អន្តរជាតិ
មជ្ឈត្តការអន្តរជាតិឡាអេ មានយុត្តាធិការលើសំណុំរឿងដ៏ស្មុគស្មាញសមុទ្រចិនខាងត្បូងឬទេ?
× ជម្លោះសមុទ្រចិនខាងត្បូង បានក្លាយជាសំណុំរឿងក្នុងតំបន់ដ៏ស្មុគស្មាញ និងពិបាករកដំណោះស្រាយដែលអាចទទួលយកបានសម្រាប់ភាគីជម្លោះទាំងអស់។ ទាំងការដោះស្រាយជាលក្ខណៈទ្វេភាគី និង ទាំងការដោះស្រាយពហុភាគី សុទ្ធសឹងតែមិនអាចធ្វើទៅបាន ដ្បិតមានការជំទាស់ពីរដ្ឋទាមទារក្នុងតំបន់ ជម្លោះ។ សហគមន៍អន្តរជាតិ តែងតែជំរុញឲ្យមានការដោះស្រាយគ្នាតាមមធ្យោបាយច្បាប់ និងពិសេស នោះភាគីទាមទារគួរដោះស្រាយតាមរយៈមជ្ឈត្តការនៃតុលាការអន្តរជាតិ។ តើមជ្ឈត្តការអន្តរជាតិ ពិតជា ជួយដោះស្រាយបញ្ហានេះដែរឬយ៉ាងណា?
ពិតប្រាកដណាស់ជម្រើសដែលស្របច្បាប់ និងត្រឹមត្រូវបំផុតក្នុងការដោះស្រាយជម្លោះសមុទ្រចិន ខាងត្បូងដើម្បីអាចបញ្ជៀសពីការប្រឈមមុខផ្នែកយោធា ឬយោធាតូបនីយកម្ម គឺជាការដោះស្រាយ ក្រោមច្បាប់អន្តរជាតិ។ ក៏ប៉ុន្តែអ្វីដែលជាអ្វីបញ្ហា និងជាចំណុចរាំងស្ទះនៃការដោះស្រាយនៃជម្លោះនោះ គឺរដ្ឋទាមទារអាស៊ានដែលរួមមានព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម យោងអំណេះអំណាង ច្បាប់អន្តរជាតិមកដោះស្រាយ ខណៈ ចិន ជារដ្ឋទាមទារស្ទើរតែទាំងស្រុងយោងតាមកត្តាប្រវត្តិសាស្ត្រតាំងយូរយារណាស់មកហើយនោះ។
កន្លងមក ដោយសារអវត្តមាននៃដំណោះស្រាយរួមគ្នា បានបើកផ្លូវឲ្យចិន បន្តគោលនយោបាយវាតទី ក្នុងតំបន់ជម្លោះដោយរួមទាំងកោះសិប្បនិម្មិត និងពង្រាយយោធា ដែលបានបំពានទៅលើតំបន់ទាមទារដែលរដ្ឋអាស៊ានបានទាមទារផងដែរនោះ។ ជាមួយគ្នាហ្វីលីពីនដែលរដ្ឋពាក់ព័ន្ធដែល អាចទុកថាអង់អាចជាងគេ បានប្តឹងប្រឆាំងចិនដែលបំពានអធិបតេយ្យខ្លួនទៅកាន់មជ្ឈត្តការនៃតុលាការអន្តរជាតិ។
១.អ្វីជាមជ្ឈត្តការនៃតុលាការអន្តរជាតិលើសំណុំរឿងសមុទ្រចិនខាងត្បូង?
មជ្ឈត្តការនៃតុលាការអន្តរជាតិ(Permanent Court of Abitration) គឺជាអង្គការអន្តររដ្ឋាភិបាលមួយដែលមានត្រូវបង្កើតដោយសន្ធិសញ្ញា មួយក្នុងឆ្នាំ១៨៩៩ ដែលមានទីតាំងក្នុងក្រុងឡាអេ នៃប្រទេសហូឡង់។ តុលារការនេះ ផ្តល់សេវាកម្ម ក្នុងការដោះស្រាយជម្លោះផ្សេងៗចំពោះសហគមន៍អន្តរជាតិដោយរួមបញ្ចូលទាំងជម្លោះដែនសមុទ្រផងដែរ។
ក្នុងឆ្នាំ២០១៣ ហ្វីលីពីន បានសម្រេចប្តឹងចិនទៅកាន់មជ្ឈត្តការអន្តរជាតិដោយបានចោទចិនថា បានរំលោភលើតំបន់សេដ្ឋកិច្ចផ្តាច់មុខ(EEZ)របស់ខ្លួនដែលបានកំណត់ដោយអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២(UNCLOS)។ តែចិន បានបដិសេធមិនចូលរួមក្នុងដំណើរការ នៃការជំនុំជម្រះនេះនោះទេ។ បើទោះបីជាគ្មានវត្តមានចិនចូលរួមក៏ដោយ នៅចុងឆ្នាំ២០១៥ មជ្ឈត្តករនៃមជ្ឈត្តការនៃតុលាការអន្តរជាតិបានប្រកាសពីយុត្តាធិការក្នុងការជំនុំជម្រះបញ្ហានេះតាមបណ្តឹងរបស់ហ្វីលីពីនថាតើសកម្មភាពរបស់ចិនពិតជាបានបំពានអធិបតេយ្យរបស់ហ្វីលីពីនឬយ៉ាងណា។ ការសួរដេញដោលឬជំនុំជម្រះចុងក្រោយ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ ហើយ ការប្រកាសមជ្ឈត្តវិនិច្ឆ័យនៃសំណុំរឿងនេះ ត្រូវបានរំពឹងថា នឹងត្រូវបានប្រកាសនៅខែឧសភា និងមិថុនាខាងមុខ ពោលគឺនៅពេលតុលាការបានពិនិត្យចប់សព្វគ្រប់ចំពោះភស្តុតាងរបស់ហ្វីលីពីនទាំងផ្ទាល់មាត់ និងជាអត្ថបទ។
២. មជ្ឈត្តវិនិច្ឆ័យនៃមជ្ឈត្តការអន្តរជាតិ អំណាចចាប់បង្ខំចិនឬទេ?
បើយោងតាមអនុញ្ញាស្តីពីច្បាប់សមុទ្រ សេចក្តីសម្រេចរបស់មជ្ឈត្តការអន្តរជាតិ គឺមានលក្ខណៈចាប់ បង្ខំ បើទោះជាចិនអវត្តមានក៏ដោយ។ នេះ មានន័យថា នៅពេលមជ្ឈត្តការប្រកាសសេចក្តីសម្រេចនោះ ភាគីទាំងហ្វីលីពីន និងចិន ត្រូវតែអនុវត្តជាដាច់ខាត។
ជុំវិញបញ្ហានេះ មន្ត្រីជាន់ខ្ពស់អាមេរិក កាលពីខែមីនា នាឱកាសសន្និសីទតាមទូរសព្ទ ក៏បានបកស្រាយ និងលើកឡើងហេតុផលមួយចំនួនផងដែរ។ លោកស្រីភារធារី Colin Willett ថាករណីនេះ មិនទាក់ទងនឹងសំណួរថាតើ អ្នកណាមានអធិបតេយ្យលើតំបន់សមុទ្រចិនខាងត្បូងនោះទេ តែ សេចក្តីសម្រេចនោះ នឹងផ្តល់សារៈសំខាន់អំពីលំហដែនសមុទ្រ សិទ្ធិរបស់ភាគីទាមទារក្នុងដែនសមុទ្រ និងធនធានរបស់ខ្លួនផងដែរ។ ជាមួយគ្នានេះ លោកស្រី ក៏បានលើកពីគុណប្រយោជន៍បីចំណុចនៃមជ្ឈត្តការនោះ។ ទី១ មជ្ឈត្តវិនិច្ឆ័យ ឬសេចក្តីសម្រេច នឹងមានលក្ខណៈចាប់បង្ខំទៅលើភាគីទាំងពីរហ្វីលីពីន និងចិន។ ទី២ សេចក្តីសម្រេច នឹងជួយបង្រួមលំហដែនសមុទ្រដែលកំពុងតែមានជម្លោះ។ ទី៣ ការបកស្រាយពីសិទ្ធិដែនសមុទ្រក្នុងសមុទ្រចិនខាងត្បូង នឹងជួយជំរុញនូវចំណងការទូតបែបស្ថាបនាដែលវានឹងជួយកាត់បន្ថយនូវភាពតានតឹង និងបើកទ្វារសម្រាប់កិច្ចសហប្រតិបត្តិការដ៏ប្រសើរមួយផងដែរ។
តែបើយើងក្រឡេកទៅលើការបកស្រាយរបស់ចិនវិញ ការបង្កើតមជ្ឈត្តការដោយឯកតោភាគីរបស់ហ្វីលីពីន បានបំពាននឹង«សិទ្ធិអធិបតេយ្យរបស់ចិន»ដែលបានបញ្ញត្តិក្នុងអនុសញ្ញាអង្គការសហប្រជា ជាតិស្តីច្បាប់សមុទ្រឆ្នាំ១៩៨២។ នោះគឺរដ្ឋាភិបាលក្រុងប៉េកាំងបានលើកភស្តុតាងនៃអវត្តមានខ្លួនក្នុង មជ្ឈត្តការនោះថា បើយោងតាមមាត្រា២៩៨ នៃ UNCLOS ចិន បានធ្វើសេចក្តីប្រកាសមួយដោយដកចេញ ជម្លោះទាក់ទងនឹងការកំណត់ដែនសមុទ្រ, ទាក់ទងតំបន់ឆ្នេរប្រវត្តិសាស្ត្រ, សកម្មភាពយោធានិង សកម្មភាពនៃការអនុវត្តច្បាប់ ដែលជាការអនុវត្តសិទ្ធិអធិបតេយ្យ ឬយុត្តាធិការពីការដោះស្រាយមជ្ឈត្តការដែលមានលក្ខណៈចាំបាច់ (Compulsory Arbitration) និងនីតិវិធីនៃការដោះស្រាយជម្លោះនានា ដែលមានលក្ខណៈចាប់បង្ខំផងដែរ។ ជារួមចិនបានប្រកាសមិនទទួលយកមជ្ឈត្តការដើម្បីដោះស្រាយបញ្ហាអធិបតេយ្យនោះទេ។
ការបកស្រាយផ្សេងៗគ្នាដោយឯកតោភាគីនេះ បានបន្សល់ជាសំណួរមួយថាតើ«មជ្ឈត្តការអន្តរជាតិ មានយុត្តាធិការលើចិនឬយ៉ាងណា?»។
ក្នុងក្រសែភ្នែកអ្នកវិភាគ បើទោះបីជាតុលាការអះអាងថាមានយុត្តាធិការ ឬ រកឃើញថា ចិន បានរំលោភបំពានដែន អធិបតេយ្យហ្វីលីពីនក៏ដោយ សេចក្តីសម្រេចនោះ មិនមានន័យអ្វីឡើយសម្រាប់ចិន ដ្បិតចិន មិនដែលទទួលស្គាល់សវនាការនៃការជំនុំជម្រះនោះម្តងណានោះទេ។ មួយវិញទៀតនោះ មជ្ឈត្តការនៃតុលាការអន្តរជាតិ ក៏មិនមានវិធានការក្នុងការចាប់បង្ខំឲ្យចិនអនុវត្តផងដែរ។ ក៏ប៉ុន្តែអ្វីដែលហ្វីលីពីន អាចចំណេញក្នុងនីតិវិធីមួយនេះ នោះគឺបើចិន ពិតជាបានបំពានមែននោះ ចិន នឹងត្រូវបាត់បង់កេរ្តិ៍ឈ្មោះ ក្នុងឆាកអន្តរជាតិ ជាពិសេសលើការអនុវត្តច្បាប់៕
Tag:
សមុទ្រចិនខាងត្បូង
មជ្ឈត្តការអន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com