កាលពីថ្ងៃសៅរ៍កន្លងទៅនេះ វិទ្យាស្ថាន អន្ដរទ្វីប អាមេរិកាំង បានប្រារឰកម្មវិធីប្រកួតប្រកប ពាក្យ ម៉េងលី ជេ. គួច លើកទី១៤ ដើម្បីស្វែងរកម្ចាស់ពានរង្វាន់ជើងឯកប្រចាំឆ្នាំ២០១៦ ក្នុងចំណោម សិស្សានុសិស្សចូលរួមចំនួន៥៤០នាក់ មកពីកម្រិតសិក្សាថ្នាក់ភាសាអង់គ្លេសសម្រាប់កុមារ និងមនុស្ស ពេញវ័យ។ កម្មវិធីនេះមានការចូលរួមគាំទ្រពីសំណាក់សិស្សានុសិស្ស មាតាបិតា អ្នកអាណាព្យាបាល បុគ្គលិក សាស្ដ្រាចារ្យ លោកគ្រូអ្នកគ្រូ ព្រមទាំងភ្ញៀវកិត្ដិយសយ៉ាងច្រើនកុះករ។
កម្មវិធីប្រកួតប្រកបពាក្យជាកម្មវិធីមួយដែលមានប្រជាប្រិយភាពខ្លាំង ដែលបណ្តាប្រទេសជា ច្រើនលើសកលលោកបានយកទៅធ្វើការប្រកួតប្រជែង។ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាស្ថាបនិក និងប្រធាននៃវិទ្យាស្ថាន អន្ដរទ្វីប អាមេរិកាំង បានពាំនាំកម្មវិធីនេះពីបស្ចឹមប្រទេស ចូលមកប្រទេសកម្ពុជាយើងដំបូងគេបង្អស់ក្នុងឆ្នាំ២០០៥នៅវិទ្យាស្ថាន អន្ដរទ្វីប អាមេរិកាំង។
កម្មវិធីនេះផងដែរ បានបណ្ដុះទឹកចិត្ដសិស្សឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ឧស្សាហ៍ព្យាយាម ក្លាហាន និងព្យាយាមចងចាំពាក្យនីមួយៗឱ្យបានប្រាកដប្រជាទាំងការបញ្ចេញសំឡេង និងប្រកប ដើម្បីមានឱកាសទទួលបានពានរង្វាន់ជើងឯក។
កម្មវិធីប្រកួតប្រកបពាក្យ ម៉េងលី ជេ. គួច លើកទី១៤ នៅវគ្គផ្ដាត់ព្រ័ត្រមានបេក្ខជនជាប់ ចំណាត់ថ្នាក់ចំនួន១៦៦នាក់ ដែលមកពីវគ្គជម្រុះជុំទី១ និងទី២ ក្នុងចំណោមសិស្សានុសិស្សសរុប ចំនួន៥៤០នាក់ ប្រកួតប្រជែងយ៉ាងស្វិតស្វាញប្រកបដោយភាពរំជើបរំជួល និងវាយតម្លៃយ៉ាងសុក្រឹត ពីសំណាក់គណៈមេប្រយោគជនជាតិខ្មែរ និងបរទេស។
នៅទីបញ្ចប់យើងបានរកឃើញជ័យលាភីចំនួន៣នាក់ មកពីកម្រិតសិក្សាថ្នាក់ភាសាអង់គ្លេស សម្រាប់កុមារ ដែលក្នុងនោះជ័យលាភីលេខ១ បានទៅលើយុវសិស្ស ថោងដន សិរពណ៌ ជ័យលាភី លេខ២ បានទៅលើយុវសិស្ស លី ពិសីសិរីអមរា និងជ័យលាភីលេខ៣ បានទៅលើយុវសិស្ស វណ្ណសិទ្ធិ បញ្ញាវ័ន្ត។ ចំណែកឯថ្នាក់ភាសាអង់គ្លេសសម្រាប់មនុស្សពេញវ័យវិញ ជ័យលាភីលេខ១ បានទៅលើ យុវសិស្ស ជុង ដារីនិច ជ័យលាភីលេខ២ បានទៅលើយុវសិស្ស លុយ អ៊ឹងតេកហុង និងជ័យលាភី លេខ៣ បានទៅលើយុវសិស្ស ស៊ីម សេនឌី។ ជ័យលាភីទាំង6នាក់ សុទ្ធតែមាន សមត្ថភាព មាន ទំនុកចិត្ត និងមានជំនាញច្បាស់លាស់ក្នុងការប្រកបពាក្យបានយ៉ាងច្បាស់លាស់ និងត្រឹមត្រូវ។
ឆ្លើយតបទៅនឹងសមិទ្ធផលនៃការប្រកួតនៅវគ្គផ្តាច់ព្រ័ត្រនេះ វិទ្យាស្ថានបានប្រគល់ពាន ជើង ឯកប្រកបពាក្យជា មេដាយមាស មេដាយប្រាក់ មេដាយសំរឹទ្ធ និងអាហារូបករណ៍ដល់សិស្សានុសិស្ស ជ័យលាភីទាំង6នាក់ ព្រមទាំងផ្ដល់រង្វាន់អនុស្សាវរីយ៍ដល់សិស្សានុសិស្សដែលទទួលបានចំណាត់ថ្នាក់ ពីលេខ4 ដល់លេខ10 ផងដែរ។
យុវសិស្ស ថោងដន សិរពណ៌ ជើងឯកពានរង្វាន់ប្រកបពាក្យ ម៉េងលី ជេ. គួច មកពីថ្នាក់ ភាសាអង់គ្លេសសម្រាប់កុមារបានឱ្យដឹងថា មុននឹងប្អូនទទួលបានជោគជ័យនេះគឺប្អូនបានខិតខំរៀន ហើយរៀនទៀតទាំងការទន្ទេញពាក្យ និងការប្រកបពាក្យ ហើយប្អូនសន្យាថានឹងព្យាយាមបន្តទៀត ដើម្បីទទួលបានជ័យលាភីលើកក្រោយ។
ចំណែកឯយុវសិស្ស ជុង ដារីនិច ម្ចាស់ជ័យលាភីមកពីថ្នាក់ភាសាអង់គ្លេសសម្រាប់មនុស្ស ពេញវ័យបានឱ្យដឹងផងដែរថាឆ្លងការប្រកួតនេះប្អូនបានអភិវឌ្ឍខ្លួនកាន់តែពូកែជាពិសេសគឺ វាក្យសព្ទ និងការបញ្ចេញសំឡេង។ អ្វីដែលធ្វើឱ្យប្អូនទទួលបានជោគជ័យគឺ ដោយមានការឧបត្ថម្ភ គាំទ្រ និង លើកទឹកចិត្តពីសំណាក់ឪពុកម្តាយ មិត្តភ័ក្តិ និងលោកគ្រូអ្នកគ្រូ ហើយជាពិសេស នោះគឺការខិតខំ រៀនសូត្ររបស់ប្អូនផ្ទាល់។
លោក ឡុង ពិសី នាយករងវិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង ក៏បានលើកឡើងផងដែរថា
អត្ថប្រយោជន៍ដែលសិស្សានុសិស្សទទួលបានពីកម្មវិធីប្រកួតនេះគឺ ប្អូនៗចេះ និងចាំពាក្យរហូតដល់ ជាង 2,000ពាក្យ បានយ៉ាងច្បាស់លាស់ក្នុងរយៈពេលមួយខែ។ ប្អូនៗក៏អាចបញ្ចេញនូវ សមត្ថភាព ផ្ទាល់ខ្លួន និងសម្តែងនូវភាពក្លាហានក្នុងការប្រកបពាក្យផងដែរ។ បេក្ខជនដែលបានឈាន ទៅដល់ ការប្រកួតនៅវគ្គផ្តាច់ព្រ័ត្រនេះ សុទ្ធសឹងតែជាអ្នកមានសមត្ថភាពខ្ពស់ក្នុងការប្រកួតប្រកបពាក្យ៕