ពីនេះ ពីនោះ
កូន​បោះ​របស់​ផ្តេសផ្តាស គួរ​ធ្វើ​ដូចម្តេច​?
22, Mar 2016 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​មានកូន​ក្មេង​មួយចំនួន​ចូលចិត្ត​បោះ​របស់​លេង​ផ្តេសផ្តាស​ណាស់​នៅពេលដែល​លេង ជា​ហេតុដែល​អាចធ្វើ​ឲ្យ​អ្នក​ម្តាយ​ឈឺក្បាល​ជាខ្លាំង ដោយសារតែ​ត្រូវតែដើរ​រើស​នៅ​គ្រប់​ទីកន្លែង​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​វិធី​ក្នុង​ការធ្វើ​ឲ្យ​កូន​មិន​បោះ​របស់​ទាំងនោះ​។ តើ​មាន​អ្វី​ខ្លះទៅ​?



​ស្វែងយល់​ពី​ទង្វើ​របស់​កូន​
​នៅពេលដែល​កូន​បោះ​របស់​ផ្សេងៗ​ផ្តេសផ្តាស អ្នក​ត្រូវតែ​ស្វែងយល់​ពី​ទង្វើ​របស់គេ​ជាមុនសិន​ថា​គេ​មានបំណង ឬ​គ្មាន​បំណង​។ ប្រសិនជា​គេ​មានបំណង​ក្នុង​ការបោះ​ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​អ្នកដទៃ អ្នក​ត្រូវតែ​ណែនាំ និង​អប់រំ​គេ​ពី​របៀប​ផ្សេងៗ​ក្នុងការ​ធ្វើ​ឲ្យ​អ្នកដទៃ​ចាប់អារម្មណ៍ ដោយ​មិនមែន​ប្រើ​វិធី​ទាំង​នោះឡើយ​។​

​អ្នក​ត្រូវតែ​រក្សា​ចិត្តស្ងប់​
​មានកូន​ក្មេង​ខ្លះ​នៅពេលដែល​ចោល​របស់​ត្រូវ​អ្នកដទៃ អ្នក​ម្តាយ​តែងតែ​ខឹងច្រលោត ដែល​អាចធ្វើ​ឲ្យ​កូន​កាន់តែ​ចង់​ធ្វើបែបនេះ​ទៀត ដូចនេះ​អ្នក​ត្រូវតែ​រក្សា​ចិត្ត​ឲ្យ​ស្ងប់ ដើម្បី​ដោះស្រាយ​ដោយ​មឿង​ម៉ាត់ ហើយ​ដាក់ទោស​កូន​ប្រសិនជា​គេ​មាន​ចេតនា​ក្នុង​ការធ្វើ​។​

​ពិភាក្សា​ជាមួយ​កូន​
​អ្នក​ត្រូវតែ​ប្រើពាក្យ​ងាយស្រួល​មួយចំនួន​ដើម្បី​និយាយ​ពិភាក្សា​ជាមួយ​កូន​ពី​ទង្វើ​របស់គេ ដោយ​អ្នក​អាច​ណែនាំ​ប្រាប់​គេ​បាន​ថា​របស់​ទាំងនោះ​គឺ​គេ​ប្រើ​មកលេង​ទេ ដោយ​មិនមែន​យកមក​បោះ​ផ្តេសផ្តាស​នោះឡើយ ហើយ​អ្នក​ត្រូវតែ​ធ្វើជា​គំរូ​ល្អ​ដល់​គេ ទើប​គេ​មិន​ធ្វើ​ទៀត​។​

​មានចិត្ត​អំណត់​
​កូន​គឺ​មិនអាច​ឆ្លងកាត់​រយៈពេល​មួយថ្ងៃ ហើយ​មិន​បោះ​ប្រដាប់ប្រដា​ល់លេង​ផ្តេសផ្តាស​នោះទេ ដូចនេះ​អ្នក​ត្រូវតែ​មានចិត្ត​អំណត់​ក្នុងការ​កែប្រែ​កូន ទើប​កូន​អាច​បញ្ឈប់​ទង្វើ​ទាំ​នោះបាន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com