ពីនេះ ពីនោះ
កំប្រុក​ធំ ជា​សត្វ​ដែល ផ្លាស់ប្តូ​ទី​យ៉ាង​រហ័ស​ពី​ដើមឈើ​មួយ​ទៅមួយ​
27, Mar 2016 , 3:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភិនភាគ​៖ កំប្រុក​ធំ​មាន​ប្រវែង​ក្បាល​-​ដងខ្លួន ៣៧០-៤០៥​ម​.​ម កន្ទុយ​ប្រវែង​ពី ៤២៥-៥០០​ម​.​ម និង​មាន​ទំងន់ រហូត​ទៅដល់ ១៥០០​ក្រាម​។ ផ្នែក​ពោះ​មាន​ពណ៌​ចាប់ពី​ពណ៌​ពងមាន់​រហូតដល់​ពណ៌​ទឹកក្រូច និង​ផ្នែក​ខ្នង​មាន​ពណ៌​ខ្មៅ ឬ​ត្នោត​ចាស់​។ បំបង់​ក និង​ថ្ពាល់​មាន​ពណ៌​ភ្លឺ​ដែល​ខ័​ណ្ឌ​ដាច់ពីគ្នា​ដោយ​ឆ្នូត​ពណ៌​ខ្មៅ​។



​ជីវសាស្ត្រ​៖ ប្រភេទ​នេះ​ច្រើន​រស់នៅ​លើ​ដើម​ឈឺ​ខ្ពស់ៗ ដែលមាន​គំរប​ព្រៃ​ក្រាស់ៗ ហើយ​សំបូរ​រស់នៅ​តាម​ដង​ទន្លេ ស្ទឹង​។ វា​ជាស​ត្វ​ដែលមាន​ការផ្លាស់ប្តូ​ទី​យ៉ាង​រហ័ស​ពី​ដើមឈើ​មួយ​ទៅមួយ​។ ចំណីអាហារ​របស់​វា​រួមមាន​ផ្លែឈើ គ្រាប់​ធញ្ញជាតិ ស្លឹកឈើ សត្វល្អិត និង​សត្វ​តូច​ផ្សេងៗ​ទៀត​។ សម្បុក​របស់​វា​មាន​រាង​មូល​ស្ថិតនៅ​ផ្នែក​ខាងចុង​មែក ឈើ​តូចៗ ព័ទ្ធ​ស្លឹកឈើ​។ សត្វ​ញី​មាន​ដោះ​បី​គូ និង​មានកូន​ម្តង​ពី​១-២​ក្បាល​។​

​រប៉ាយ​រស់នៅ​៖ នៅ​ប្រទេស​កម្ពុជា​ប្រភេទ​នេះ​មាននៅ​ក្នុង​ខេត្តកោះកុង ពោធិសាត់ មណ្ឌល​គី​រី និង​ខេត្តព្រះវិហារ ហើយ​ប្រភេទ​នេះ​ត្រូវបាន​រកឃើញ​ផងដែរ នៅ​ទូទាំង​ឥណ្ឌូចិន ដីគោក​នៃ​ប្រទេស​ឥណ្ឌូនេស៊ី (​កោះ​ស៊ួ​ម៉ា​ត្រា និង​កោះ​ចា​វា​)​។

 ស្ថានភាព​អភិរក្ស​៖ កំប្រុក​ធំ​រស់​នៅមាន​ដង់ស៊ីតេ​កម្រិត​ទាប ហើយ​គេ​កម្រ​ជួបប្រទះ​នៅក្នុង​ព្រៃ​ធម្មជាតិ​។ ប្រភេទ​នេះ​អាច​ប្រឈមមុខ​នឹង​ការរង​គ្រោះថ្នាក់​ពី​ការបាត់បង់​ទីជម្រក និង​ការ​ទាក់​ចាប់ ឬ​បរបាញ់​។


Tag:
 ឯកសារសត្វ
© រក្សាសិទ្ធិដោយ thmeythmey.com