ជាតិ
ក្រសួង​អប់រំ អំពាវនាវ​សប្បុរសជន​ឲ្យ​ជួយឧបត្ថម្ភ​រង្វាន់​បន្ថែ​ម​ដល់​សិស្ស​ពូកែ​
20, Apr 2016 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អំពាវនាវ​សប្បុរសជន ទាំង​ក្នុង និង​ក្រៅប្រទេស ឲ្យ​ជួយឧបត្ថម្ភ​ជា​ថវិកា និង​សម្ភារ សម្រាប់​ជា​រង្វាន់​បន្ថែម ដើម្បី​លើកទឹកចិត្ត​ដល់​ជ័យលាភី​សិស្ស​ពូកែ​ទូទាំងប្រទេស ផ្នែក​អក្សរសាស្ត្រ​ខ្មែរ គណិតវិទ្យា និង​រូបវិទ្យា សម្រាប់​ថ្នាក់​ទី​៩ និង​ថ្នាក់​ទី​១២ ក្នុង​ឆ្នាំ ២០១៦​នេះ​។​



​បើ​យោងតាម​អនុក្រឹត្យ​លេខ ០៦ អនក្រ​-​បក ចុះ​ថ្ងៃទី ១៥ ខែ កុ​ម្ភះ ឆ្នាំ​២០០០ ស្តីពី​ការរៀបចំ​ថ្នាក់​សិស្ស​ពូកែ ផ្នែក​អក្សរសាស្ត្រ​ខ្មែរ គណិតវិទ្យា និង​រូបវិទ្យា របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួង​អប់រំ​បានរៀបចំ​ការប្រឡង​ជ្រើសរើស​សិស្ស​ពូកែ​ទូទាំងប្រទេស ផ្នែក​អក្សរសាស្ត្រ​ខ្មែរ គណិតវិទ្យា និង​រូបវិទ្យា សម្រាប់​ថ្នាក់​ទី​៩ និង​ថ្នាក់​ទី​១២ ជា​រៀងរាល់ឆ្នាំ ដើម្បី​លើកកម្ពស់​គុណភាព​វិស័យ​អប់រំ សំដៅ​អភិវឌ្ឍ​ធនធានមនុស្ស​ប្រកបដោយ​សីលធម៌ និង​ចំណេះដឹង​ខ្ពស់​។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ក្រសួង ក្រសួង​អប់រំ​នឹង​រៀបចំ​ការប្រឡង​ជ្រើសរើស​សិស្ស​ពូកែ​ទូទាំងប្រទេស នៅ​ថ្ងៃទី ២៥ ខែមេសា នៅ​វិទ្យាល័យ ១០ មករា ១៩៧៩ ខេត្តសៀមរាប​។​

​ក្រសួង​អប់រំ យុវជន និង​កីឡា សង្ឃឹមថា សប្បុរសជន​ទាំង​ក្នុង និង​ក្រៅប្រទេស នឹង​ជួយ​ជ្រោមជ្រែង ឧបត្ថម្ភ​ជា​ថវិកា ជា​សម្ភារ តាម​សេចក្ដីអំពាវនាវ​នេះ​ជាពុំខាន​។​

​គួរ​បញ្ជាក់ថា ក្រសួង​អប់រំ​បានរៀបចំ​ការប្រឡង​ជ្រើសរើស​សិស្ស​ពូកែ​ទូទាំងប្រទេស តាំងពី​ឆ្នាំ​២០០០​មក ក្នុង​គោលបំណង​លើកកម្ពស់​គុណភាព​អប់រំ អភិវឌ្ឍ​ធនធានមនុស្ស​ប្រកបដោយ​សីលធម៌ ដើម្បី​ឲ្យ​សិស្សានុសិស្ស​មានការ​ខិតខំ​ប្រឹងប្រែង​សិក្សា​រៀនសូត្រ អាចឈាន​ទៅដល់​ការប្រកួតប្រជែង​សមត្ថភាព​ថែមទៀត​៕


Tag:
 ​អប់រំ​
  សិស្ស​ពូកែ
© រក្សាសិទ្ធិដោយ thmeythmey.com