ព័ត៍មានសុខភាព
ចង់​ឲ្យ​កូន​កើតមក “​ខ្ពស់​សង្ហារ​” ស្ត្រី​មាន​ផ្ទៃពោះ គួរ​ញ៉ាំ​អ្វីខ្លះ​?
26, Apr 2020 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
 
​តើ​អ្នកមាន​កម្ពស់​ប៉ុន្មាន​ដែរ​? ១,៥០ ឬ ១,៧០ ម៉ែត្រ​? ប្រសិនបើ​អ្នក មាន​កម្ពស់​ខ្ពស់ អ្នក​មិនសូវ​ខ្វល់ខ្វាយ អំពី​កម្ពស់​របស់​កូន​ទេ ប៉ុន្តែ បើ​អ្នកទាប​បន្តិច​វិញ យើង​ធានាថា អ្នក​ច្បាស់​ជា​ភ័យ​បុក​ពោះ ពេល​កូន​កើតមក​ហើយ ពីព្រោះ អ្នក​មិន​ចង់ឃើញ​កូន មាន​កម្ពស់​ទាប ឬ​កន្តឿ​ដូច​អ្នក​ឡើយ​។​


 
​អញ្ចឹង តើ​មាន​វិធី​អ្វីខ្លះ ដែល​អាច​ដោះស្រាយ ទុក្ខ​កង្វល់​របស់​អ្នក​បាន​? គ្មាន​ចម្លើយ​ពិតប្រាកដ ហើយក៏​គ្មាន​គ្រូពេទ្យ​ណា ហ៊ាន​ធានា​អះអាងថា អាចជួយ​អ្នក​បានដែរ ពីព្រោះ កម្ពស់​របស់​កូន អាច​ជាប់ទាក់ទង នឹង​កត្តា​ហ្សែ​ន​របស់​ឪពុកម្តាយ​។ ប៉ុន្តែ ក្នុងករណី​មួយចំនួន កត្តា​ចំណីអាហារ​របស់​ម្តាយ ពិតជា​អាចជួយ​ឲ្យ​កូន​របស់​អ្នក មាន​កម្ពស់​ខ្ពស់ជាង​ធម្មតា​បាន​មែន​។​
​យ៉ាងណាមិញ ចំណីអាហារ ដែល​អាចជួយ​ឲ្យ​កូន​អ្នក មាន​កម្ពស់​ខ្ពស់​នោះ មានដូចជា ៖
 
១. ទឹកដោះគោ ៖ សម្បូរ​ជាតិ​កាល់ស្យូម ដែល​ជួយ​ដល់ ការលូតលាស់​របស់​ឆ្អឹង​
២. បន្លែ និង​ផ្លែឈើ​ស្រស់ ៖ សម្បូរ​ជាតិ​វីតាមីន ជាតិ​សរសៃ ប៉ូ​តា​ស្យូ​ម និង​ហ្វូ​ឡា​ត ដែលជា​តម្រូវ​ការចាំបាច់ សម្រាប់​ការលូតលាស់​រាងកាយ និង​ប្រាជ្ញា​ស្មារតី​
៣. គ្រាប់​ធញ្ញជាតិ ៖ សម្បូរ​ជាតិ​សរសៃ ជាតិ​ដែក វីតាមីន ម៉ាញេស្យូម និង​សេ​ឡេ​ញ៉ូ​ម​
៤. អាហារ​ធ្វើ​ពី​ស្រូវ​អូក ៖ ជា​ប្រភព​ដ៏​ល្អ នៃ​ជាតិ​ប្រូតេអ៊ីន ដែល​ជួយ​ដល់​ការលូតលាស់ របស់​សាច់ដុំ និង​កាត់បន្ថយ​ជាតិ​ខ្លាញ់​
៥. ស៊ុត ៖ សម្បូរ​ទៅដោយ​ប្រូតេអ៊ីន និង​វីតាមីន B12
៦. សណ្តែកសៀង ៖ ជួយ​ដល់​ការលូតលាស់​របស់​ឆ្អឹង​
៧. សាច់មាន់ និង​សាច់គោ ៖ សម្បូរ​ប្រូតេអ៊ីន ដែល​ជួយ​ដល់​ការលូតលាស់ របស់​រាងកាយ ជាពិសេស គឺ​សាច់ដុំ​
៨. ត្រី ៖ ដូចជា ត្រី​សាល​ម៉ុ​ន និង​ត្រី​ធូ​ណា ពីព្រោះ វា​សម្បូរ​វីតាមីន D និង​ប្រូតេអ៊ីន​។​
 
​បើ​ដឹង​អំពី អត្ថប្រយោជន៍​ទាំងនេះហើយ ចូរ​អ្នក​ញ៉ាំ​វា​ឲ្យ​បាន​ច្រើន ហើយ​លើកទឹកចិត្ត ឲ្យ​កូន​របស់​អ្នក បន្ត​ញ៉ាំ​វា​ផងដែរ ក្រោយពេល​គេ​ធំ​។ ក្រៅពីនេះ ការហាត់​ប្រាណ ក៏​អាចជួយ​ឲ្យ​រាងកាយ​កូន​របស់​អ្នក មាន​ភាពរឹងមាំ និង​លូត​កម្ពស់​បានល្អ​ដែរ​៕
 
 ​ត្រួតពិនិត្យ​ដោយ www.health.com.kh​

Tag:
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com