អន្តរជាតិ
អាមេរិក និង​សម្ព័ន្ធមិត្ត​ឈូង​សមុទ្រ​ពែ​ក្សឯកភាពគ្នា​រាំងខ្ទប់​ការរត់ពន្ធ​អាវុធ​របស់​អ៊ីរ៉ង់​
21, Apr 2016 , 3:35 pm        
រូបភាព
​សហរដ្ឋអាមេរិក និង​បណ្ដា​សម្ព័ន្ធមិត្ត​អារ៉ាប់​របស់ខ្លួន បាន​ព្រមព្រៀងគ្នា​លើ​ការពង្រាយ​កង​ល្បាត​ដែនសមុទ្រ​ដើម្បី​ទប់ស្កាត់​ការរត់ពន្ធ​អាវុធ​ពី​អ៊ីរ៉ង់​ទៅកាន់​យេ​ម៉ែន ដែល​កំពុង​វាយ​ប្រយុទ្ធ​គ្នា​នៅឡើយ​។ ភាគី​ទាំងពីរ​សម្រេច​ដូចនេះ ក្នុងជំនួប​រវាង​រដ្ឋ​មន្ត្រី​ការពារជាតិ​អាមេរិក​លោក Ash Carter និង​សម​ភាគី​មកពី​ប្រទេស​សមាជិក​ក្រុមប្រឹក្សា​ឈូង​សមុទ្រ​នៅ​ទីក្រុង​រី​យ៉ា​ដ​។



សូមស្ដាប់ព័ត៌មានលម្អិត៖



​ប្រទេស​ឈូង​សមុទ្រ​ពែ​ក្ស និង​សហរដ្ឋអាមេរិក​បាន​យល់ព្រម​អនុវត្ត​ការ​ល្បាត​សមុទ្រ​រួមគ្នា ក្នុង​គោលបំណង​រារាំង​ការដឹកជញ្ជូន​អាវុធ​តាម​នាវា​ពី​អ៊ីរ៉ង់​ទៅកាន់​យេ​ម៉ែន​។ អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​ប្រទេស​ឈូង​សមុទ្រ Abdullatif al-Zayani និយាយថា ទាំង​សមាជិក​ខ្លួន​និង​អាមេរិក​នឹងចូលរួម​ការ​ល្បាត​ដែល​សំដៅ​បញ្ឈប់​ការរត់ពន្ធ​អាវុធ​ទាំងនោះ​។

​ការសម្រេច​នេះ កើតឡើង​នៅពេល​រដ្ឋមន្ត្រី​ការពារ​អាមេរិក​លោក Ash Carter ដែល​អមដំណើរ​លោក​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា ទៅកាន់​អា​រ៉ា​ប៊ី សា​អូឌីត បាន​ជួបពិភាក្សា​បញ្ហា​នេះ​ជាមួយ​សម​ភាគី​របស់លោក​ដែលជា​សមាជិក​ក្រុមប្រឹក្សា​ប្រទេស​ឈូង​សមុទ្រ​។ ក្នុងជំនួប​នៅ​ទីក្រុង​រី​យ៉ា​ដ​នៅ​ថ្ងៃទី​២០ ខែមេសា អាមេរិក​និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​ក៏បាន​ព្រមព្រៀង​លើ​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​លើ​ការពង្រឹង​ការការពារ​មី​ស៊ី​ល​និង​កងកម្លាំង​ពិសេស ក៏ដូចជា​សន្តិសុខ​លើ​ដែនសមុទ្រ​ផងដែរ​។​

​គេ​អាច​យល់បាន​ថា ការសហការ​គ្នា​រវាង​អាមេរិក​និង​រដ្ឋ​ឈូង​សមុទ្រ​ដើម្បី​ត្រួតពិនិត្យ​សមុទ្រ ជា​សញ្ញា​បង្ហាញ​ពី​ការយកចិត្ត​របស់​អាមេរិក​ចំពោះ​សម្ព័ន្ធមិត្ត​របស់ខ្លួន​។ នេះ​ក៏​ដោយសារ​កន្លងមក រដ្ឋបាល​លោក អូ​បា​ម៉ា ហាក់​ធ្វើ​ព្រងើយ​នឹង​សម្ព័ន្ធមិត្ត ហើយ​បែរជា​ងាក​ទៅជិត​ស្និទ្ធ​ជាមួយ​អ៊ីរ៉ង់​ក្នុង​សំណុំរឿង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​។

​រដ្ឋ​សមាជិក​ក្រុមប្រឹក្សា​ឈូង​សមុទ្រ ជាពិសេស​អា​រ៉ា​ប៊ី​សា​អូឌីត មាន​មន្ទិលសង្ស័យ​លើ​របប​ដឹកនាំ​ក្រុង​វ៉ាស៊ីនតោន​ដែល​បន្ទន់​ជំហរ​ដាក់​អ៊ីរ៉ង់​ដែលជា​សត្រូវ​ស៊ីសាច់ហុតឈាម​របស់ខ្លួន ដោយ​ព្រម​បង្កើត​ឲ្យ​មាន​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ផង​។ ពួកគេ​បារម្ភ​ពី​សុវត្ថិភាព​និង​សន្តិសុខ​ជាតិ​នៅពេល​អ៊ីរ៉ង់​រួចផុត​ពី​ទណ្ឌកម្ម​អន្តរជាតិ ហើយ​ភ័យខ្លាច​ថា​ថ្ងៃ​ណាមួយ​អ៊ីរ៉ង់​នឹង​ឈានទៅ​ផលិត​អាវុធ​នុយក្លេអ៊ែរ​ផង​នោះ​។ 

​សូមបញ្ជាក់ថា មួយរយៈ​ពេល​ចុង​ក្រោយនេះ ទំនាក់ទំនង​រវាង​អាមេរិក និង​សម្ព័ន្ធមិត្ត​អារ៉ាប់ មិនសូវ​ជា​ស៊ីចង្វាក់​គ្នា​ទេ​។ លោក​ប្រធានាធិបតី អូ​បា​ម៉ា ធ្លាប់ប្រើ​ពាក្យ​ធ្ងន់​រិះគន់​សម្ព័ន្ធមិត្ត​នៅ​មជ្ឈិមបូព៌ា​ដែល​មិន​ជួយ​ចូក​ជួយ​ចែវ បែរ​ទុក​ឲ្យ​អាមេរិក​រងបន្ទុក​ធ្ងន់​ម្នាក់ឯង​ដូចជា ក្នុង​អន្តរាគមន៍​យោធា​នៅ​លី​ប៊ី​ជាដើម​។ លើសពីនេះទៅទៀត លោក អូ​បា​ម៉ា ក៏បាន​ប្រាប់ អា​រ៉ា​ប៊ី សា​អូឌីត​គួរ​ចែក «​តំបន់​មជ្ឈិមបូព៌ា​»​ជាមួយ​រដ្ឋ​ប្រកាន់​សាសនា​ឥស្លាម​និកាយ​ស៊ី​អ៊ី​ត អ៊ីរ៉ង់​ផងដែរ​។ សម្តី​របស់​ប្រធានាធិបតី​អាមេរិក​នេះ បាន​បង្ក​ឲ្យ​ក្រុង​រី​យ៉ា​ដ​ខឹងសម្បារ​ជាខ្លាំង​។

​យ៉ាងណាក៏ដោយ គេ​រំពឹងថា ទស្សនកិច្ច​របស់លោក អូ​បា​ម៉ា មក​តំបន់​នេះ នឹង​ជួយ​សម្រួល​ស្ថាន​ការដែល​កំពុង​តានតឹង ហើយ​លោក អូ​បា​ម៉ា ទំនងជា​យក​ពេលនេះ​រក​វិធី​ដោះស្រាយ​ជាមួយ​សម្ព័ន្ធមិត្ត​របស់​ខ្លួន​មិនខានឡើយ​។ នេះ​ក៏​ដោយសារតែ​អាមេរិក​មិនអាច​អត់​រដ្ឋ​ឈូង​សមុទ្រ​នេះ​បានទេ ក្នុងការ​ពង្រឹង​ឥទ្ធិពល​របស់ខ្លួន​នៅ​តំបន់​មជ្ឈិមបូព៌ា​៕


Tag:
 ​អាមេរិក​
 ​ អ៊ីរ៉ង់​
 ​ ឈូង​សមុទ្រ​ពែ​ក្ស
© រក្សាសិទ្ធិដោយ thmeythmey.com