អន្តរជាតិ
យន្តហោះ​ចាស់វស្សា B-52 ចេញ​កម្ទេច​ក្រុម​ជី​ហាត​ដែ​ស្ហ​លើកដំបូង​
21, Apr 2016 , 10:19 pm        
រូបភាព
ដោយ: ថ្មីៗ
​យន្តហោះ​ទម្លាក់​គ្រាប់ B-52 ដែល​ក្រុង​វ៉ាស៊ីនតោន​បញ្ជូន​ទៅកាន់​មជ្ឈិមបូព៌ា​នោះ​ចាប់ផ្តើម​កម្ទេច​ក្រុម​រដ្ឋ​ឥស្លាម​លើកដំបូង​បំផុត​នៅ​ដើម​សប្តាហ៍​នេះ​។ យន្តហោះ​ទម្លាក់​គ្រាប់បែក​នេះ​ត្រូវបាន​គេ​បញ្ជូន​ចេញពី​កាតា ទៅ​អ៊ីរ៉ាក់​នៅ​ដើមខែ​មេសា​នេះ ដើម្បី​ជំនួស​តំណែង​យន្តហោះ​ទម្លាក់​គ្រាប់ B-1 ដែល​ត្រូវ​ទទួល​ការជួសជុល​និង​អភិវឌ្ឍ​បន្ថែមទៀត​នោះ​។​



​ថ្ងៃ​ពុធ​ទី ២០ មេសា ម្សិលមិញ កងទ័ពអាកាស​អាមេរិក​បាន​អះអាងថា យន្តហោះ​ទម្លាក់​គ្រាប់បែក​ស៊េរី​ចាស់​តែ​ខ្លឹម B-52 បានចាប់ផ្តើម​បើក​ការប្រយុទ្ធ​ដោយ​ប្រមាញ់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហ (Daesh) ជា​លើកដំបូង​កាល​ដើម​សប្តាហ៍​នេះ ។ វា​ជា​ប្រតិបត្តិការ​យោធា​លើកដំបូង​បំផុត​របស់​យន្តហោះ B-52 នៅ​មជ្ឈិមបូព៌ា រាប់​ចាប់តាំងពី​ឆ្នាំ ១៩៩១ ពេល​សង្គ្រាម​ឈូង​សមុទ្រ​ផ្ទុះឡើង​។​

​យោងតាម​សារព័ត៌មាន​យោធា​អាមេរិក Military  យន្តហោះ B-52 នេះ​បាន​ហោះហើរ​ចេញពី​មូលដ្ឋាន​យោធា​អាមេរិក al-Udeid នៅ​កាតា​ទៅកាន់​ប្រទេស​អ៊ីរ៉ាក់ មុន​ចេញ​ច្បាំង​។ អ្នកនាំពាក្យ​កងកម្លាំង​រួម​នៅ​ទីក្រុង​បា​ដា​ដ លោក Steve Warren បាន​លើកឡើងថា ៖« នៅ​ថ្ងៃ​ចន្ទ យន្តហោះ B-52 បានចាប់ផ្តើម​ចេញ​ប្រយុទ្ធ​លើកដំបូង​ដោយ​កម្ទេច​ទីតាំង​ស្តុក​អាវុធ​ក្រុម​ដែ​ស្ហ​នៅក្នុង​តំបន់  Qayyarah នៅ​ភាគខាងត្បូង​ទីក្រុង Mosul»​។   

​តាមពិតទៅ​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 ដែល​ចេញមុខ​កម្ចាត់​ក្រុម​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហ​នោះ ត្រូវ​ជំនួស​តំណែង​យន្តហោះ​ទម្លាក់​គ្រាប់បែក B-1 ដែល​ត្រូវ​ត្រលប់​ទៅ​បន្ទាយ​នៅ​អាមេរិក​វិញ​ដើម្បី​ទទួល​ការថែទាំង និង​ជួស​ជុស រួមទាំង​ការ​បន្ទាន់​សម័យ​ផង​។  ដូច្នេះ​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 នឹងត្រូវ​ទទួលខុសត្រូវ​ទម្លាក់​គ្រាប់បែក​លើ​ទីតាំង​សត្រូវ​តាម​ការចង្អុលបង្ហាញរ​បស់​កងទ័ព និង​គាំទ្រ​ទ័ពថ្មើរជើង​របស់​ក្រុម​សម្ព័ន្ធមិត្ត​ដែល​កំពុង​ច្បាំង​ផ្ទាល់​ដី​ផង​។

​យន្តហោះ B-52 បន្ត​ប្រតិបត្តិការ​របស់ខ្លួន​ដើម្បី​កម្ចាត់​ក្រុម​រដ្ឋ​ឥស្លាម ឬ​ក្រុម​ដែ​ស្ហ​នៅ​ថ្ងៃ​អង្គារ និង​ថ្ងៃ​ពុធ​បន្តបន្ទាប់​ទៅក្នុង​តំបន់ Mosul​។​

​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 នេះ​ល្បីល្បាញ​តាំងពី​សម័យ​សង្គ្រាមត្រជាក់​មកម្ល៉េះ ហើយ​វា​បាន​ចូល​បម្រើ​វិ​ស័​យោធា​ដំបូង​បំផុត​ចាប់តាំងពី​លោក ប្រធានាធិបតី Eisenhower ស្ថិតនៅក្នុង​តំណែង​។ យន្តហោះ​នេះ​កាន់តែ​ល្បីល្បាញ​នៅពេលដែល​វា​ចេញ​ទម្លាក់​គ្រាប់​ប្រឆាំង​ទ័ព​កុម្មុយនីស្ត​នៅ​ឥណ្ឌូចិន​ផងដែរ​។ ប្រតិបត្តិការ​ចុងក្រោយ​របស់​យន្តហោះ​ទម្លាក់​គ្រាប់ B-52 គឺ​ប្រតិបត្តិការ​ព្យុះ​សមុទ្រ​ខ្សាច់​ដែល​ធ្វើឡើង​ដើម្បី​ប្រឆាំង​អ៊ីរ៉ាក់​នៅ​ទស្សវត្សរ៍​ឆ្នាំ ១៩៩០​នោះ​។ ហើយ​បន្ត​មក​យន្តហោះ​នេះ​ក៏មាន​ចំណែក​កម្ទេច​ក្រុម​ភេរវជន​តា​លី​បង់ និង​ក្រុម​អាល់​កៃ​ដា​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​ផងដែរ​៕


Tag:
 B-52
© រក្សាសិទ្ធិដោយ thmeythmey.com