អន្តរជាតិ
នយោបាយអន្តរជាតិ
ស៊ីជិនពីងឲ្យមន្ត្រីប្រើអ៊ីនធឺណិតដើម្បីដោះស្រាយក្តីបារម្ភរបស់ ប្រជាជន
×
ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានស្នើឲ្យមន្ត្រីបក្សកុម្មុយនីស្តចិនឲ្យសកម្មក្នុងការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណែតដើម្បីស្វែងយល់ពីតម្រូវការប្រជាជននិងដោះស្រាយបញ្ហាលំបាករបស់ពួកគេឲ្យទាន់ពេលវេលា។ យោបល់របស់លោកធ្វើឡើងស្របពេលដែលប្រជាជនចិនបារម្ភពីការធ្លាក់ចុះនៃសេដ្ឋកិច្ចចិនផង។
លោក ស៊ី ជិនពីង បានប្រាប់ឲ្យបណ្តាមន្ត្រីបក្សកុម្មុយនីស្តប្រើប្រាស់អ៊ីនធឺណែតដើម្បីយល់ដឹងពីតម្រូវការរបស់ពលរដ្ឋចិន ហើយឈានទៅដោះស្រាយបញ្ហាប្រឈមនានារតាមការ សំណូមពររបស់ពលរដ្ឋទាំងនោះផង។ ហើយក្រៅពីនោះគេក៏ចាំបាច់ត្រូវប្រើប្រាស់ អ៊ីនធឺណែតដើម្បីកែតម្រូវគំនិតយោបល់របស់ពលរដ្ឋដែលខុសឆ្គងផងដែរ។
យោងតាមទីភ្នាក់ងារសារព័ត៌មានចិន Xinhua ការផ្តល់អនុសាសន៍ឲ្យមន្ត្រីចិន ធ្វើខ្លួនឲ្យសកម្មក្នុងការប្រើប្រាស់អ៊ីនធឺណែតនេះកើតមានឡើងស្របពេលដែលប្រជាជនចិនភ័យបារម្ភពីការបន្តធ្លាក់ចុះនៃសេដ្ឋកិច្ចចិនក្នុងរយៈពេលចុងក្រោយ។ កំណើនសេដ្ឋកិច្ចចិនមានកម្រិតត្រឹម ៦.៧ភាគរយប៉ុណ្ណោះក្នុងត្រីមាសទីមួយ ដែលកំណើននេះស្ថិតនៅកម្រិតទាបបំផុតមួយចាប់ពីឆ្នាំ ២០០៩ ។
តាមពិតទៅ ការផ្តល់អនុសាសន៍ឲ្យ មន្ត្រីប្រើប្រាស់អ៊ីនធឺណែតនេះដើម្បីដាស់តឿនឲ្យបមន្ត្រីទាំងនោះ គ្រប់គ្រងនិងតាមដានមើលប្រតិកម្មរបស់ប្រជាជន និងអាចចេញមុខបកស្រាយផងឬកែតម្រូវផង បើសិនមានការយល់ច្រលំ ឬការបញ្ចេញមតិយោបល់មិនត្រឹមត្រូវកើតឡើង។
បើតាមការលើកឡើងរបស់លោក ស៊ី ជិនពីង វាបង្ហាញថា ការភ្ជាប់និងប្រើប្រាស់អ៊ឺនធឺណែតនៅក្នុងប្រទេសចិន មានភាពល្អប្រសើរ ហើយប្រជាជនមានសិទ្ធិពេញលេញក្នុងការប្រើប្រាស់អ៊ឺនធឺណែតដូច្នេះដែរ។ ហើយកាលពីចុងឆ្នាំមុន លោក ស៊ី ជិនពីង ផ្ទាល់នោះការបានថ្លែងជាសាធារណថា ប្រជាជនចិនគួរតែអាចនិយាយស្តីឬបញ្ចេញមតិតាមអ៊ីនធឺណែតបានដោយសេរីផងដែរ។
យ៉ាងណាមិញ ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមនិងអ៊ីនធឺណែតនៅចិននៅតែស្ថិតក្នុងស្ថានភាពអាក្រក់និងស្ថិតក្រោមការរឹតត្បិតពីសំណាក់អាជ្ញាធចិននៅឡើយ។ ហើយកន្លងមករដ្ឋាភិបាលលោក ស៊ី ជិនពីងបានសម្រេចអនុវត្តវិធានការដែលរឹតបន្តឹងការគ្រប់គ្រងការប្រើប្រាសអ៊ីនធឺណែត ដែលវាប៉ះពាល់ដល់សិទ្ធិសេរីភាព។ អាជ្ញាធរក្រុងប៉េកាំងអះអាងថា ការរឹតត្បិតការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណែត វាមានសារសំខាន់ក្នុងការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណនៅចិន។ ហើយរបបនេះចាត់ទុកថា អ៊ីនធឺណែតជាត្រូវបានប្រើប្រាស់ដោយភេរវជន ហើយវាក៏ក្លាយជាកន្លែងផ្សព្វផ្សាយមនោគមន៍វិជ្ជាបរទេសដែលអាចបង្កអស្ថិរភាពនៅចិនថែមទៀត៕
.
Tag:
ស៊ី ជិនពីង
ចិន
អ៊ីនធឺណែត
© រក្សាសិទ្ធិដោយ thmeythmey.com