​ចង់​ឲ្យ​កូន​ឆ្លាត មាន IQ ខ្ពស់ ម្តាយ​គួរ​ធ្វើ​អ្វីខ្លះ អំឡុងពេល​មាន​ផ្ទៃពោះ​?
ព័ត៍មានសុខភាព
​ចង់​ឲ្យ​កូន​ឆ្លាត មាន IQ ខ្ពស់ ម្តាយ​គួរ​ធ្វើ​អ្វីខ្លះ អំឡុងពេល​មាន​ផ្ទៃពោះ​?
26, Apr 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ស្រឡាញ់​ខ្លួន ស្ងួនចំណី ស្រឡាញ់​កូនប្រុស​ស្រី ត្រូវ​ថែទាំ​សុខភាព​!



​ការថែទាំ​សុខភាព​ខ្លួនឯង អាចជួយ​ឲ្យ​ស្ត្រី​ជា​ម្តាយ ត្រៀមខ្លួន​បាន​រួចរាល់ ដើម្បី​ស្វាគមន៍ សមាជិក​ថ្មី នៅក្នុង​ក្រុមគ្រួសារ​។​

​អ្នក​ប្រហែលជា​ដឹង​ហើយ​ថា របៀប​រស់នៅ ដែលមាន​សុខភាព​ល្អ អាចជួយ​ឲ្យ​កូន​របស់​អ្នក កើតមក​មាន​សុខភាព​ល្អ និង​មាំមួន ប៉ុន្តែ អ្នកមាន​ដឹង​អត់ថា ធ្វើ​ម៉េច​ទៅ ទើប​កូន​ឆ្លាត ហើយ​មាន IQ ខ្ពស់​នោះ​?

​ជាការ​ពិត ជម្រើស​នៃ​ការទទួល​ទាន របប​អាហារ​ត្រឹមត្រូវ និង​គ្រប់គ្រាន់ ព្រមទាំង​ការហាត់​ប្រាណ អាចជួយ​ដល់​ខួរក្បាល​កូន​របស់​អ្នក​។​

​កាត់បន្ថយ​ការ​ប្រឈម នឹង​ជំ​អឺ​អូ​ទី​ស (Autism) និង​បញ្ហា​ខួរក្បាល​ដ៏ទៃទៀត​
​ការ​ញ៉ាំ​ថ្នាំ​គ្រាប់​វីតាមីន​បន្ថែម ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ (prenatal supplement) ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់ ចំពោះ​សុខភាព​របស់​អ្នក និង​កូន​ក្នុង​ផ្ទៃ​។ អាស៊ីត​ហ្វូ​លិ​ក មាន​តួនាទី​យ៉ាងសំខាន់ ដើម្បី​បង្កើត​កោសិកា​ខួរក្បាល​។ ការសិក្សា​ថ្មីៗ​នេះ បាន​បង្ហាញថា ស្ត្រី​មាន​ផ្ទៃពោះ ដែល​បាន​ញ៉ាំ​អាស៊ីត​ហ្វូ​លិ​ក មុនពេល​មាន​ផ្ទៃពោះ និង​អំឡុងពេល​មាន​ផ្ទៃ អាច​កាត់បន្ថយ​ការប្រឈមមុខ នឹង​ជំងឺ​អូ​ទី​ស បាន​ដល់​ទៅ ៤០ ភាគរយ​។ ដើម្បី​ទទួលបាន​អាស៊ីត​ហ្វូ​លិ​ក អ្នក​អាច​ទទួលទាន បន្លែ​ពណ៌​បៃតង និង​គ្រាប់​ធញ្ញជាតិ​ជាដើម​។ អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា​បី ដូចជា DHA ក៏​ចាំបាច់ សម្រាប់​ការលូតលាស់​ខួរក្បាល ដូច្នេះ អ្នក​គួរតែ​ទទួលទាន​ត្រី​សាល​ម៉ុ​ន គ្រាប់​វ៉ាល់​ណាត់ និង​ស៊ុត ដើម្បី​បង្កើត​សុខភាព​ខួរក្បាល​។​

​បង្កើន​ភាព​វ័យឆ្លាត​
​ការហាត់​ប្រាណ អាចជួយ​ឲ្យ​អ្នក សម្រាលកូន​ដោយ​ងាយស្រួល និង​មាន​សុវត្ថិភាព​។ ក្រៅពីនេះ ការហាត់​ប្រាណ ក៏​អាច​ពង្រឹង​ដល់ សុខភាព​ខួរក្បាល​កូន​ផងដែរ​។ ការសិក្សា​បាន​ឲ្យ​ដឹងថា ម្តាយ​ដែល​បាន​ហាត់ប្រាណ​មុន និង​អំឡុងពេល​មាន​ផ្ទៃពោះ ច្រើនតែ​សម្រាលកូន​ដោយ​សុវត្ថិភាព ហើយ​ទារក​ទាំងនោះ មាន​ភាព​ឆ្លាត​វៃ រហ័សរហួន និង​រៀន​ពូកែ ជាង​ក្មេង​ដែលមាន​ម្តាយ មិន​ធ្លាប់​ហាត់ប្រាណ​។ ហេតុអ្វី​ទៅ​?

​វា​ប្រហែលជា​បណ្តាលមកពី កម្រិត​អ័រម៉ូន​ស្ត្រេ​ស​កូ​ទី​សូល (cortisol)​។ វា​ត្រូវបាន​បញ្ចេញ អំឡុងពេល​ហាត់ប្រាណ ដូច្នេះហើយ ទើប​ធ្វើ​ឲ្យ ខួរក្បាល​ទារក​លូតលាស់ និង​អភិវឌ្ឍ​បានល្អ ដូចគ្នា នឹង​សរីរាង្គ​របស់​ម្តាយ​ដែរ​។ អ្នកជំនាញ​និយាយថា ការហាត់​ប្រាណ​ក្នុង​កម្រិត​មធ្យម រយៈពេល ៣០ នាទី​ជាប្រចាំ ជា​អ្វីដែល​ស្ត្រី​មាន​ផ្ទៃពោះ គួរតែ​អនុវត្ត​។​

​ព្យាបាល​ជំងឺ​ម្តាយ​
​ស្ត្រី​មួយចំនួន ចាប់ផ្តើម​មាន​ជំងឺ លើ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត ពេល​ចាប់ផ្តើម​ពរ​ពោះ ដូច្នេះ រឿង​ចម្បង​ដែល​អ្នក​គួរ​ធ្វើ គឺ​ដោះស្រាយ​បញ្ហា​នេះ​សិន​។ ទោះបីជា​ស្រាល​កម្រិតណា​ក្តី បញ្ហា​ក្រ​ពេញទី​រ៉ូ​អ៊ី​ត គឺជា​ហានិភ័យ​ដ៏​ធំ​បំផុត ទៅលើ​ការលូតលាស់​របស់​ទារ​ក​។​

​កង្វះ​អ័រម៉ូន​ទី​រ៉ូ​អ៊ី​ត អាចធ្វើ​ឲ្យ​កុមារ ថមថយ​កម្រិត IQ ដែល​មានន័យថា ក្មេង​មិនសូវ​ឆ្លាត​។ អ្នកជំនាញ​បាន​ណែនាំ​ថា ស្ត្រី​ជា​ម្តាយ ដែលមាន​បំណង​ចង់​មាន​ផ្ទៃពោះ គួរតែ​ទៅពិនិត្យ​សុខភាព​ជាមុន ដើម្បី​ធ្វើតេស្ត​នានា ពិសេស តេស្ត​អ័រម៉ូន​នេះ​។ យ៉ាងណាមិញ ដើម្បី​រក្សា​តុល្យភាព និង​តួនាទី​របស់​ក្រពេញ​មួយ​នេះ អ្នក​គួរតែ​ញ៉ាំ​សារធាតុ​អ៊ីយ៉ូត ០.២២ មី​លី​ក្រាម​ជាប្រចាំ​ថ្ងៃ ដែល​វា​មាននៅ​ក្នុង ទឹកដោះគោ​ជូរ ទឹកដោះគោ និង​អំបិលអ៊ីយ៉ូត​។​

​ទាក់ទង​ជាមួយ​កូន​ក្នុង​ផ្ទៃ ឲ្យ​បាន​ជិតស្និទ្ធ​
​ទាក់ទង​យ៉ាងម៉េច​ទៅ បើ​កូន​នៅក្នុង​ពោះ​ហ្នឹង ពោលគឺ​គេ​មិនចេះ​និយាយ ហើយ​ស្តាប់​មិនបាន​? នរណាថា​ស្តាប់​មិនលឺ​? ជាការ​ពិត អ្នក​អាច​ចាប់ផ្តើម បង្កើត​ទំនាក់ទំនង​ល្អ ជាមួយ​កូន​បាន​ភ្លាមៗ ក្រោយពេល​អ្នក​ដឹងថា ខ្លួនឯង​មាន​ផ្ទៃពោះ​។ អំឡុងពេល​ពាក់កណ្តាល​ផ្លូវ នៃ​កា​រពរ​ពោះ ទារក​អាច​ចាប់ផ្តើម​ស្តាប់លឺ ហើយ​ចេះ​ឆ្លើយតប នឹង​សម្លេង​របស់​អ្នក​។ ស្ត្រី​ជា​ម្តាយ និង​បុរស​ជា​ឪពុក អាចទាក់ទង​ជាមួយ​កូន​បាន តាមរយៈ​ការនិយាយ​លេង ការ​ស្ទាប​ពោះ ការ​ម៉ាស្សា​ពោះ ឬ​ការអាន​សៀវភៅ ឲ្យ​គេ​ស្តាប់​ជាដើម​។ ការសិក្សា​មួយចំនួន បាន​បង្ហាញថា ទារក​ក្នុង​ផ្ទៃ នឹង​ស្ងប់ស្ងាត់ ពេល​អ្នក​ច្រៀង អាន​សៀវភៅ ឬ​ស្តាប់លឺ​សម្លេង ដែល​គេ​ចំណាំបាន និង​ស្តាប់លឺ តាមរយៈ​ស្បូន​។​

​បង្កើន​ប្រាជ្ញា ឲ្យ​បាន​ខ្ពស់បំផុត​
​កូន​កាន់តែ​វិ​វត្ត​យូរ នៅក្នុង​ស្បូន គឺ​កាន់តែ​ល្អ (​ប៉ុន្តែ មិនមែន​ឲ្យ​លើស​ថ្ងៃ ដែល​ត្រូវ​កើត​ឡើយ​)​។ នៅ​សប្តាហ៍​ទី ៣៥ ទំហំ​ខួរក្បាល​របស់គេ គឺ​ត្រឹមតែ​ពីរភាគបី នៃ​ទំហំ​ខួរក្បាល នៅ​សប្តាហ៍​ទី ៣៩ ឬ ៤០​។ ដូច្នេះ ប្រសិនបើ​ហេតុការណ៍ ឬ​កត្តា​ណាមួយ ដែល​ជំរុញ​ឲ្យ​ទារក កើតមុន​រយៈពេល​នេះ ប្រាកដ​ណាស់ ទារក និង​ម្តាយ​ច្បាស់​ជា​ប្រឈម នឹង​បញ្ហា​សុខភាព​ផ្សេងៗ​។​ដូច្នេះ ស្ត្រី​មាន​ផ្ទៃពោះ កុំ​ផឹកស្រា និង​ជក់បារី ជាដាច់ខាត ហើយ​ត្រូវ​គ្រប់គ្រង និង​ព្យាបាល​ជំងឺ ដែល​ខ្លួនឯង​កំពុងមាន​។ ស្ត្រេ​ស ភាព​តានតឹង​ក្នុង​អារម្មណ៍ និង​បញ្ហា​ផ្លូវចិត្ត​ផ្សេងៗ​ទៀត ក៏​មិនអាច​កើតមាន​ដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​


© រក្សាសិទ្ធិដោយ thmeythmey.com