ព័ត៍មានសុខភាព
កាត់​ស្បែក​គ្រប​ក្បាល​លិង្គ មាន​សារៈសំខាន់​ដល់​ម្លឹ​ង​ផង​?
09, Jan 2021 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ
​ការ​កាត់​ស្បែក​គ្រប​ក្បាល​លិង្គ ឬ​កាត់​ចុង គឺជា​ទំនៀមទម្លាប់​តាមបែប​សាសនា របស់​ជនជាតិ​ជ្វី​ស និង​អ៊ីស្លាម និង​មនុស្ស​រស់នៅ ក្នុងប្រទេស​អាហ្វ្រិក និង​អូស្ត្រាលី​ដែរ​។ ការ​កាត់​ស្បែក​គ្រប​ក្បាល​លិង្គ ក៏​អាចជា​បញ្ហា​មួយ នៃ​ទំនៀមទម្លាប់​ក្នុង​គ្រួសារ អនាម័យ​ផ្ទាល់ខ្លួន ឬ​ដើម្បី​បង្ការ​ជំងឺ​ដែរ​។ ពេលខ្លះ អាច​នឹងមាន​ជំងឺ​ណាមួយ ដែល​តម្រូវ​ឲ្យ​កាត់ ស្បែកក្បាល​លិង្គ​តែម្តង ដូចជា ពេលដែល​ស្បែក​គ្រប​ក្បាល​លិង្គ​នោះ តឹង​ខ្លាំងពេក ឬ​មិនអាច​ព្រ​លាត់​ក្បាល​លិង្គ ចេញមកក្រៅ​បាន​។ ករណី​ខ្លះទៀត ការ​កាត់​ស្បែកក្បាល​លិង្គ ត្រូវបាន​ណែនាំ​ឲ្យ​ធ្វើ លើ​ក្មេងប្រុស​អាយុ​ច្រើន ឬ​បុរស​វ័យ​ចំណាស់ ដើម្បី​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​កាមរោគ ជាពិសេស បុរស​ដែល​រស់នៅ ក្នុងប្រទេស​អាហ្វ្រិក​តែម្តង​។


 
​សភា​បណ្តុះបណ្តាល ផ្នែក​ជំងឺ​កុមារ​អាមេរិក (American Academy of Pediatrics, AAP) បាន​ឲ្យ​ដឹងថា អត្ថប្រយោជន៍ នៃ​ការ​កាត់​ស្បែក​គ្រប​ក្បាល​លិង្គ មាន​អត្ថប្រយោជន៍ ច្រើនជាង​ការប្រឈមមុខ​។ ទោះបីជា​យ៉ាងណាក៏ដោយ AAP មិនបាន​ណែនាំ ឲ្យ​មាន​ទម្លាប់​កាត់​ស្បែក​គ្រប់​ក្បាល​លិង្គ លើ​ទារក​ប្រុស ទើប​កើត​គ្រប់គ្នា​នោះទេ ព្រោះ​វា​អាស្រ័យ​ទៅតាម ការសម្រេចចិត្ត របស់​ឪពុកម្តាយ​ទារក​ផ្ទាល់​។​
 
​ការ​កាត់​ស្បែក​គ្រប់​ក្បាល​លិង្គ ប្រហែល​ជាមាន​អត្ថប្រយោជន៍ ដល់​សុខភាព​ច្រើន ដូចជា ៖
 
​ងាយស្រួល​ធ្វើ​អនាម័យ​ជាង​មុន ៖ ការ​កាត់​ស្បែក​គ្រប​ក្បាល​លិង្គ អាចធ្វើ​ឲ្យ​ក្មេងប្រុស លាង​សម្អាត​លិង្គ កាន់តែ​ស្រួល​ជាង​មុន​។ ទោះបីជា​យ៉ាងណាក៏ដោយ ការលាង​សម្អាត​នៅ​តំបន់​ខាងក្រោម ស្បែក​គ្រប​ក្បាល​លិង្គ ជាទូទៅ ក៏មាន​ភាពងាយស្រួល​ដែរ​។​
 
​កាត់បន្ថយ​ការ​ប្រឈម​នឹង ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូត ៖ ការប្រឈមមុខ​នឹង ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូត​ទាំងអស់ នឹង​ថយចុះ​ខ្លាំង ប៉ុន្តែ ការបង្ក​រោគ​ទាំងនេះ ភាគច្រើន កើតឡើង​ជាងគេ​លើ​បុរស ដែល​មិនទាន់​កាត់​ស្បែក គ្រប​ក្បាល​លិង្គ​តែម្តង​។ ការបង្ក​រោគ​ធ្ងន់ធ្ងរ​ភ្លាមៗ អាច​នឹង​បណ្តាល​ឲ្យ​មាន​បញ្ហា លើ​តម្រងនោម នៅ​ថ្ងៃ​អ​នា​គត់​បាន​។​
 
​កាត់បន្ថយ​ការ​ប្រឈម នឹង​ជំងឺ​កាមរោគ ៖ បុរស​ដែល​កាត់​ស្បែក​គ្រប​ក្បាល​លិង្គ​រួច ប្រហែលជា​ថយចុះ នូវ​ការ​ប្រឈម​នឹង​ជំងឺ​កាមរោគ ជាពិសេស ជំងឺអេដស៍​តែម្តង​។ ប៉ុន្តែ ការ​រួមភេទ​ប្រកបដោយ​សុវត្ថិភាព ត្រូវមាន​ជានិច្ច​។​
 
​បង្ការ​បញ្ហា​លើ​លិង្គ ៖ ជា​ម្តងម្កាល ការដែល​បន្សល់ទុក នូវ​ស្បែក​គ្រប​ក្បាល​លិង្គ អាចជា​រឿង​ពិបាក ឬ​មិនអាច​ទាញ ដើម្បី​សម្អាត​បាន​។ ហេតុ​ដូច្នេះហើយ វា​នឹងធ្វើ​ឲ្យ​មាន ការ​រលាក​នៅលើ​ស្បែក​នោះ ឬ​ក្បាល​លិង្គ​ទៀត​។​
 
​កាត់បន្ថយ​ការ​ប្រឈម នឹង​ជំងឺមហារីក​លិង្គ ៖ ទោះបីជា​ជំងឺមហារីក​លិង្គ កម្រ​នឹង​កើតមាន​ក៏ដោយ ក៏​វា​មិនសូវ​កើតមាន​ជា​ញឹកញាប់ លើ​បុរស​ដែល​កាត់ ស្បែក​គ្រប​ក្បាល​លិង្គ​រួច​ណាស់​។ ក្រៅពីនេះ ជំងឺមហារីក​មាត់ស្បូន ក៏​មិនសូវ​កើតមាន លើ​ដៃគូ​រួមភេទ​ដែរ​។​
 
​ការ​កាត់​ស្បែក​គ្រប​ក្បាល​លិង្គ ប្រហែល​មិនមែនជា​ជម្រើស ដែល​ត្រូវធ្វើ​ទេ បើសិនជា​អ្នកជំងឺ មាន​បញ្ហា​ឈាម​ក្រ​កក ឬ​បញ្ហា​កំណក​ឈាម​។​
​ការ​កាត់​ស្បែក​គ្រប​ក្បាល​លិង្គ មិន​ប៉ះពាល់​ដល់​លទ្ធភាព នៃ​ការ​មានកូន​ទេ ប៉ុន្តែ វា​បែរជា​ជួយ​ជំរុញ ដល់​ភាព​សុខ​ស្រួល ខាង​ផ្លូវភេទ​ទាំង​បុរស និង​ដៃគូ​ទៅវិញ​៕
 
 
​ត្រួតពិនិត្យ​ដោយ​www.health.com.kh​

Tag:
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com