ជាតិ
អ្នកនាំពាក្យថា រដ្ឋសភាអាចកោះហៅឯកឧត្តម កឹម សុខា មកបំភ្លឺដោយផ្ទាល់ពីរឿងអាស្រូវស្នេហា
× អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង បានបញ្ជាក់ថា រដ្ឋសភាអាចកោះអញ្ជើញឯកឧត្តម កឹម សុខា មកបំភ្លឺដោយផ្ទាល់ពាក់ព័ន្ធនឹងរឿងអាស្រូវស្នេហា នៅចំពោះមុខសមាជិករដ្ឋសភាបាន បើសិនជាករណីនេះ ឈានដល់ដំណាក់កាលចាំបាច់។ ការថ្លែងរបស់អ្នកនាំពាក្យរូបនេះធ្វើឡើងក្នុងសន្និសីទស្តីពីរបៀបវីរៈប្រជុំគណៈកម្មការអចិន្ត្រៃយ៍រដ្ឋសភា។
ទោះជាបញ្ចូនលិខិតទៅឯកឧត្តម កឹម សុខា ចំនួនពីរលើកដើម្បីស្នើសុំការឆ្លើយបំភ្លឺព័ត៌មានរឿងអាស្រូវស្នេហា ដែលក្រុមយុវជននាំគ្នាដាក់ញត្តិមករដ្ឋសភានោះក្ដី តែឯកឧត្តម កឹម សុខា ក៏នៅតែមិនឆ្លើយតបតាមលិខិតរបស់លោក ឡេង ប៉េងឡុង ដែរ។ អ្នកនាំពាក្យរដ្ឋសភារូបនេះ ទទួលស្គាល់ថា បើទោះជាឯកឧត្តម កឹម សុខា មិនឆ្លើយតបក្ដី ក៏រដ្ឋសភាគ្មានសិទ្ធិអ្វីដាក់ទោសលោក កឹម សុខា ឡើយ។ តែបើតាមលោក ឡេង ប៉េងឡុង រដ្ឋសភាអាចមានចំណាត់ការបន្តដោយកោះអញ្ជើញឯកឧត្តម កឹម សុខា មកបំភ្លឺដោយផ្ទាល់ពាក់ព័ន្ធនឹងរឿងអាស្រូវស្នេហា នៅចំពោះមុខសមាជិករដ្ឋសភាទាំងអស់បាន តាមរយៈការស្នើពីសមាជិករដ្ឋសភា ១ភាគ១០ បើសិនជាករណីនេះ ឈានដល់ដំណាក់កាលចាំបាច់ និងជារឿងសារៈសំខាន់ពិសេស។
ថ្លែងក្នុងសន្និសីទស្តីពីរបៀបវីរៈប្រជុំគណៈកម្មការអចិន្ត្រៃយ៍រដ្ឋសភាព្រឹកនេះ អ្នកនាំពាក្យរូបនេះបានបញ្ជាក់ដូច្នេះថា៖«មាត្រា៨៩រដ្ឋធម្មនុញ្ញ បានបញ្ជាក់ថា តាមការស្នើសុំរបស់សមាជិកចំនួនមួយភាគដប់យ៉ាងតិច រដ្ឋសភាអាចអញ្ជើញឥស្សរជនដ៏ឧត្តមណាមួយមកបំភ្លឺរដ្ឋសភា អំពីបញ្ហាសារៈសំខាន់ពិសេស។ នេះបើសិនជារដ្ឋសភាយល់ថា ករណីលោក កឹម សុខា មានសារៈសំខាន់ពិសេសលោកអាចដំណាលរឿងមួយភាគដប់ អាចធ្វើញត្តិមួយឲ្យរដ្ឋសភាកោះអញ្ជើញឯកឧត្តម កឹម សុខា មក»។
លោក ឡេង ប៉េងឡុង បន្ថែមថា មុននឹងកោះអញ្ជើញឯកឧត្តម កឹម សុខា មកបំភ្លឺនោះ រដ្ឋសភាក៏មានសិទ្ធិអាចបង្កើតគណៈកម្មការពិសេសស៊ើបអង្កេតលើករណីប្រធានស្តីទីគណបក្សសង្គ្រោះជាតិនេះដែរ បើសិនជាមានការស្នើសុំពីតំណាងរាស្ត្រ ។ តែលោកថា រហូតមកពេលនេះលោកមិនទទួលបានការស្នើសុំពីតំណាងរាស្ត្រ ដើម្បីបង្កើតគណៈកម្មការស៊ើបអង្កេតលើករណីឯកឧត្តម កឹម សុខា នៅឡើយទេ។
ជុំវិញករណីឯកឧត្តម កឹម សុខា នេះមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិលោក អេង ឆៃអ៊ាង ចាត់ទុកថា ជារឿងមួយដែលឥតប្រយោជន៍ ដែលរដ្ឋសភាមិនគួរចាប់អារម្មណ៍និងផ្ដោតសំខាន់លើបញ្ហានេះពេកនោះទេ។ លោកថា រដ្ឋសភាគួរតែបង្កើតគណៈកម្មការពិសេសស៊ើបអង្កេតលើបញ្ហាករណីជាតិធំៗ ដែលជារឿងសំខាន់ជាងករណីឯឧត្តម កឹម សុខា នេះ។ «រឿងខ្លះជារឿងឥតប្រយោជន៍ និយាយឲ្យខ្លីដូចពាក្យមួយគេថារឿងខ្សែក្រវ៉ាត់ ជារឿងឥតប្រយោជន៍ទេ។ យើងគួរនាំគ្នាគិតពីរឿងផលប្រយោជន៍ជាតិធំៗ។ ហើយខ្ញុំគាំទ្របើឲ្យគណៈកម្មការអចិន្ត្រៃយ៍រដ្ឋសភា បង្កើតគណៈកម្មការដើម្បីស៊ើបអង្កេតរឿងសំខាន់ៗរបស់ជាតិ នេះយើងគាំទ្រ ប៉ុន្ដែបើស៊ើបអង្កេតរឿងឥតប្រយោជន៍គឺអត់គាំទ្រទាំងអស់»។ នេះជាការបញ្ជាក់របស់លោក អេង ឆៃអ៊ាង។
គួរបញ្ជាក់ថា ក្រុមយុវជនដឹកនាំដោយលោក ស្រី ចំរើន ដែលអះអាងជានិស្សិតនោះ បានដាក់ញតិទៅរដ្ឋសភាចំនួន៣លើក ដើម្បីស្នើសុំឲ្យរដ្ឋសភាអន្តរាគមន៍កោះហៅឯកឧត្តម កឹម សុខា មកបំភ្លឺរឿងសំឡេងខ្សែអាត់ ដែលពួកគេសង្ស័យថា ជាសំឡេងឯកឧត្តម កឹម សុខា ដែលសាសងស្នេហាជាមួយនារីម្នាក់។ ក្រៅដាក់ញត្តិនៅរដ្ឋសភាក្រុមយុវជនក៏បានដាក់ញត្តិទៅនៅការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ និងប្ដឹងអង្គភាពប្រឆាំងអំពើពុករលួយជាដើម។ តែមកដល់ពេលនេះមិនទាន់មានការឆ្លើយតបបែបណាពីលោក កឹម សុខា ឡើយ ក្រោយពីលោកប្រកាសថា «មិនឈ្លោះ មិនឆ្លើយ មិនឆ្លង»៕
Tag:
កឹម សុខា
ឡេង ប៉េងឡុង
© រក្សាសិទ្ធិដោយ thmeythmey.com