អន្តរជាតិ
ប្រាក់ខែច្រើន មិនអាចក្លាយជាអ្នកមានឡើយ អ្វីដែលសំខាន់តើចុងខែសល់ប្រាក់ប៉ុន្មាន?
×
ប្រាក់ខែ ឬប្រាក់ចំណូលដែលមានលេខសូន្យច្រើនខ្ទង់ មិនមែនជាឫសគល់ពិតប្រាកដនៃភាពមានបានទេ។ ប្រាក់ទាំងនេះគ្រាន់តែជាតួលេខប៉ុណ្ណោះ អ្វីដែលសំខាន់គឺ តើនៅចុងខែ អ្នកនៅសេសសល់ប្រាក់ប៉ុន្មាន។
« មនុស្សជាច្រើនមិនអាចគ្រប់គ្រងការចំណាយរបស់ខ្លួនបានទេ។ ចំណុចនៃភាពមានបាន មិនមែនស្ថិតនៅត្រង់ថា តើអ្នករកបានប្រាក់ប៉ុន្មានទេ តែគឺតើអ្នកសន្សំបានប្រាក់ប៉ុន្មានទៅវិញទេ » លោក Robert Kiyosaki អ្នកនិពន្ធសៀវភៅ « Rich Dad Poor Dad » បានសរសេរយ៉ាងដូច្នេះក្នុងសៀវភៅរបស់លោក។
អ្នកឯកទេសរូបនេះបានពន្យល់ថា នៅពេលដែលប្រាក់ចំណូលកើនឡើង មនុស្សភាគច្រើនច្រើនតែបង្កើនការចំណាយរបស់ខ្លួនដែរ ហើយវានឹងក្លាយជាទម្លាប់នៃការចាយវាយលុយខ្ជះខ្ជាយ។ ជាក់ស្តែង ដូចជាអ្នកដែលរកឃើញកំណប់ អ្នកដែលស្នងមរតក អ្នកទទួលបានការដំឡើងប្រាក់ខែ ឬអ្នកឈ្នះឆ្នោត ច្រើនតែចាយលុយដោយមិនគិតគូរវែងឆ្ងាយ ហើយជួនកាល ប្រាក់កាសដែលចាយនោះអាចនឹងចូលប្រាក់សន្សំដើមរបស់ខ្លួនថែមទៀត។ លោក Kiyosaki បានសរសេរថា៖ « លុយកាក់ដែលរកបាន តែអ្នកមិនបានចាត់ចែងដោយភាពវៃឆ្លាត នឹងហូរចេញពីដៃអ្នក ហើយរលាយបាត់យ៉ាងឆាប់រហ័ស »។
គួរឲ្យសោកស្តាយណាស់ យើងតែងតែពិភាក្សាគ្នាពីវិធីរកប្រាក់ឲ្យបានច្រើន ពីវិធីសាស្ត្រក្នុងការរកការងារថ្មី និងធ្វើការងារឲ្យបានល្អ តែយើងមិនបាននិយាយគ្នាពីវិធីចាត់ចែងលុយកាក់ ប្រកបដោយភាពវៃឆ្លាត ដែលជាផ្នែកដ៏សំខាន់នៃភាពមានបាននោះទេ។ លោកបានបកស្រាយថា អ្នកត្រូវរៀនស្វែងយល់ និងថ្លឹងថ្លែងឲ្យបានច្បាស់រវាងចំណូល និងបំណុល នេះជាចំណុចសំខាន់បំផុតដែលអ្នកត្រូវដឹង បើសិនជាអ្នកចង់ក្លាយជាអ្នកមាន។ ជំហានបន្ទាប់គឺ អ្នកត្រូវបង្កើនតួលេខនៃប្រាក់សន្សំរបស់អ្នកឲ្យខ្ពស់ជាង ខ្ទង់ចំណាយ៕
© រក្សាសិទ្ធិដោយ thmeythmey.com