ជាតិ
Hello VOA៖ អ្នកវិភាគ​មើលឃើញ​ប្រសិទ្ធភាព​តិចតួច​ពី​ការរុះរើ​គណៈរដ្ឋមន្ត្រី​
01, Apr 2016 , 7:39 am        
រូបភាព
ដោយ:
​វ៉ាស៊ីនតោន​៖ ការរុះរើ​គណៈរដ្ឋមន្ត្រី ដែល​សភាជាតិ​គ្រោង​នឹង​យកមក​ពិភាក្សា​អនុម័ត​នៅ​ដើមខែ​មេសា​គឺ​មិនទាន់​ដល់​ចំណុច​ដែល​ពលរដ្ឋ​ចង់បាន​ពិតប្រាកដ​ទេ ដោយសារតែ​ក្រសួង​មួយចំនួន​ដែល​រង​ការរិះគន់​ខ្លាំង​បែរជា​មិនមាន​ការដោះដូរ​ថ្នាក់ដឹកនាំ​ឡើយ​។ នេះ​បើតាម​ការលើកឡើង​រប​ស់​អ្នកជំនាញ​។​





​លោក​ឱក សេរី​សោ​ភក្តិ៍ អ្នកឯកទេស​ខាង​ផ្នែក​អភិបាលកិច្ច​ល្អ​បានបញ្ជាក់​ក្នុង​កម្មវិធី​ហេ​ឡូ VOA ថា​មាន​កិច្ចការ​មួយចំនួន​ដែល​ការរុះរើ​នោះ​មាន​ឆន្ទៈ​នយោបាយ ដើម្បី​បំពេញ​ទឹកចិត្ត​ប្រជាពលរដ្ឋ ប៉ុន្តែ​នៅមាន​កន្លែង​ដែល​ខ្វះ​ច​ន្ល‍ោះ​។​

​លោក​បាន​លើក​ឧទាហរណ៍ ដូចជា​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន គឺ​លោក ស៊ុន ចាន់ថុល​ដែល​ត្រូវ​មកកាន់​ក្រសួង​នេះ​គឺជា​រដ្ឋមន្ត្រី​ដែល​បាន​សាង​កេរ្តិ៍ឈ្មោះ​បង្ហាញ​ស្នាដៃ​ក្នុង​ក្រសួងពាណិជ្ជកម្ម ហើយ​លោក​ក៏​ធ្លាប់​កាន់ការ​នៅ​ក្រសួង​សាធារណការ​នេះ​ពី​ពេលមុន​ដែរ​។ ដូចគ្នានេះដែរ​គឺ​ក្រសួងកសិកម្ម​ដែល​នឹងមាន​រដ្ឋមន្ត្រី​ថ្មី​ជា​មន្ត្រី​ដែល​កំពុង​ធ្វើ​កិច្ចការ​នេះ​ជា​យូរ​មក ហើយក៏​ជាការ​បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​ក្នុងការ​ដោះស្រាយ​បញ្ហា​កសិកម្ម​។​

​ប៉ុន្តែ​ចំណុច​ទន់ខ្សោយ​ក៏​នៅតែមាន​ដែរ​។ លោក​ឱក សេរី​សុភ​ក្តិ៍​បាន​បញ្ជាក់ថា​៖ «​ក៏ប៉ុន្តែ​យើង​ឃើញ​បញ្ហា​មួយចំនួនទៀត ដែល​ប្រជាពលរដ្ឋ​រអ៊ូរទាំ​ខ្លាំង​ដែរ ដូចជា​វិស័យ​សុខាភិបាល​ឬមួយ​ខាង​វិស័យ​យុត្តិធម៌ ក្រសួងយុត្តិធម៌​ជាដើម ដែលមាន​បញ្ហា​មិនចេះចប់​មិនចេះហើយ​នោះ​គឺថា​អត់​មានការ​ផ្លាស់ប្តូរ​ទេ​។​

​លោក​បាន​បន្ថែមថា​៖«​ដូច្នេះហើយ​បានជា​ខ្ញុំ​យល់ថា ការរុះរើ​គណៈរដ្ឋមន្ត្រី​នេះ​ហាក់ដូចជា​មិន​ដល់​ចំណុច​ដែល​ប្រជាពលរដ្ឋ​ចង់បាន​ឱ្យបាន​ពិតប្រាកដ​ទ‍េ​»​។​

​ប្រទេស​កម្ពុជា​នឹង​រៀបចំ​ការបោះឆ្នោត​ថ្នាក់មូលដ្ឋាន​នៅ​កម្រិត​ឃុំ​សង្កាត់ ដែល​នឹងត្រូវ​មកដល់​ក្នុង​រយៈពេល​ជាង​មួយឆ្នាំ​ទៀត ដែល​នេះ​អាចជា​ការពិបាក​សម្រាប់​ក្រុម​រដ្ឋមន្ត្រី​ថ្មី​ក្នុងការ​បង្ហាញ​ពី​លទ្ធផល​ឱ្យដល់​ប្រជាពលរដ្ឋ​បានឃើញ​។ នេះ​បើតាម​ការអះអាង​របស់​លោក សោ​ភក្តិ៍​។​

​លោក ឱក សេរី​សោ​ភក្តិ៍ បាន​បញ្ជាក់ថា ការរុះរើ​គណៈរដ្ឋមន្ត្រី​នេះ​នឹង​ផ្តល់​ប្រសិទ្ធភាព​នៅមាន​ក​ម្រិ​ត‍​៖

«​ដោយសារ​ការដោះដូរ​បែបនេះ​នៅក្នុង​ប្រព័ន្ធ​មួយ ដែលមាន​លក្ខណៈ​ផុយស្រួយ​ហើយ​ប្រជាពលរដ្ឋ​តែងតែ​ទិតៀន​មកលើ​ប្រព័ន្ធ​ហ្នឹង ហើយ​ពិបាក​ឱ្យមាន​ប្រសិទ្ធភាព​តែមួយ​ឆ្នាំ​។ ក្នុង​រយៈពេល​ហ្នឹង​ខ្ញុំ​ពិបាក​ថា នឹង​មើលឃើញ​ពី​ប្រសិទ្ធភាព​មែន​ទែ​ន‍​»​។​

​ក្រសួងកសិកម្ម​ក្រោម​ការដឹកនាំ​របស់លោក អ៊ុក រ៉ាប៊ុន និង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ក្រោម​ការដឹកនាំ​របស់លោក ត្រាំ អ៊ីវតឹក ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្តល់​ចំណាត់ថ្នាក់​ឱ្យ​«F» ដែលជា​ចំណាត់ថ្នាក់​អន់​បំផុត​។ ប៉ុន្តែ លោក​ទាំងពីរ​នឹង​នៅតែមាន​តំណែង​រដ្ឋមន្ត្រី​គ្រប់គ្រង​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​រៀងៗ​ខ្លួន​។ នេះ​បើតាម​បញ្ជី​ឈ្មោះ​គណរដ្ឋមន្ត្រី​ថ្មី​ដែល​បានដាក់​ស្នើ​ទៅ​សភាជាតិ​។​

​នេះ​ជា​អ្វីដែល​ពិបាក​ស្តារ​ទំនុកចិត្ត​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក សោ​ភក្តិ៍​៖ «​រដ្ឋមន្ត្រី មួយចំនួន​ដែល​ប្រជាពលរដ្ឋ​គាត់​មាន​អារម្មណ៍​មាន​ចំណាប់អារម្មណ៍​ថា​អត់​មាន​ប្រសិទ្ធភាព​អត់​មាន​ធ្វើ​អ្វីដែល​ចម្រើន​ដល់​ពួកគាត់​ហ្នឹង ទោះបីជា​ដាក់​ទៅដល់​កន្លែង​ណាក៏ដោយ​ក៏​ខ្ញុំ​នៅ​ថា ចំណាប់អារម្មណ៍​របស់​ប្រជាពលរដ្ឋ​ហ្នុ​ង​ពិបាក​នឹង​ផ្លាស់ប្តូ​រណា​ស‍់​»​។​

​លោក​សោ​ភក្តិ៍​បន្ថែមថា ពលរដ្ឋ​ពិបាក​មើលឃើញ​រឿង​ធំៗ​គឺ​ពួកគាត់​មើល​ឃើញតែ​អ្វី ដែល​ប៉ះពាល់​ដល់​ជីវិត​ប្រចាំថ្ងៃ​របស់គាត់​។ ប៉ុន្តែ​អ្នកនយោបាយ​បែរជា​ធ្វើឱ្យ​ពលរដ្ឋ​ខកចិត្ត​ជាច្រើន ដោយសារតែ​បច្ចុប្បន្ននេះ​ពួកគេ​មិនបាន​ដោះស្រាយ​កង្វល់​ប្រជាពលរដ្ឋ​ឱ្យបាន​ច្រើន​បែរជា​ខ្វាយខ្វល់​រឿងស្រី​ញី​ស្នេហា​លួចលាក់​របស់​ថ្នាក់ដឹកនាំ​បក្សនយោបាយ​ទៅវិញ​។​

​លោក​ក៏​ស្នើ​សុំឱ្យ​រដ្ឋាភិបាល​បញ្ចប់​ការយក​រឿងអាស្រូវ​រប​ស់លោក កឹម សុខា មក​បន្ត​៖«​ក្នុង​ម៉ោង​ពេល​ឥឡូវ រាជរដ្ឋាភិបាល​និង​គណបក្សកាន់អំណាច​អត់​ចំណេញ​អ្វី​ទាំងអស់​ក្នុង​រឿង​ដែល​កំពុងតែ​កើតឡើង​សព្វថ្ងៃ​ហើយ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ខក​ចិ​ត្ត‍​»​។​

​លោក​លើកទឹកចិត្ត​ឱ្យ​រដ្ឋាភិបាល​បន្ត​ការកែទម្រង់ ជាជាង​ធ្វើឱ្យ​បញ្ហា​នោះ​គ្របដណ្តប់​លើ​ឆាកនយោបាយ​កម្ពុជា​៕

សូមចុចទៅប្រភពដើម VOA ត្រង់នេះ


© រក្សាសិទ្ធិដោយ thmeythmey.com