អន្តរជាតិ
ចិន អន់ចិត្ត​ខ្លាំង ក្រោយ​អង់គ្លេស​ថា​ខ្លួន​ជា​អ្នកបង្ក​ភាព​តានតឹង​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​
21, Apr 2016 , 8:19 pm        
រូបភាព
ដោយ:
​ជម្លោះ​អធិបតេយ្យ​សមុទ្រ​ចិន​ខាងត្បូង បាននិងកំពុង​តែ​ឡើងក​ម្តៅ​កាន់តែខ្លាំង ដ្បិត​ខណៈ​អវត្តមាន​នៃ ដំណោះស្រាយ រដ្ឋ​ទាមទារ​ក្នុង​តំបន់​ជម្លោះ​ជាពិសេស​ចិន បាននិងកំពុង​តែ​ប្រឹងប្រែង​បន្តសកម្មភាព​កាន់ តែ​ច្រើន និង​សកម្ម​ក្នុង​តំបន់​នោះ​។ ជាមួយគ្នានេះ​អង់គ្លេស​ដែល​រដ្ឋ​ខាងក្រៅ​នៃ​ជម្លោះ បាន​ព្រួយបារម្ភ ចំពោះ​ស្ថានភាព និង​ថែមទាំង​ដាក់បន្ទុក​ទៅលើ​ចិន​ដែលជា​ដៃគូ​ពាណិជ្ជកម្ម​មួយ​របស់ខ្លួន​នោះ​ថា​ជា​អ្នក​ដែល​បង្ក​ឲ្យ​មាន​ភាព​តានតឹង​ដែល​ការលើកឡើង​នេះ​ធ្វើ​ឲ្យ​ចិន អន់ចិត្ត​ជាខ្លាំង​ជាមួយនឹង​អង់គ្លេស​។​



​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ស្រងាកចិត្ត​ជាខ្លាំង​ជាមួយនឹង​ការលើកឡើង​របស់​មន្ត្រី​ការទូត​ជាន់ខ្ពស់ អង់គ្លេស​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង និង​ថែមទាំង​ចោទ​អង់គ្លេស​ថា មិនបាន​ក្រឡេកមើល​គ្រប់​ជ្រុង ជ្រោយ និង​លម្អៀង​។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោកស្រី Hua Chunying នៅ​ថ្ងៃទី​២០ ខែមេសា ម្សិលមិញ​។

​សូម​រម្លឹក​បន្តិច​ដែរ​ថា នៅ​ថ្ងៃទី​១៨ ខែមេសា​កន្លងទៅ រដ្ឋមន្ត្រីការបរទេស​អង់គ្លេស​លោក Hugo Swire បាន​ថ្លែងថា​ការកើនឡើង​នៃ​ភាព​តានតឹង​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង បានកើត​ចេញពី​សកម្ម​ភាព​វាតទី របស់​ចិន​។ លោក ថា អង់គ្លេស នឹង​ឈរ​នៅ​ខាង​អាមេរិក​ក្នុងការ​គាំទ្រ​នូវ​ការ​ដំណើរការ​នៃ​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ​ដែល​ប្តឹង​ដោយ​ហ្វីលីពីន​ពី​ការបំពាន​របស់​ចិន​ក្នុង​តំបន់​ជម្លោះ​ថា​ជា​ប្រភេទ​សេចក្តីសម្រេច​មួយ​ដែលមាន​លក្ខណៈ​ចាប់បង្ខំ​ភាគី​ទាំងពីរ​(​ចិន និង​ហ្វីលីពីន​)​ដើម្បី​អនុវត្ត​។​

​ឆ្លើយតប​នឹង​ការលើកឡើង​នេះ​លោកស្រី Hua Chunying ថា ការអះអាង​របស់លោក Hugo Swire មិនបាន​ផ្តោតលើ​អង្គហេតុ និង​មាន​ភាពលម្អៀង​ទាំងស្រុង​។ នេះ​បើ​យោងតាម​សារព័ត៌មាន People’s Daily ដែល​ដកស្រង់​សម្តី​របស់​លោកស្រី Hua Chunying ដែលថា នេះ បាន​បង្ហាញថា​អង់គ្លេស​មិន បាន​គោរព​ទៅនឹង​ការតាំង​ចិត្ត​របស់ខ្លួន​កន្លងមក ថា​នឹងមិន​ប្រកាន់​ឈរ​ទៅលើ​បញ្ហា​ដែល​ទាក់ទង​នឹង​ជម្លោះ​អធិបតេយ្យ​នោះ​។ ហើយ​ចិន «​ពិតជា​អន់ចិត្ត​យ៉ាងខ្លាំង​ជាមួយនឹង​ការលើកឡើង​នេះ​។

​ផ្ទុយ​ពី​ការអះអាង​របស់លោក Hugo Swire លោកស្រី Hua Chunying បាន​សង្កត់ធ្ងន់ថា អ្នក​ដែល​បង្ក ហេតុ​ពិតប្រាកដ​នោះ​គឺ អាមេរិក និង​ហ្វីលីពីន​ដែល​បាន​លួច​ចាប់​គ្នា​បង្កើត​ភាព​តានតឹង​ក្នុង​ដែនសមុទ្រ​តាមរយៈ​សកម្មភាព​នាវា​ល្បាត និង​យន្តហោះ​ចម្បាំង​ជាច្រើន​ពាន់​គ្រឿង​ដែល​គ្រប់គ្នា​មើលឃើញថា​ជា​រឿង​ធម្មតា​។ យ៉ាងណាក៏ដោយ ទាក់ទិន​នឹង​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ​វិញ​នោះ លោកស្រី មិនបាន​បញ្ជាក់​ច្រើន​នោះទេ ដ្បិត​ចិន ធ្លាប់​បា​និយាយ​ពី​រឿង​នោះ​ច្រើនដង​មកហើយ​។ ហើយ​នោះ​គឺ ចិន បាន​លើកឡើងថា​ការបដិសេធ​មិន​ចូលរួម​ក្នុង​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ​គឺ​សិ​ទិ្ធ​របស់​ចិន​ដែល​បានបញ្ជាក់ នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ចិន​ឆ្នាំ​២០០៦​លើ​អនុសញ្ញា​ស្តីពី​ច្បាប់​សមុទ្រ​រួចទៅហើយ​។

​សូមបញ្ជាក់​ផងដែរ ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង មាន​រដ្ឋ​ជាប់​ពាក់ព័ន្ធ​ដូចជា​រដ្ឋ​សមាជិក​អាស៊ាន ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម ជាមួយនឹង​ចិន​៕


Tag:
 សមុទ្រ​ចិន​ខាងត្បូង​
  ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com