ពីនេះ ពីនោះ
អ្វី​ជា​គុណធម៌​របស់​មាតាបិតា​ចំពោះ​កូនៗ និង​គុណធម៌​កូនៗ​ចំពោះ​មាតាបិតា​?
20, Apr 2016 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ មាតាបិតា និង​បុត្រ​ធីតា គឺជា​ដៃគូ​ទំនាក់ទំនង​ដែលមាន​លក្ខណៈ​ខុសប្លែក​ពី​ទំនាក់ទំនង​រវាង​មិត្តភក្តិ​ជាមួយ​មិត្តភក្តិ ឬក៏​ទំនាក់ទំនង​អ្វី​ផ្សេង​។ ការផ្ដល់​ឲ្យ និង​ការលះបង់​ក្នុងនាម​ជា​មាតាបិតា និង​បុត្រ​ធីតា គឺជា​កត្តា​ចម្បង់​បង្ហាញ​ពី​គុណធម៌​រវាង​ឪពុកម្ដាយ​ចំពោះ​កូនៗ និង​គុណធម៌​របស់​កូនៗ​មកលើ​ឪពុកម្ដាយ​វិញ​។ តើ​ឪពុកម្ដាយ​ត្រូវមាន​គុណធម៌​អ្វីខ្លះ​ចំពោះ​កូនៗ​? តើ​កូនៗ​វិញ​ត្រូវមាន​គុណធម៌​អ្វីខ្លះ​ចំពោះ​មាតាបិតា​របស់ខ្លួន​?



​ក្នុងនាម​ជា​មាតាបិតា​របស់​កូនប្រុស​ស្រី នោះ​គឺ​ត្រូវបំពេញ​នូវ​គុណធម៌​មួយចំនួន​ក្នុងនាម​ជា​មាតាបិតា​ដូចជា​៖ ជា​មាតាបិតា​គឺ​ត្រូវតែមាន​ភារកិច្ច​ចិញ្ចឹម​បីបាច់ ថែរក្សា​កូន និង​ការពារ​កូន​តាំងតែ​ពី​តូច​រហូតដល់​កូនៗ​អាចមាន​លទ្ធិភាព​ជួយ​ខ្លួនឯងបាន​។ ជា​មាតាបិតា មិនត្រូវ​បង្ហាញ​គំរូ​អាក្រក់​គ្រប់​រូបភាព ដល់​កូន ប៉ុន្តែ​ត្រូវ​ព្យាយាម អប់រំ​កូន​ឲ្យ​ដើរ​ក្នុង​ផ្លូវត្រូវ​ដែល​សង្គម​ត្រូវការ​។ ជា​មាតាបិតា ត្រូវ​រៀបចំ ទំនុកបម្រុង​កូន​ឲ្យ​ទទួលបាន​ការសិក្សា​រៀនសូត្រ និង​ដឹកនាំ​កូន​ឲ្យ​ធ្វើការ​ងារ​ល្អៗ​។ មួយវិញទៀត ក្នុងនាម​ជា​មាតាបិតា គឺ​ត្រូវ​ទទួលខុសត្រូវ​ក្នុងការ​រៀបចំ​គូស្រករ​ឲ្យ​កូន​តាម​ការគួរ និង​មានការ​ផ្ទេរមរតក​មួ​យ​ចំនួន​។​

​មិនមែន​ចំពោះតែ​មាតាបិតា​ទេ​ដែល​ត្រូវមាន​គុណធម៌​ចំពោះ​កូនប្រុស​ស្រី​របស់លោក ប៉ុន្តែ​ក្នុងនាម​ជា​កូន ក៏ត្រូវ​តែមាន​គុណធម៌ ចំពោះ​មាតាបិតា​ខ្លួន​ផងដែរ​។ ក្នុងនាម​ជា​កូន​គឺ​ត្រូវតែ​មើលថែរក្សា និង​ចិញ្ចឹម​បីបាច់ ធ្វើ​ការជំនួស​មាតាបិតា​វិញ ពេល​លោក​មាន​ជំងឺ​ឈឺ​ថ្កាត់ និង​ចាស់ជរា​។ ត្រូវ​ដើរ​តាម​គន្លង​ធម៌ ផ្លូវ​ដែល​មិន​នាំ​ឲ្យ​ខ្លួនឯង​វិនាស់ និង​គ្រួសារ​រង​ទុក្ខ​។ ព្យាយាម​រក្សា​វង្ស​ត្រកូល កិត្តិយស​គ្រួសារ និង​រក្សា​កេរ​មរតក​គ្រួសារ​ឲ្យ​គង់វង្ស​។ មួយវិញទៀត​គឺ​កូនប្រុស​ស្រី​ទាំងឡាយ ត្រូវធ្វើ​ខ្លួន​ឲ្យ​ទៅជា​កូន​ល្អ ដើរ​តាម​គន្លង​ប្រពៃណី​ណា​ដែល​ល្អ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​។​

​ដកស្រង់​ពី​សៀវភៅ​៖ ទស្សនវិជ្ជា​, សាស្ត្រាចារ្យ​ទស្សនវិជ្ជា ប៉ាន់ វុត្ថា​


© រក្សាសិទ្ធិដោយ thmeythmey.com