អន្តរជាតិ
មេដឹកនាំ​ពិភពលោក​ចាប់ផ្តើម​ក្រពុលមុខ​ព្រោះ​រឿងអាស្រូវ Panama Papers
06, Apr 2016 , 8:59 pm        
រូបភាព
​ក្រោយ​ឯកសារ​របស់​ក្រុមហ៊ុន​មេធាវី​ប៉ា​ណា​ម៉ា ត្រូវបាន​ផ្សព្វផ្សាយ​ពាសពេញ​ពិភពលោក រដ្ឋាភិបាល​មួយចំនួន​ចាប់ផ្តើម​ស៊ើបអង្កេត​ដើម្បី​ស្វែងយល់​ឲ្យ​ដឹង​ច្បាស់​ពី​បញ្ហា​នេះ​។ មេដឹកនាំ​មួយចំនួន​ចេញមុខ​ទាត់ចោល​ឯកសារ​នេះ ហើយ​មេដឹកនាំ​មួយចំនួន​អស់តំណែង​ដោយសារតែ​រង​សម្ពាធ​ខ្លាំង​ពី​ប្រជាជន​ខ្លួន​។ តែ​នៅ​ប្រទេស​ចិន គ្មាន​ព័ត៌មាន​ណាមួយ​ចេញផ្សាយ​រឿង​ឯកសារ​ប៉ា​ណា​ម៉ា​ឡើយ ព្រោះ​សូម្បីតែ​បងថ្លៃ​លោក​ស៊ី ជិន​ពីង ក៏មាន​ឈ្មោះ​ក្នុងចំណោម​អ្នកនយោបាយ​ពិភពលោក​ជាង​១០០​នាក់​នោះដែរ​។ ចំណែក​នាយករដ្ឋមន្ត្រី​អង់គ្លេស ដែល​គ្មាន​ទ្រព្យ​ផ្ទាល់ខ្លួន​លាក់​នៅក្រៅ​ប្រទេស​នោះ ក៏​រង​សម្ពាធ​ខ្លាំង​ដែរ​ព្រោះតែ​ឳ​ពុក​លោក​បាន​លាក់​លុយ​នៅ​បរទេស ដោយ​មិនចាំបាច់​បង់ពន្ធ​អស់​ប្រហែល​៣០​ឆ្នាំ​មក​នោះ​។



​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖



​ឯកសារ​កម្រាស់ ១១.៥​លាន​ច្បាប់​របស់​ក្រុមហ៊ុន Mossack Fonseca ដែល​បង្ហាញ​ពី​វិធី​លាង​លុយ លាក់​លុយ ឲ្យ​រួច​ផុតពី​ការបង់ពន្ធ​របស់​អ្នកនយោបាយ មេដឹកនាំ​ពិភពលោក កីឡាករ តារា​សម្តែង​ល្បីៗ បាន​បង្ខំ​ឲ្យ​រដ្ឋាភិបាល​ជាច្រើន​លើ​ពិភពលោក​ខ្នះខ្នែង​ស៊ើបអង្កេត​និង​ត្រួតពិនិត្យ​តើ​រឿងរ៉ាវ​នេះ​កើតឡើង​យ៉ាងដូចម្តេច ឬ​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ប្រជាជន​ឬ​ក្រុមហ៊ុន​របស់ខ្លួន​ឬ​អត់​។
​ប្រទេស សិង្ហ​បុរី ប៉ា​គី​ស្ថាន អូស្ត្រាលី ណូ​វែ​ល​ហ្សេ​ឡង់ និង​បណ្តា​ប្រទេស​ជាច្រើន​ទៀត​នៅ​អឺរ៉ុប​ដូចជា​បារាំង​ផង​នោះបាន​ប្រកាស​ត្រួតពិនិត្យ​និង​បើក​ការស៊ើបអង្កេត​ពាក់ព័ន្ធ​ឯកសារ​បែកធ្លាយ​នេះ​ផងដែរ​។  រដ្ឋាភិបាល​សិង្ហ​បុរី​បាន​អះអាងថា អាជ្ញាធរ​ពាក់ព័ន្ធ​កំពុង​ស៊ើបអង្កេត ហើយ​បើសិនជា​គេ​រកឃើញថា មាន​ប្រជាជន​ឬ​ក្រុមហ៊ុន​សិង្ហ​បុរី​ណា​ដែល​ធ្វើ​ខុស អាជ្ញាធរ​នឹងមិន​រារែក​នឹង​ចាត់វិធានការ​ប្រឆាំង​ពួកគេ​ឡើយ​។

​ចំណែក​នៅ​ប៉ា​គី​ស្ថាន​ឯណោះ​វិញ ប្រមុខ​រដ្ឋាភិបាល​ប្រទេស​នេះ​លោក  Nawaz Sharif បានប្រកាស​បង្កើត​គណ​កម្ម​ការ​ពិសេស​មួយ​ដើម្បី​ស៊ើបអង្កេត​ករណីនេះ ព្រោះ​ឯកសារ​ដែល​លេច​ធ្លាយ​នោះ​មានឈ្មោះ​កូន​បីនាក់​របស់លោក​ផងដែរ​។ លោក​អះអាងថា មានតែ​ការស៊ើបអង្កេត​ប៉ុណ្ណោះ ទើប​អាច​ជម្រះ​មន្ទិលសង្ស័យ​ពាក់ព័ន្ធ​ការចោទប្រកាន់ថា កូនលោក​បាន​យកលុយ​ទៅ​បើក​ក្រុមហ៊ុន​នៅ​បរទេស​នោះ​។ លោក​សង្កត់ធ្ងន់ថា ក្រោយ​ការស៊ើបអង្កេត​គេ​នឹង​អាច​ដឹង​ច្បាស់​ថា តើ​ការចោទប្រកាន់​នោះ​មាន​ទម្ងន់​ប៉ុណ្ណា​។​

​សូម​ទាញ​ការចាប់អារម្មណ៍​បន្តិច​ដែរ ទាក់ទង​ការទម្លាយ​ឯកសារ​សម្ងាត់​នេះ យោងតាម​ទី​ភ្នា​ក់​ព័ត៌មាន AFP ពេលនេះ​ក្រុមហ៊ុន Mossack Fonseca ស្រាប់តែ​ចេញមុខ​បកស្រាយ​ថា ការ​លេច​ធ្លាយ​ឯកសារ​នេះ​ដោយសារ​ការចូល​លួច​ទិន្នន័យ​ពី​បរទេស ហើយ​ក្រុមហ៊ុន​បានប្រកាសថា​ខ្លួន​កំពុង​ដាក់​បណ្តឹង​ដើម្បី​ប្រឆាំង​ការចូល​លួច​ទិន្នន័យ​នេះដែរ​ព្រោះ​វា​ជា​បទឧក្រិដ្ឋ​។ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​មិនបាន​បកស្រាយ​អ្វី​ច្រើន​រឿងអាស្រូវ​លាក់​លុយ ឬ​លាង​លុយ​ឡើយ ព្រោះ​ជាធម្មតា​ក្រុមហ៊ុន​នេះ​ត្រូវបាន​គេ​ស្គាល់​ពាសពេញ​ពិភពលោក​ថា​ជា​អន្តរការី​ដែល​ជួយ​ជនបរទេស​ទិញ​ហ៊ុន​ឬ​វិនិយោគ​នៅ​បរទេស​ដោយ​ចាំបាច់​បញ្ចេញ​អត្តសញ្ញាណ​។​

១. នាយករដ្ឋមន្ត្រី​អ៊ី​ស្លង់ (Iceland) រងគ្រោះ​ធ្ងន់​ជាងគេ​
​ដូច​រាប់រាប់​ខាងលើ ប្រទេស​មួយចំនួន​ចាប់ផ្តើម​ដុតដៃដុតជើង​ស្រាវជ្រាវ ប្រទេស​ខ្លះទៀត​ចេញមុខ​បដិសេធ​របាយការណ៍ តែបើ​នាយករដ្ឋមន្ត្រី​អ៊ី​ស្លង់​នោះ​មិន​ត្រឹមតែ​រង​សម្ពាធ​ទេ លោក​ក៏ត្រូវ​អស់តំណែង​ទៀត​។  កាលពី​ម្សិលមិញ ប្រជាជន​អ៊ី​ស្លង់​រាប់ម៉ឺន​នាក់​ប្រមូលផ្តុំ​គ្នា​បង្ខំ​ឲ្យ​នាយករដ្ឋមន្ត្រី​ដែល​ស្ថិតក្នុង​បញ្ជី​ក្រុមហ៊ុន​ប៉ា​ណា​ម៉ា​ចុះ​ចេញពី​តំណែង ហើយដោយ​សារ​រង​សម្ពាធ​ពេក​នោះ លោក នាយករដ្ឋមន្ត្រី​អ៊ី​ស្លង់ Sigmundur  David Gunnlaugsson ក៏​សម្រេច​លាលែង​ពី​តំណែង​តែម្តងទៅ​។​

  អាច​ថា​ដើម្បី​លាងមុខ​មាត់​ផង ហើយ​បើ​នៅ​ទៀត​ក៏​ពិបាក​រក្សា​តំណែង​ដែរ​ព្រោះ ប្រជាជន​រាប់ម៉ឺន​នាក់​និង​បក្សប្រឆាំង​ផង​នោះបាន​ដាក់​ញត្តិ​សុំ​ឲ្យ​សភា​បោះឆ្នោត​ដក​សេចក្តីទុកចិត្ត​ចំពោះ​លោក​។ លោកនាយក​រដ្ឋមន្ត្រី​អ៊ី​ស្លង់ មានឈ្មោះ​ក្នុង​បញ្ជី​ឯកសារ​សម្ងាត់​នេះ ហើយ​លោក​និង​ភរិយា​ក៏​រង​ការចោទប្រកាន់ថា បាន​ប្រើប្រាស់​ក្រុមហ៊ុន​នៅ​បរទេស​ដើ​ម្ប​លាក់​លុយ​ខ្លួន​រាប់លាន​ដុល្លារ​ឯណោះ​។ ថ្វី​បើតាម​អ្វីដែល​លោក​បាន​អះអាង​កន្លងមក​ថា លោក​ផ្ទេរ​ភាគហ៊ុន​៥០​ភាគរយ​ទៅ​ឲ្យ​ភរិយា ពេល​លោក​ក្លាយជា​សមាជិកសភា​ឆ្នាំ ២០០៩ លោក​មិនបាន​ប្រកាស​អំពី​ភាគហ៊ុន​ដែល​លោក​មាន​ក្នុង​ក្រុមហ៊ុន​បរទេស​ឡើយ ហើយ​វា​ជា​សកម្មភាព​រំលោភច្បាប់​អ៊ី​ស្លង់​។​

២.​សារព័ត៌មាន​ចិន​ស្ងប់ស្ងាត់ ទំនង​ត្រូវ​រដ្ឋាភិបាល​ហាម​មិន​ឲ្យ​ផ្សព្វផ្សាយ​រឿង «Panama Papers»
​ចំណែក​នៅ​ចិន ឯណោះ​វិញ​គ្មាន​សូម្បីតែ​សារព័ត៌មាន​មួយ​ដែល​ហ៊ាន​ចុះផ្សាយ​រឿង​ឯកសារ​ប៉ា​ណា​ម៉ា​នេះ​។ បើតាម​សារព័ត៌មាន​អង់គ្លេស The Guardian ទំនងជា​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ហាម​មិន​ឲ្យ​សារព័ត៌មាន​ចិន​ចុះផ្សាយ​ពាក់ព័ន្ធ​បញ្ហា​នេះ ព្រោះ មន្ត្រីជាន់ខ្ពស់​សមាជិក​បក្ស​កុម្មុយនីស្ត​ចិន​ចំនួន ៨​រូប​ក្នុងនោះ​មាន​បងថ្លៃ​ប្រធានាធិបតី​ចិន​បច្ចុប្បន្ន​ផង ស្ថិតក្នុង​ចំណោម​អ្នកនយោបាយ​ដែល​ស្ថិតក្នុង​ឯកសារ​ដែល​បែកធ្លាយ​។ 

​មន្ត្រី​ទាំងនោះ​រង​ការចោទប្រកាន់ថា បាន​ផ្ទេរ​លុយ​ទៅ​បរទេស​ដើម្បី​ទិញ​ភាគហ៊ុន ដែល​នេះ​ជា​វិធីសាស្ត្រ​លាក់​លុយ​និង​អាច​រួច​ផុតពី​ការបង់ពន្ធ​លើ​ទ្រព្យសម្បត្តិ​ផងដែរ​។  ពាក់ព័ន្ធ​លោក Deng Jiagui ដែលជា​បងថ្លៃ​លោក ស៊ី ជិន​ពីង ឯកសារ​ដែល​លេច​ធ្លាយ​នោះបាន​បង្ហាញថា ក្នុង​ឆ្នាំ ២០០៩ លោក​បាន​បង្កើត​ក្រុមហ៊ុន​ស្ថិតក្រោម ក្រុម British Virgin Islands ចំនួន ២ នៅពេលនោះ​លោក ស៊ី ជិន​ពីង​នៅ​ជា​សមាជិក​នៃ​គណកម្មាធិការ​អចិន្ត្រៃយ៍​នៃ​បក្ស​ក​ម្មុយ​នី​ស្ត​ចិន​នៅឡើយ​។​

៣.​នាយករដ្ឋមន្ត្រី​អង់គ្លេស​ប្រឈម​សម្ពាធ​ពី​សាធារណជន​ព្រោះ​ទ្រព្យសម្បត្តិ​ឪពុក​លោក
​ការ​លេច​ធ្លាយ​ឯកសារ​ក្រុមហ៊ុន​ប៉ា​ណា​ម៉ា ក៏​ក្លាយជា​សម្ពាធ​មួយ​ធ្ងន់​សម្រាប់​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក ដេវីដ ខេ​មេ​រ៉ូ​ន (David Cameron) ។ រឿង​នោះ​វា​មិន​ពាក់ព័ន្ធ​ដោយផ្ទាល់​ជាមួយ​លោក​ឡើយ តែ​វា​ពាក់ព័ន្ធ​ឪពុក​របស់លោក​។ ឯកសារ​នោះបាន​ទម្លាយ​ថា ឳ​ពុក​របស់លោក ដេវីដ ខេ​មេ​រ៉ូ​ន បានដាក់​ទុនវិនិយោគ​នៅ​កោះ​បា​ហា​ម៉ាស (Bahamas) ដើម្បី​គេច​ឲ្យ​ផុតពី​ការបង់ពន្ធ​អស់​រយៈពេល​៣០​ឆ្នាំ​មកហើយ​។

​ក្រោយ​មានការ​បង្ហាញ​ពី​លុយ​របស់​ឪពុក​លោក​នៅ​បរទេស​នោះ  លោក ខេ​មេ​រ៉ូ​ន បាន​ចេញមុខ​ប្រកាសថា ទាំង​លោក ភរិយា និង​កូនលោក​ផ្ទាល់​មិនដែល​បានទទួល​ប្រយោជន៍​អ្វី​ពី​ទ្រព្យសម្បត្តិ​របស់​ឪពុក​លោក​ដែល​នៅ​បរទេស​ឡើយ​។ ហើយ​ទ្រព្យសម្បត្តិ​របស់​លោកមា​ន​បច្ចុប្បន្ន​មាន​ប្រាក់ខែ​របស់លោក​ផ្ទាល់​ផង លុយ​លោក​សន្សំ​ខ្លះ ហើយ​ក្រៅពីនោះ​មានផ្ទះ​មួយ​ខ្នង​ប៉ុណ្ណោះ​។ លោក​សង្កត់ធ្ងន់ថា លោក​ពិតជា​គ្មាន​ភាគហ៊ុន និង​គ្មាន​លុយ​លាក់​នៅ​បរទេស​ឡើយ​។​

​តែ​គណបក្ស​ការងារ​ដែលជា​គណបក្ស​ប្រឆាំង​បានទាមទារ​ឲ្យ​មានការ​ស៊ើបអង្កេត​ទ្រង់ទ្រាយ​ធំ​ចំពោះ​អ្នក​ដែលមាន​ឈ្មោះ​ក្នុង​ឯកសារ​ដែល​លេច​ធ្លាយ ក្នុងនោះ​មាន​ទាំង​ក្រុមគ្រួសារ​លោក ខេ​មេ​រ៉ូ​ន​ផងដែរ​។ ហើយ​ព័ត៌មាន​នេះ​ក៏​ក្លាយជា​រឿង​អាម៉ាស​បំផុត​សម្រាប់​លោក ផងដែរ ព្រោះ​កន្លងមក​លោក​អំពាវនាវ​ឲ្យ​មានការ​រួមគ្នា​ដើម្បី​ធ្វើ​ឲ្យ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ​មាន​តម្លា​ភាពល្អ  ហើយ​រដ្ឋាភិបាល​លោក​នឹង​រៀបចំ​សន្និសីទ​កំពូល​ប្រឆាំង​អំពើពុករលួយ​នៅ​ខែក្រោយ​ផងដែរ​៕


Tag:
 Panama Papers
© រក្សាសិទ្ធិដោយ thmeythmey.com