ពីនេះ ពីនោះ
តើ រាជាធិបតេយ្យ, អភិជនាធិបតេយ្យ, អំណាចផ្ដាច់ការ,និង ប្រជាធិបតេយ្យ ខុសគ្នាដូចម្ដេច?
× ភ្នំពេញ៖ ជាទ្រឹស្ដី និងគំនិត របៀបនៃការដឹកនាំ គ្រប់គ្រងសង្គម គឺមានចាប់តាំងពីសម័យបុរាណ។ ជាពិសេសគឺសម័យកាលនៃភាពល្បីល្បាញរបស់ទស្សនវិទូក្រិកបុរាណ ដូចជាសូក្រាត ប្លាតុង អារីស្តូត និងទស្សនវិទូក្រោយៗមកជាបន្តបន្ទាប់។ ការគិតរបស់ជនល្បីទាំងនោះបានបែងចែកទម្រង់រដ្ឋាភិបាលបួនប្រភេទគឺ រាជាធិបតេយ្យ អភិជនាធិបតេយ្យ ប្រជាធិបតេយ្យ និង ទម្រង់រដ្ឋាភិបាលបែប ផ្ដាច់ការ។ តើអ្វីជាភាពខុសគ្នារបស់ទម្រង់រដ្ឋាភិបាលទាំងនេះ?
ចំពោះទម្រង់រដ្ឋាភិបាលរាជាធិបតេយ្យ គឺជាទម្រង់មួយរបស់រដ្ឋាភិបាល ដែលអំណាចខ្ពស់បំផុតនៅក្នុងកណ្ដាប់ដៃរបស់មនុស្សតែម្នាក់។ ចំពោះមេដឹកនាំក្នុងទម្រង់រដ្ឋាភិបាលបែបនេះ គឺគេមិនគិតពីតំណែង ដែលទទួលបានយ៉ាងដូចម្ដេចឡើយ ទោះបីតាមរយៈការដណ្ដើមរាជ្យ ជ្រើសតាំង ឬតំណពូជក៏ដោយ។ ក្នុងទម្រង់រដ្ឋាភិបាលនេះ អ្នកគ្រប់គ្រងអនុវត្តអំណាចផ្ដាច់ការ។ ស្ដេចជាប្រធាននីតិបញ្ញត្តិផង នីតិប្រតិបត្តិផង និងតុលាការផង។ ចំណែកឆន្ទៈផ្ទាល់របស់ស្ដេច គឺជាកត្ដាលុបលើការគ្រប់គ្រងរបស់រដ្ឋទាំងមូល។
ចំណែក អភិជនាធិបតេយ្យ គឺជាទម្រង់មួយរបស់រដ្ឋាភិបាល ដែលអំណាចនយោបាយ ស្ថិតនៅលើមនុស្សមួយចំនួនតូច ដែលគេហៅថា អភិជន។ សមាជិកទាំងឡាយនៃសង្គមនេះ ត្រូវកំណត់លើមូលដ្ឋាន កំណើត ទ្រព្យសម្បត្តិ ការអប់រំយោធា ឬអំណាចជាពុប្វជិត ឬជាការរួមផ្សំកត្តាទាំងអស់នេះ។ ក្រុមនេះជាវណ្ណៈគ្រប់គ្រង ដែលអាចជ្រើសតាំងឲ្យឡើងអំណាចគ្រប់គ្រងធំធេង។ ចំណែកឯមហាជន ប្រជាជន មិនមានការចូលរួមចំណែកក្នុងការគ្រប់គ្រង ឲ្យមានប្រសិទ្ធភាពឡើយ។ យ៉ាងណាម៉ិញ សាធារណៈមតិមិនមានឥទ្ធិពលលើអ្នកគ្រប់គ្រងទាំងនេះឡើយ ហើយសិទ្ធិសម្រេចភាគច្រើន ត្រូវបានកំណត់ដោយអ្នកដឹកនាំភាគតិចនេះតែប៉ុណ្ណោះ។
ទម្រង់រដ្ឋាភិបាលមួយទៀត គឺ អំណាចផ្ដាច់ការ។ ទម្រង់រដ្ឋាភិបាលនេះ បដិសេធរាល់លទ្ធិភាគច្រើន ដែលមានលក្ខណៈជាប្រជាធិបតេយ្យ។ វាជាប្រព័ន្ធរដ្ឋាភិបាលមួយ ដែលមានគណបក្សតែមួយរួមផ្សំដោយមនុស្សភាគតិច មានវិន័យល្អ និងបុគ្គល ដែលមានអំណាចជាប្រធានរដ្ឋាភិបាល។ ក្នុងទម្រង់រដ្ឋាភិបាលនេះ រាល់ទស្សនៈនយោបាយ និងការសំដែងមតិរបស់សាធារណជន ត្រូវគ្រប់គ្រងយ៉ាងតឹងរឹង តាមរយៈបញ្ចុះបញ្ចូល ឃោសនា និងប៉ូលីសយាមល្បាត ។ ទម្រង់ រដ្ឋាភិបាលបែបផ្ដាច់ការ គឺរដ្ឋមានតម្លៃជាងបុគ្គល ហើយគោរពកាតព្វកិច្ច និងភារកិច្ច ជាងសិទ្ធិ និងសេរីភាព។ បន្ថែមពីនេះចំពោះសិទ្ធិ និងសេរីភាពត្រូវបានគេគាបសង្កត់។
យ៉ាងណាម៉ិញ ចំពោះទម្រង់រដ្ឋាភិបាលបែប ប្រជាធិបតេយ្យ អាចនិយាយបានថា ជាទម្រង់រដ្ឋាភិបាលមួយដែលល្អជាងគេ ក៏ប៉ុន្តែមិនមែនមានន័យថា ឥតខ្ចោះនោះទេ។ ប្រជាធិបតេយ្យ គឺជាទម្រង់របស់រដ្ឋាភិបាល ដែលសំឡេងរបស់ប្រជាជនភាគច្រើន មានឥទ្ធិពល និងអំណាចនៅក្នុងការគ្រប់គ្រងរដ្ឋ។ ទម្រង់រដ្ឋាភិបាលបែបនេះ គាំទ្រសមភាពខាងនយោបាយ ហើយប្រឆាំង និងទស្សនវណ្ណៈសង្គមណាមួយ ដែលមានអភ័យឯកសិទ្ធិពិសេស ឬមានអំណាចនយោបាយផ្ដាច់មុខ នៅក្នុងលទ្ធិប្រជាធិបតេយ្យ ប្រជាជនគឺជាម្ចាស់ប្រទេស ហើយច្បាប់ដែលសម្ដែងនូវមនោសញ្ចេតនារបស់សាធារណជន គឺជាមាគ៌ាសម្រាប់ទំនាក់ទំនងរវាងពលរដ្ឋរបស់រដ្ឋ រួមទាំងអ្នកដែលបានប្រគល់អំណាចឲ្យចាត់ចែងកិច្ចការទាំងអស់របស់រដ្ឋ៕
ដកស្រង់ពីសៀវភៅ៖ (ទស្សនវិជ្ជា, សាស្ត្រាចារ្យ ញ៉ឹម បាក់ងន)
© រក្សាសិទ្ធិដោយ thmeythmey.com