
​ទាក់ទង​បញ្ហា​ប្រវត្តិសាស្ត្រ  ទឹកដី Crimea ធ្លាប់​ស្ថិតក្រោម​ការកាន់កាប់រ​បស់​រុស្ស៊ី​អស់​ពេល​ជិត ២០០​ឆ្នាំ ដោយ​ទឹកដី​នេះ​សម្រេច​ភ្ជាប់​ខ្លួន​ជាមួយ​រុស្ស៊ី​ក្នុង​ឆ្នាំ ១៧៨៣ ។ ក្នុងពេលដែល​តំបន់​ស្វយ័ត​មួយ​នេះ​ស្ថិតក្រោម​ការកាន់កាប់រ​បស់​រុស្ស៊ី ប្រជាជន​ភាគច្រើន​បាន​បង្កើត​ទំនាក់ទំនង​ជិតស្និទ​ទាំង​វប្បធម៌ សាសនា ប្រពៃណី និង​ភាសា​ផង​រួមគ្នា​ជាមួយ​ប្រជាជន​ក្នុង​តំបន់​ផង​។ ម្យ៉ាង​ទាក់ទិន​បញ្ហា​ជនជាតិ​ដែល​រស់នៅ Crimea ក៏​ជា​កត្តា​មួយ​ដែល​អាច​សន្និដ្ឋានថា Crimea គួរតែ​ជា​ផ្នែក​មួយ​នៃ​រុស្ស៊ី​ជាជាង​អ៊ុយ​ក្រែ​ន​ដែរ​។ រហូតដល់​ថ្ងៃ​ផ្តាច់ខ្លួន​ចេញពី​អ៊ុយ​ក្រែ​ន ក្នុងចំណោម​ប្រជាជន​សរុប ១.៩​លាន​នាក់​ដែល​រស់នៅក្នុង​តំបន់ Crimea មាន​ប្រជាជន​ជនជាតិ​រុស្ស៊ី រហូតដល់​ជាង​៦០​ភាគរយ ខណៈពេលដែល​ជនជាតិ​អ៊ុយ​ក្រែ​ន​មាន​ប្រហែល ២០​ភាគរយ​ប៉ុណ្ណោះ​។ ដូច្នេះ​បានជា​ប្រជាជន​រស់នៅ​ទីនោះ​មាន​មនោសញ្ចេតនា​ជាមួយ​រុស្ស៊ី​ជាជាង​ជាមួយ​អ៊ុយ​ក្រែ​ន​។ 
 
២.​ទឹកដី Crimea ត្រឹម​ជា​អំណោយ​របស់​សហភាពសូវៀត​ដល់​អ៊ុយ​ក្រែ​ន​
 
​នៅ​ឆ្នាំ ១៩៥៤ ប្រធានាធិបតី​សូ​វៀត​ដែល​ទើប​ឡើងកាន់តំណែង​បន្ត​ពី​លោក ស្តា​លីន លោក Nikita Khrushchev បានសម្រេច​ប្រគល់​ទឹកដី​នេះ ទៅអោយ​រដ្ឋ​សមាជិក​សហភាពសូវៀត​អ៊ុយ​ក្រែ​ន​។ កាលនោះ​មេដឹកនាំ​កំពូល​បក្ស​កុម្មុយនីស្ត​រូបនេះ​សម្រេចចិត្ត​តែ ១៥​នាទី​ប៉ុណ្ណោះ​ដើម្បី​សម្រេច​កាត់​ដី​មួយ​ដុំ​នេះ​អោយ​អ៊ុយ​ក្រែ​ន ដោយសារ​ចង់បង្ហាញ​ពី​ការអបអរសាទរ​ក្នុង​ខួប​បី​រយ​ឆ្នាំ នៃ​ការចូលរួម​នៃ​ទឹកដី​អ៊ុយ​ក្រែ​ន​ជាមួយ​ចក្រភព​រុស្ស៊ី​។ បើតាម​ការ​អោយដឹងពី​ចៅស្រី​របស់​មេដឹកនាំ​Khrushchev ដែល​បច្ចុប្បន្ន​ជា​សាស្ត្រាចារ្យ​កិច្ចការបរទេស​នៅ​ទីក្រុង ញូវយ៉ក Nina Khrushcheva​លោកតា​របស់​លោកស្រី​មាន​មនោសញ្ចេតនា​ពិសេស​ជាមួយ​អ៊ុយ​ក្រែ​ន​។ លោក​ធ្លាប់​រស់នៅ​និង​បម្រើ​ការងារ​នៅ​អ៊ុយ​ក្រែ​ន​អស់​រយៈពេល​ជា​យូរ​ឆ្នាំ រហូត​មាន​ភរិយា​ជា​ជនជាតិ​អ៊ុយ​ក្រែ​ន​ផង​។ 
 
៣.​មេដឹកនាំ​សូ​វៀត​មិន​រំពឹងថា​សូ​វៀត​ដួលរលំ​ឡើយ​
 
​បើសិនជា​មេដឹកនាំ​សូ​វៀត​ខាងលើ​ដឹង​មុន​ថា​សូ​វៀត​នឹង​រលំរលាយ​នោះ លោក​មិន​សម្រេចចិត្ត​ផ្តល់​ដី​ដែលជា​តំបន់​យុទ្ធសាស្ត្រ​នេះ​ទៅអោយ​អ៊ុយ​ក្រែ​ន​នោះឡើយ​។ មេដឹកនាំ​សូ​វៀត គិតថា បើទោះបីជា​ខ្លួន​កាត់​ដី​ពី​រុស្ស៊ី​អោយ​អ៊ុយ​ក្រែ​ន​ក៏ដោយ ក៏​មិនមាន​បញ្ហា​អ្វី​ដែរ ព្រោះ​រដ្ឋ​ទាំងនោះ​សុទ្ធតែ​ស្ថិតក្រោម​អំណាច​សហភាព​សូ​វៀត​តែមួយ​។ ប៉ុន្តែ​មិនទាន់​ដល់​បួន​ទសវត្ស​ស្រួលបួល​ផង ក្រោយ​លោក Khrushchev ផ្តល់​អំណោយ​ជា​ទឹកដី Crimea ទៅ​អ៊ុយ​ក្រែ​ន សហភាពសូវៀត​ក៏​ដួលរលំ​ទៅ ហើយ Crimea ក៏​ក្លាយជា​ទឹកដី​អ៊ុយ​ក្រែ​ន​តែម្តង​។ 
 
៤.​មេដឹកនាំ​សូ​វៀត​មិនបាន​ប្រឹក្សា​យោបល់​មុន​កាត់​ដី​អោយ​អ៊ុយ​ក្រែ​ន​
 
​ដូចដែល​បានលើកឡើង​ខាងដើម​ស្រាប់ ប្រមុខរដ្ឋ​សូ​វៀត​ចំណាយពេល​ត្រឹម ១៥​នាទី​ប៉ុណ្ណោះ មុន​សម្រេច​ផ្តល់ Crimea ដល់​អ៊ុយ​ក្រែ​ន​។ នៅ​ថ្ងៃ ២៥ មករា ឆ្នាំ ១៩៥៤ លោក Nikita Khrushchev បាន​ថ្លែងប្រាប់​សហសេវិក​លោក​ថា លោក​ចង់​ផ្តល់​ទឹកដី​ឧបទ្វីប Crimea ទៅកាន់​អ៊ុយ​ក្រែ​ន​ក្នុងពេល​ហូប​អាហារ​ថ្ងៃត្រង់​។  គ្មាន​សមាជិក​បក្ស​ណាមួយ​ហ៊ាន​តវ៉ា​ឡើយ បើទោះជា​មិនមែន​រាល់​សមាជិក​បក្ស​យល់ស្រប​តាម​សំណើរ​របស់លោក​ក៏ដោយ ព្រោះ​ពាក្យសម្តី​ប្រធាន​បក្ស​មិន​ខុសពី​ច្បាប់​ឡើយ​។ 
 
៥. រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​មិនសូវ​អើពើ​ប្រជាជន​នៅ Crimea
 
Crimea មិនត្រូវ​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​យកចិត្តទុកដាក់​នោះឡើយ​។ ក្នុង​ក្របខណ្ឌ​ជា​តំបន់​ស្វយ័ត បញ្ហា​ជាច្រើន​កើតមានឡើង​នៅក្នុង​តំបន់ Crimea នោះ មាន​ទាំង​បញ្ហា​បរិស្ថាន សេដ្ឋកិច្ច និង​ការគ្រប់គ្រង​។ បើ​និយាយ​ពី​បញ្ហាសំខាន់​មួយទៀត​នោះ គឺ​ជម្លោះសាសនា​កើតឡើង​ជារឿយៗ រវាង​ក្រុម​ជនជាតិ​រុស្ស៊ី និង​ក្រុម​ជនជាតិ​ស្លាម Tatar ដែល​រស់នៅក្នុង​តំបន់​នោះ​។ រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​មិនបាន​ធ្វើ​អ្វី​បន្តិច​សោះ​ក្នុងការ​ទប់ស្កាត់​ឬ​ដោះស្រាយ​ជម្លោះ​នេះ ហើយ​ប្រជាជន​រុស្ស៊ី​នៅ Crimea បានចាត់ទុក​ទង្វើ​ររ​ដ្ឋា​ភិ​បាល​អ៊ុយ​ក្រែ​ន​ជាការ​រើសអើង​ពូជសាសន៍​ផងដែរ​៕

© រក្សាសិទ្ធិដោយ thmeythmey.com