អន្តរជាតិ
រុស្ស៊ី គាំទ្រ​ជំហរ​ចិន​លើ​ការដោះស្រាយ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​«​ដោយ​ចរចា​ដោយផ្ទាល់​»
20, Apr 2016 , 10:19 pm        
រូបភាព
រូបភាព៖ Sputnik
រូបភាព៖ Sputnik
ដោយ:
​មកទល់ពេលនេះ មិនទាន់មាន​យន្តការ​ដ៏​មាន​ប្រសិទ្ធភាព​ណាមួយ​ត្រូវបាន​យកមកប្រើ​ប្រាស់​ដើម្បី​ដោះស្រាយ​លើ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នោះទេ​។ ភាគី​ខ្លះ​ចង់​ឲ្យ​ដោះស្រាយ​រួមគ្នា ខណៈ ខ្លះទៀត​ចង់​ឲ្យ​ដោះស្រាយ​ដោយផ្ទាល់​រវាង​ភាគី​ជម្លោះ​។ ជាមួយគ្នានេះ រុស្ស៊ី​ដែលជា​មហាអំណាច​មួយ​ដែរនោះ ក៏​ស្នើ​ភាគី​នៃ​ជម្លោះ គួរ​ដោះស្រាយ​ដោយផ្ទាល់ និង​ប្រឆាំង​ចំពោះ​ការ​ប្រែក្លាយ​បញ្ហា​ឲ្យ​កាន់តែ​ធំ​ក្នុង​ឆាក អន្តរជាតិ​នោះ​។



​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក Sergey Lavrov នៅ​ថ្ងៃទី​១៨​ខែមេសា បាន​ថ្លែង​ចំពោះមុខ​សម​ភាគី លោក គឺ​លោក Wang Yi ថា ក្រុង​មូ​ស្គូ​គាំទ្រ​ចំពោះ​ការដោះស្រាយ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​តាមរយៈ​ការចរចា​ដោយផ្ទាល់​រវាង​ភាគី​ជម្លោះ​។ ការអះអាង​នេះ ធ្វើឡើង​ក្នុង​ដំណើរ​ទស្សនកិច្ច​លោក Wang Yi ក្នុង​ក្រុង​មូ​ស្គូ​ដើម្បី​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​លើក​១៤​រវាង​ចិន ឥណ្ឌា និង​រុស្ស៊ី​។​

​ក្នុងជំនួប​នោះដែរ លោក Wang ក៏បាន​ប្រា​ប់លោក Lavrov ដែរ​ថា ការបដិសេធ​នូវ​ម​ជ្ឈ​ត្ត​ការដែល​ស្នើ​ដោយ​ហ្វីលីពីន​ជា​ឯកតោភាគី​របស់​ចិន​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​គឺជា​គោលជំហរ​មួយ​ដើម្បី​ការពារ​កិត្យានុភាព និង​អំណាច​នៃ​ច្បាប់​។ នេះ​បើ​យោងតាម​សារព័ត៌មាន​ចិន People’s Daily ដែល​បាន​ដកស្រង់​ចេញពី​ព័ត៌មាន​ក្នុងស្រុក​រុស្សី​ដែល​បាន​បន្ថែម​ដែរ​ថា លោក Wang ក៏បាន​សង្កត់ធ្ងន់​ដែរ​ថា​ទាំង​ចិន និង​រុស្ស៊ី គួរ​រក្សា​នូវ​ការត្រៀម​លក្ខណៈ​ប្រឆាំងនឹង​ឥរិយាបថ​នៃ​ការបំពាន​លើ​យន្តការ​នៃ​ការចាប់​បង្ខំ​របស់​ម​ជ្ឈ​ត្ត​ការ​នោះ​។

​សូមបញ្ជាក់​ផងដែរ​ថា ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង គឺជា​ជម្លោះ​អធិបតេយ្យ​ដែលមាន​រដ្ឋ​ពាក់ព័ន្ធ​រួមមាន ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និង​ចិន​។ កន្លងមក​ចិន ដែលជា​ភាគី​តែមួយ​ដែល​បានទាមទារ​ស្ទើរតែ​តំបន់​ទាំងស្រុង​នៃ​តំបន់​ជម្លោះ បាន​ស្នើថា​ជម្លោះ​នេះ អាច​ដោះស្រាយ​ទៅបាន​តាមរយៈ ការចរចា​ដោយផ្ទាល់​រវាង​ភាគី​ជម្លោះ​តែប៉ុណ្ណោះ ខណៈ​រដ្ឋ​ពាក់ព័ន្ធ​ផ្សេងទៀត​ស្នើ​ឲ្យ​ដោះស្រាយ​ដោយមាន​ការចូលរួម​ពី​រដ្ឋ​ពាក់ព័ន្ធ​ទាំងអស់​ជាពិសេស​នោះ គឺមាន​ការចូលរួម​ពី​សមាជិក​អាស៊ាន​ទាំងអស់​ជាមួយនឹង​ចិន​។​

​មួយវិញទៀត​នោះ ការលើកឡើង​របស់​ចិន និង​រុស្ស៊ី ក៏​ស្រប​ជាមួយនឹង​ការ​ជិត​មកដល់​នៃ​ការប្រកាស ម​ជ្ឈ​ត្ត​វិនិច្ឆ័យ​របស់​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ​ក្រុងឡាអេ នៃ​ប្រទេស​ហូ​ឡង់​ដែល​គ្រោង​នឹង​ប្រកាស​នៅ​ខែឧសភា ឬ​មិថុនា​ខាងមុខ​។ ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ត្រូវបាន​ធ្វើឡើង​ក្រោម​បណ្តឹង​របស់​ហ្វីលីពីន​ដែល​ចាប់ផ្តើម​តាំងពី​ឆ្នាំ​២០១៣ ដោយបាន​ចោទ​ចិន ថា​បាន​បំពាន​លើ​អធិប តេ​យ្យ​របស់ខ្លួន​នៅក្នុង​តំបន់​ត្រួតស៊ីគ្នា​នៃ​សមុទ្រ​ចិន​ខាងត្បូង​។ ម​ជ្ឈ​ត្ត​ការដែល​ចិន​បាន​បដិសេធ មិន​ចូលរួម​នេះដែរ ក៏​ទទួលបាន​ការគាំទ្រ ពី​សំណាក់​ប្រទេស​លោកខាងលិច​ផងដែរ ជាពិសេស​នោះ សហរដ្ឋអាមេរិក​តែម្តង​៕


Tag:
 រុស្ស៊ី
  សមុទ្រចិនខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com