ជាតិ
ព្រៃ​ឡង់​៖ អ្នកនាំពាក្យ​ថា រដ្ឋាភិបាល​ធ្វើតាម​គោលការណ៍ តែ​អ្នកវិភាគ​នៅតែ​អស់ជំនឿ​
01, Apr 2016 , 10:19 pm        
រូបភាព
​ក្រុមអ្នកតាមដាន​ស្ថានការណ៍​សង្គម ហាក់​បាត់​ជំនឿ​ទៅហើយ​លើ​រាជរដ្ឋាភិបាល​ក្នុ​ការការពារ​ព្រៃឈើ​។ អ្នកវិភាគ​នយោបាយ​ទាំងនោះ គ្មាន​សង្ឃឹមថា ប្រមុខ​រដ្ឋាភិបាល អាច​គ្រប់គ្រង​ព្រៃ​ឡង់ និង​ព្រៃ​ដទៃទៀត បាន​ដូចជា​ការសន្យា​របស់ខ្លួន​នោះទេ​។ ពួកគាត់​បែរជា​យល់ថា ការប្រកាសជំហរ ក្នុងការការពារព្រៃឈើពីសំណាក់​រដ្ឋា​ភិ​បាល គឺ​ដើម្បី​ទទួលបាន​ការគាំទ្រ នៅពេល​បោះឆ្នោត​ប៉ុណ្ណោះ​។ យ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់​នៃ​គណបក្សកាន់អំណាច បាន​ឆ្លើយតប​ថា រាជរដ្ឋាភិបាល​ធ្វើ​អ្វីៗ​ទៅតាម​គោលការណ៍ មិនមែន​អាស្រ័យ​លើ​ការលើកឡើង​របស់​ក្រុមអ្នកវិភាគ​ឡើយ​។



​មួយថ្ងៃ​បន្ទាប់ពី​ការប្រកាស​ផ្ទាល់មាត់​របស់​នាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ក្រសួងបរិស្ថាន​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​ការរៀបចំ​ដាក់​តំបន់​ព្រៃ​ចំនួន​៥ ដែល​ផ្ទៃដី​សរុប ៩៥ ម៉ឺន​ហិច​តា ចូល​ជា​តំ​នប់​ការពារ​និង​អភិរក្ស​។ តំបន់​ព្រៃ​៥​កន្លែង​នោះ គឺ​ព្រៃ​ឡង់​, ព្រៃ​ច្រករបៀង​ក្រវាញ​ខាង​ត្បួ​ង​, ព្រៃ​ព្រះ​រកា​, ព្រៃ​សៀម​ប៉ាង​លិច និង​ព្រៃ​វ៉ឺ​ន​សៃ​។

​ការរៀបចំ​ដាក់​ព្រៃ​ឡង់ ឲ្យ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​រាជរដ្ឋាភិបាល ទទួលបាន​ការជឿជាក់​ពី​សំណាក់​សមាជិក​រាជរដ្ឋាភិបាល ឬ​មន្ត្រីរាជការ តែប៉ុណ្ណោះ​។ ប៉ុន្តែ​ការប្តេជ្ញា​ដូច្នេះ មិនអាច​ទាក់ទាញ​ក្រុមអ្នកវិភាគ ឲ្យ​បង់ចិត្ត និង​លង់​អារម្មណ៍ ទុកចិត្ត​ឡើយ​។ ការ​អស់ជំនឿ​បែបនេះ ដោយសារតែ​ក្រុមអ្នកវិភាគ​នយោបាយ​ទាំងនោះ មើលឃើញ​បរាជ័យ​របស់​រដ្ឋាភិបាល​ម្តង​ហើយ​ម្តងទៀត ក្នុងការ​រក្សា​ព្រៃឈើ ក្រោយពី​ខ្លួន​បាន​សន្យា​។​

​អ្នកតាមដាន​ស្ថានការណ៍​នយោបាយ លោក សូ ចន្ថា បាន​ត្រឹម​ពោល​ពាក្យ​សាទរ​ចំពោះ​ការសន្យា​ជាថ្មី​របស់លោក​នាយករ​ដ្ឋ​មន្ត្រី​ប៉ុណ្ណោះ​។ លោក សូ ចន្ថា ពុំមាន​ទំនុកចិត្ត​លើ​រដ្ឋាភិបាល ថា​នឹង​អាច​ការពារ​ព្រៃ​ឡង់ និង​ព្រៃ​ផ្សេងៗ​ទៀត បាន​ដូច​ការអះអាង​របស់ខ្លួន​នោះទេ​។ លោក​បន្ថែមថា បើទោះបីជា​រដ្ឋាភិបាល មាន​គោលបំណង ដើម្បី​ការពារ​ព្រៃ​ឡង់​ពិតមែន ក៏​ហាក់ដូចជា​ហួសពេល​ទៅហើយ ព្រោះ​ស្ថានភាព​ព្រៃឈើ ជាពិសេស​ព្រៃ​ឡង់​ក្នុងពេល​បច្ចុប្បន្ននេះ បាន​រង​នូវ​ការបំផ្លិចបំផ្លាញ​យ៉ាងធ្ងន់ធ្ងរ​។

​សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​រូបនេះ យល់ថា ការប្រកាស​ដាក់​ព្រៃ​ឡង់​ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​របស់​រាជរដ្ឋាភិបាល គ្រាន់តែ​ជា​សារ​នយោបាយ ដើម្បី​ទាក់ទាញ​សន្លឹកឆ្នោត នៅពេល​ខាងមុខ​ប៉ុណ្ណោះ​។ លោក​ថា រដ្ឋាភិបាល​គ្មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុងការ​ការពារ​ព្រៃ​ឡង់​ឡើយ​។ 

​អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​រូបនេះ​បានបញ្ជាក់​បែបនេះ​ថា​៖«​ខ្ញុំ​ដូចជា​មើលមិនឃើញ​ថា រដ្ឋាភិបាល​មាន​ឆន្ទៈ​ពិត​ប្រក​ដ ក្នុងការ​ការពារ​ព្រៃ​ឡង់ ព្រៃ​ផ្សេងៗ និង​សម្បត្តិ​ធម្មជាតិ​ដទៃទៀត​ទេ​។ ខ្ញុំ​ថា សារ​បែបនេះ គឺជា​សារ​នយោបាយ  មុន​ការបោះឆ្នោត​។ ដូច្នេះ ការប្រកាស​របស់គាត់ (​នាយករដ្ឋមន្ត្រី​) គ្មាន​ប្រសិទ្ធភាព​នោះទេ​»​។​

​បន្ថែម​ពីលើ​លោក សូ ចន្ថា លោក រស់ រ៉ាវុធ អ្នកវិភាគ​នយោបាយ​មួយរូប​ទៀត បាន​មានប្រសាសន៍ថា ដោយសារតែ​កន្លងមក​រាជរដ្ឋាភិបាល​តែង​បរាជ័យ​ម្តង​ហើយ​ម្តងទៀត​ក្នុងការ​ការពារ​ព្រៃឈើ ទើប​ប្រជាពលរដ្ឋ លែង​ទុកចិត្ត​លើ​ការសន្យា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​។ លោក បន្ថែមថា ប្រសិនបើ​រដ្ឋាភិបាល​ប​រា​ជ័យ​ម្តងទៀត ក្នុងការ​អនុវត្ត​នូវ​ពាក្យសន្យា​របស់ខ្លួន នោះ​មហាជន​នឹង​វាយតម្លៃថា រដ្ឋាភិបាល​គ្មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ដឹកនាំ​ប្រទេស ហើយ​គណបក្ស​ដឹកនាំ​រដ្ឋាភិបាល​បច្ចុប្បន្ន នឹង​បាត់បង់​សន្លឹកឆ្នោត​នៅ​អាណត្តិ​ក្រោយ​ជាក់​ជាមិនខាន​។

«​មិនមែន​ត្រឹមតែ​ខ្ញុំ​ទេ តែ​សាធារណជន​ដែល​អស់ជំនឿ និង​លែង​ទុកចិត្ត​លើ​រដ្ឋាភិបាល​។ ខ្ញុំ​ថា ប្រសិនបើ​រដ្ឋាភិបាល ធ្វើ​មិនបាន ដូច​អ្វីដែល​ខ្លួន​សន្យា​លើក​នេះ ប្រាកដជា​ខាតបង់​ហើយ ពេល​បោះឆ្នោត​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់ លោក រស់ រ៉ាវុធ​។​

​ការលើកឡើង​របស់​អ្នកវិភាគ​ខាងលើ ជាការ​ឆ្លើយតប​នឹង​ប្រសាសន៍​របស់លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា ដែល​បានប្រកាស​ដាក់​ព្រៃ​ឡង់ ឲ្យ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​ដោយផ្ទាល់​ពី​សំណាក់​រដ្ឋាភិបាល​។ ការប្រកាស​របស់​ប្រមុខ​រដ្ឋាភិបាល​បែបនេះ ធ្វើឡើង​ក្នុង​ពី​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​អប់រំ​ប្រចាំឆ្នាំ​២០១៥ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៦ កាលពី​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៦ ។​

​ឆ្លើយតប​នឹង​ក្រុមអ្នកវិភាគ​ទាំងនោះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​អះអាងថា រាជរដ្ឋាភិបាល​កម្ពុជា​តែង​អនុវត្ត​ការងារ​ទៅតាម​គោលនយោបាយ​និង​ផែនការ​ច្បាស់លាស់​។ លោក​ថា រដ្ឋាភិបាល​មិន​ខ្វល់​នឹង​ក្រុមអ្នកវិភាគ​ឡើយ តែ​អ្វីដែល​រដ្ឋាភិបាល​គិតគូរ គឺ​ប្រយោជន៍​ជាតិ និង​ប្រយោជន៍​ប្រជាជន​។

​លោក សុខ ឥសាន ថែមទាំង​បញ្ឈឺ​ឲ្យ​ក្រុមអ្នកវិភាគ​វិញ​ថា​៖«​វា​គួប​ផ្សំគ្នា ដែលថា រដ្ឋាភិបាល ធ្វើ​ដើម្បី​សន្លឹកឆ្នោត ព្រោះ​ធម្មតា រដ្ឋាភិបាល​ត្រូវ​សាង​គុណសម្បត្តិ​របស់ខ្លួន ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មើល និង​គាំទ្រ​។ បើ​ខ្ញុំ​ថា រដ្ឋាភិបាល​មិន​ចង់បាន​សន្លឹកឆ្នោត អស់លោក​ក៏​ប្រហែលជា​មិន​ជឿ​ដែរ​។ [……] ហើយ​រឿង​មួយទៀត ខ្ញុំ​ចេះតែ​ឆ្ងល់ ម្នាក់ៗ​ថា​អស់​ព្រៃឈើ ឮ​តែ​ថា​តាំង​ឆ្នាំ​១៩៩៣ មកម្ល៉េះ ថា​ហ្នឹង​ជាង​២០​ទៅ​៣០​ឆ្នាំ​ហើយ ឮ​តែ​ថា តែ​ដូច​មិន​អស់​សោះ​។ ឥឡូវ​ហ្នឹង​ក៏​នៅតែ​ថា​ទៀត អ៊ីចឹង​បានន័យថា ព្រៃឈើ វា​មិនទាន់​អស់ បើ​អស់​មែន លែងមាន​អ្វី​ថា​ហើយ​»៕


Tag:
 អ្នកវិភាគ​
  រដ្ឋាភិបាល​
  ព្រៃ​ឡង់
© រក្សាសិទ្ធិដោយ thmeythmey.com