ជាតិ
ក្នុង​ឆ្នាំ​២០១៥ ជនបរទេស​ជាង​៣​ម៉ឺន​នាក់​ចូលធ្វើការ​ស្របច្បាប់​នៅ​កម្ពុជា​
02, Apr 2016 , 9:39 am        
រូបភាព
ដោយ:
ភ្នំពេញ​៖ លោក សេង សក្តា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ការងារ អះអាងថា ក្នុង​ឆ្នាំ ២០១៥​កន្លងមក មាន​ជនបរទេស​ចំនួន​ជាង ៣​ម៉ឺន​នាក់ ដែល​បានធ្វើ​ប័ណ្ណ​ការងារ និង​សៀវភៅ​ការងារ ដើម្បី​មាន​សិទ្ធិ​ស្របច្បាប់​ធ្វើការ​នៅលើ​ទឹកដី​កម្ពុជា​។ លោក​បន្ថែមទៀតថា ចំណូល ដែល​ទទួលបាន​ពី​ការធ្វើ​លិខិតស្នាម​ទាំងនេះ​មាន​ចំនួន ៥​លាន​ដុល្លារ​រ​អាមេរិក​។​


​ក្នុង​ឆ្នាំ​២០១៥​កន្លងមក មាន​ជនបរទេស​ចំនួន​ជាង ៣​ម៉ឺន​នាក់​បាន​ចូលធ្វើការ​ស្របច្បាប់​នៅ​កម្ពុជា​។ នេះ​បើតាម​ការ​ថ្លែង​របស់លោក សេង សក្តា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ការងារ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុង​ពិធី​ប្រជុំ​ផ្សព្វផ្សាយ និង​ណែនាំ​អំពី​ការពង្រឹង​ការងារ​អធិការកិច្ច​ហត្ថពល​កម្ម​បរទេស នៅ​ថ្ងៃទី​២៩ ខែមីនា​នេះ​។ លោក​មានប្រសាសន៍ថា ចំនួន​ជនបរទេស​ចូលធ្វើការ​ស្របច្បាប់​ក្នុង​ឆ្នាំ​២០១៥ កើនឡើង​១១២ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៤ ដែលមាន​ត្រឹមតែ​ចំនួន​ជាង ១​ម៉ឺន​នាក់​ប៉ុណ្ណោះ​។​

​មន្ត្រីជាន់ខ្ពស់​រូបនេះ បញ្ជាក់ថា ចំនួន​ជនបរទេស​ដែល​បានមក​ធ្វើ​ប័ណ្ណ​ការងារ និង​សៀវភៅ​ការងារ​នេះ គឺ​នៅមាន​ចំនួន​តិច​នៅឡើយ បើ​ប្រៀបធៀប​នឹង​ចំនួន​ជនបរទេស​ដែល​កំពុង​រស់នៅ​ក្នុងប្រទេស​កម្ពុជា​សព្វថ្ងៃ​។ លោក​បន្ថែមថា ក្រុមការងារ​ចម្រុះ​របស់​ក្រសួង​ការងារ និង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នឹង​បង្កើន​ការត្រួត​
​ពិនិត្យ​នៅតាម​គ្រឹះស្ថាន សហគ្រាស​ទូទាំងប្រទេស ដែលមាន​ប្រើប្រាស់​កម្លាំង​ហត្ថពល​កម្ម​ជនបរទេស ដើម្បី ឲ្យ​ជនបរទេស​ទាំង​នោះមក​ធ្វើ​ប័ណ្ណ​ការងារ និង​សៀវភៅ​ការងារ ឱ្យបាន​គ្រប់ៗ​គ្នា​៕

ប្រភពពី AKP




Tag:
 សង្គម​
  អគ្គនាយកដ្ឋាន​ការងារ​
  ជនបរទេស
© រក្សាសិទ្ធិដោយ thmeythmey.com