អន្តរជាតិ
បារាំង​សន្យា​ផ្ដល់​លុយ​១​ពាន់​លាន​ដុល្លារ​ឲ្យ​ហ្សកដានី ដោះស្រាយ​បញ្ហា​ជនភៀសខ្លួន​
20, Apr 2016 , 8:19 pm        
រូបភាព
​ប្រធានាធិបតី​បារាំង​លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ (Francois Hollande) ប្រកាស​សន្យា​ផ្ដល់ជំនួយ​មានតម្លៃ​ទឹកប្រាក់​១​ពាន់​លាន​ដុល្លារ​ទៅ​ឲ្យ​ហ្សកដានី សម្រាប់​ដោះស្រាយ​វិបត្តិ​ជនភៀសខ្លួន​ដែល​ហូរ​ចូល​ពី​ស៊ី​រី​។ ការសន្យា​ផ្ដល់ប្រាក់​នេះ គឺ​ចំពេល​ជនភៀសខ្លួន​ស៊ី​រី​បន្ត​រត់​ចូល​ទឹកដី​ហ្សកដានី​មិន​ឈប់ឈរ ខណៈដែល​ការចរចា​សន្តិភាព​នៅ​ទីក្រុង​ហ្សឺ​ណែវ​ជាប់គាំង​ដោយសារ​ក្រុមប្រឆាំង​ស្នើ​ផ្អាក​នៅ​ថ្ងៃទី​១៨ ខែមេសា​។​


 
សូមស្ដាប់ព័ត៌មានលម្អិត៖



​ក្នុង​ដំណើរ​ទៅកាន់​ហ្សកដានី មេដឹកនាំ​បារាំង​លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ សន្យា​ផ្ដល់ជំនួយ​មួយ​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​បី​ឆ្នាំទៅ​ឲ្យ​ប្រទេស​នេះ ដើម្បី​ដោះស្រាយ​បញ្ហា​ជនភៀសខ្លួន​ដែល​នៅតែ​មិន​ស្រាកស្រាន្ត​។ លោក ហូ​ឡង់ ក៏​ប្រកាស​ផ្ដល់​ការគាំទ្រ​បន្ថែមទៀត​ដល់​រដ្ឋាភិបាល​ហ្សកដានី ដែល​បានទទួល​ជនភៀសខ្លួន​ពី​ជម្លោះ​ស៊ី​រី​ដែលមាន​អាយុ​៥​ឆ្នាំ​មកហើយ​នោះ​។

​នៅ​ហ្សកដានី ប្រធានាធិបតី ហូ​ឡង់ បាន​ជួប​ជាមួយ​ព្រះ​ចៅ​អាប់​ឌុល​ឡា​ហ៍​ទី​២ នៅ​ថ្ងៃទី​១៩ ខែមេសា ដោយ​លោក​បាន​លើក​ពី​ការព្រួយបារម្ភ​ចំពោះ​ការពន្យារពេល​ចរចា​ដែល​ស្នើ​ដោយ​ក្រុមប្រឆាំង​ស៊ី​រី​។ លោក​និយាយថា លោក​ព្រួយ​បទ​ឈប់​បាញ់​ដែល​សំដៅ​ដល់​ការកាត់បន្ថយ​ការ​វាយ​ប្រយុទ្ធ​គ្នា នឹងមិន​បានយូរ​នោះទេ​។ ក្រោយ​ជំនួប​នោះ​លោក ហូ​ឡង់ បន្ថែមថា ប្រសិនបើ​បទ​ឈប់​បាញ់​បរាជ័យ ការ​វាយ​ប្រយុទ្ធ​នឹង​ចាប់ផ្ដើម​ឡើងវិញ ហើយ​វា​នឹង​គ្មាន​ក្ដីសង្ឃឹម​អ្វី​ទេ​។​

​ប្រធានាធិបតី​បារាំង​ដែល​ទើប​ធ្វើដំណើរ​មកពី​អេ​ហ្ស៊ី​ប​បញ្ជាក់ទៀតថា អ្វីដែល​កើតឡើង​នៅ​ទីក្រុង​ហ្សឺ​ណ​វ ពិតជា​ពាក់ព័ន្ធ​ខ្លាំង​ដល់​ហ្សកដានី ហើយ​ការផ្អាក​ការចរចា​ពិតជា​រឿង​គួរ​ឲ្យ​បារម្ភ​។ គេ​ត្រូវធ្វើ​គ្រប់យ៉ាង​ដើម្បី​ឲ្យ​ច្បាស់​ថា បទ​ឈប​បាញ់​នៅតែ​ត្រូវបាន​អនុវត្ត​។

​ជាមួយគ្នានេះ លោក ហូ​ឡង់ ក៏បាន​លើកឡើង​ពី​លំហូរ​ជនភៀសខ្លួន​ស៊ី​រី​ដែល​រត់​មកពី​ទីក្រុង Palmyra ក្រោយ​ទាហាន​រដ្ឋាភិបាល​ស៊ី​រី​ដណ្ដើម​កាន់កាប់​ទីក្រុង​បុរាណ​នេះ​មកវិញ​។ លោក​បញ្ជាក់ថា យើង​ត្រូវ​គាំទ្រ​ជនភៀសខ្លួន តែ​ក៏ត្រូវ​ប្រាកដថា មិនមាន​ភេរវជន​មក​តាម​ពួកគេ​នោះទេ​។ យ៉ាងណាក្ដី បើតាម​សារព័ត៌មាន​France24 អាជ្ញាធរ​ហ្សកដានី​នឹង​បន្តឹង​ការត្រួតពិនិត្យ​លើ​ជនភៀសខ្លួន​ទាំងនោះ ដើម្បី​រារាំង​ការ​ជ្រៀតចូល​ពី​សំណាក់​ក្រុម​ជ្រុលនិយម​។       

​សូម​រម្លឹកថា ជនភៀសខ្លួន​ស៊ី​រី​ច្រើនជាង​៦​សែន​នាក់​កំពុងតែ​ស្នាក់នៅ​ទឹកដី​ហ្សកដានី ខណៈ​រាប់លាន​នាក់​ទៀត​រត់គេច​ទៅ​ប្រទេស​ដទៃទៀត​។ ហ្សកដានី​ដែល​ចូលរួម​ក្នុង​សម្ព័ន្ធភាព​ដែល​ដឹកនាំ​អាមេរិក កំពុងតែ​ស្វះស្វែង​ដោះស្រាយ​លំហូរ​ជនភៀសខ្លួន​ដែល​ហូរ​ចូល​មិន​ឈប់​។ ថ្មីៗ​នេះ​ទៀតសោត ជនភៀសខ្លួន​រាប់ពាន់នាក់​ទៀត ក៏​បន្ត​រត់​ចូល​ហ្សកដានី នៅពេលដែល​មានការ​ប្រយុទ្ធ​គ្នា​យ៉ាង​ស្រួចស្រាល់​រវាង​កម្លាំង​រដ្ឋា​ភិ​បាល​និង​ក្រុម​ឧទ្ទាម​នៅ​សមរភូមិ​Palmyra​។

​លើសពីនេះទៅទៀត ក្រៅពី​ដើរតួនាទី​ទទួលយក​ជនភៀសខ្លួន ហ្សកដានី​ក៏​ជា​តួអង្គ​យ៉ាងសំខាន់​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​ដែល​កំពុង​អុកឡុក​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់​។ ទាក់ទិន​នឹង​បញ្ហា​នេះ គេ​អាច​យល់បាន​ថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក ហូ​ឡង់ គឺ​បង្ហាញ​ពី​ការគាំទ្រ​ចំពោះ​ហ្សកដានី ដែល​ខិតខំ​ខ្លាំង​ក្នុង​យុទ្ធនាការ​កម្ទេច​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​៕


Tag:
 បារាំង​
 ​ ហ្សកដានី​
  ​ជនភៀសខ្លួន
© រក្សាសិទ្ធិដោយ thmeythmey.com