ពីនេះ ពីនោះ
× បទៈកាកគតិ
ដីកម្ពុជា ពលរដ្ឋគ្រប់គ្នា អួតថាសុវណ្ណ
ព្រោះមានជីជាត មិនបាច់ប្រើថ្នាំ ប្រជាអាចដាំ
ដំណាំគ្រប់ទី។
ក្នុងនោះមានស្រូវ ដំឡូងពោតល្ពៅ ត្រកួនស្ពៃផ្ទី
ត្រប់វែងក្តគោ ស្លឹកគ្រៃម្ទេសជី ដាំស្វាយចន្ទី
ក៏ដុះល្អដែរ។
នេះរាប់ត្រួសៗ ប្រជាស្រីប្រុស ដែលជាកូនខ្មែរ
ដំណាំច្រើនពេក ស្គាល់មិនអស់ទេ នៅតាមស្រុកស្រែ
ខ្ពស់រាបទំនាប។
បើដាំបានផល តែអកុសល ខ្មែរមិនខ្មីឃ្មាត
បែរចំណាកស្រុក ចោលស្រែព្រោងព្រាត ទីក្រុងចង្អៀត
ព្រោះកើនប្រជា។
ទុកចោលគ្មានស្តាយ ដីកេរ្តិ៍អ្នកមា្តយ ខ្លះរ៉ូវត្រូវគ្នា
លក់ដូរយកប្រាក់ ចាកចេញស្រុកខ្មែរ ធ្វើការស្រុកគេ
នៅថៃកូរ៉េ។
គ្មានទឹកស្រោចស្រព ព្រោះខ្វះទំនប់ និងប្រឡាយមេ
បើទឹកមានគ្រប់ ខ្មែរមិនខ្ជិលទេ ទុកដីទំនេរ
ឥតប្រយោជន៍ឡើយ។
ម្យ៉ាងជីប្រេងថ្លៃ ធ្វើការហាលថ្ងៃ រងទុក្ខឥតស្បើយ
ពេលប្រមូលផល សងគេអស់ហើយ ឱបងប្អូនអើយ
ឲ្យគាត់ទៅណា?
ខ្វះបច្ចេកទេស គាត់គ្មានចំណេះ ធ្វើស្រែចម្ការ
ណាមួយដីតិច ទើបផលផ្លែផ្កា ប្រមូលឆ្នាំណា
ក៏ហូបមិនគ្រាន់៕
និពន្ធដោយ លោក រ៉ឹម ភារី អ្នកយកព័ត៌មានរបស់គេហទំព័រថ្មីៗ
© រក្សាសិទ្ធិដោយ thmeythmey.com