អន្តរជាតិ
នយោបាយអន្តរជាតិ
អាមេរិកនឹងដាក់រូបស្ត្រីលើក្រដាសប្រាក់របស់ខ្លួនឡើងវិញ
×
សកម្មជនប្រឆាំងនឹងទាសភាពលោកស្រី Harriet Tubman នឹងក្លាយជាជនជាតិអាមេរិកដើមកំណើតអាហ្វ្រិកដំបូងគេ ដែលនឹងត្រូវដាក់លើក្រដាសប្រាក់របស់អាមេរិក នៅពេលដែលរូបលោកស្រីនឹងត្រូវដាក់លើក្រដាសប្រាក់ ២០ដុល្លារជំនួសរូបអតីតប្រធានាធិបតីលោក Andrew Jackson។ លោកស្រីក៏ក្លាយជាស្ត្រីទីមួយដែលត្រូវដាក់លើក្រដាសប្រាក់របស់អាមេរិកផងដែរ ខណៈដែលរយៈពេលជាងមួយសតវត្សរ៍ចុងក្រោយនេះ ក្រដាសប្រាក់ទាំងអស់ដាក់សុទ្ធតែរូបបុរស។
ក្រសួងរតនាគារអាមេរិកនិយាយថា ស្ត្រីស្បែកខ្មៅ Harriet Tubman នឹងត្រូវដាក់លើផ្នែកខាងមុខនៃក្រដាសប្រាក់២០ដុល្លារជំនួសលោក Andrew Jackson ហើយលោកJackson នឹងត្រូវដាក់នៅផ្នែកខាងក្រោយវិញ។ លោកស្រី Harriet Tubman ជាទាសករម្នាក់ដែលកើតនៅសតវត្សរ៍១៩ ខណៈដែលអតីតប្រធានាធិបតីJackson ជាម្ចាស់ទាសករជំនាន់នោះ។ នេះមានន័យថា លោកស្រី Harriet Tubman នឹងក្លាយជាស្ត្រីអាមេរិកកាត់អាហ្វ្រិកដំបូង ដែលមានរូបលើរូបិយវត្ថុអាមេរិក។
ព្រមគ្នាជាមួយការកែប្រែលើក្រដាសប្រភេទ២០ដុល្លារ រដ្ឋមន្ត្រីរតនាគារអាមេរិកលោក Jack Lew និយាយនៅថ្ងៃទី២០ ខែមេសាថា ក្រដាសប្រាក់ប្រភេទ៥ដុល្លារ និង១០ដុល្លារក៏មានការកែប្រែផងដែរ។ លោកថា ការកែប្រែនេះគឺជាឱកាសដើម្បីរម្លឹកពីប្រវត្តិសាស្ត្រអាមេរិក។
បើតាម Reuters ក្រដាសប្រាក់ប្រភេទ៥ដុល្លារនឹងមានរូបស្ត្រី៥នាក់ដែលជាមេដឹកនាំចលនាស្ត្រីនៅផ្នែកខាងក្រោយ ចំណែកនៅផ្នែកខាងមុខគឺនៅតែជារូបលោក Alexander Hamilton ដែលជាស្ថានិកអាមេរិកដដែល។ នៅលើក្រដាសប្រាក់១០ដុល្លារ នឹងមានរូបអតីតស្ត្រីទីមួយ leanor Roosevelt និងសកម្មជនសិទ្ធិមនុស្សលោក Martin Luther King Jr. នៅផ្នែកខាងក្រោយ ហើយរូបលោកប្រធានាធិបតី Abraham Lincoln នឹងរក្សាកន្លែងខាងមុខ។
យ៉ាងណាក្ដី លោក Lew បញ្ជាក់ថា ការកែប្រែថ្មីទាំងនេះនឹងត្រូវបញ្ចេញនៅឆ្នាំ២០២០ឯណោះ ហើយនឹងត្រូវដាក់ប្រើតាមតែអាចធ្វើបាន តែលោកមិនបានបញ្ជក់ពេលវេលាច្បាស់លាស់នោះទេ។ លោកបន្តថា ការកែប្រែលើក្រដាសប្រាក់១០ដុល្លារ រំពឹងថា នឹងចេញប្រតិបត្តិការមុនគេ។
សូមរម្លឹកថា កន្លងមក ប្រាក់ដុល្លារអាមេរិកក៏ធ្លាប់មានដាក់រូបស្ត្រីផងដែរដូចជា រូបលោកស្រី Martha Washington លើក្រដាសប្រាក់ប្រភេទ១ដុល្លារ ដែលដាក់ពីឆ្នាំ១៨៩១ដល់ឆ្នាំ១៨៩៦។ ចំណែកឯក្រដាស២០ដុល្លារក៏ធ្លាប់ដាក់រូប Pocahontas ដែលជាស្ត្រីជនជាតិដើម ពីឆ្នាំ១៨៦៥ដល់ឆ្នាំ១៨៦៩ដែរ។ ក្រៅពីប្រភេទក្រដាសប្រាក់ គេក៏ធ្លាប់ឃើញមានរូបស្ត្រីលើកាក់ដូចគ្នាដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com