អន្តរជាតិ
បាតុភូត «El Nino» អាចធ្វើ​ឲ្យ​សេដ្ឋកិច្ច​អាស៊ាន​ខាតបង់​យ៉ាងតិច​១០​ពាន់​លាន​ដុល្លារ​
22, Apr 2016 , 2:00 pm        
រូបភាព
ដោយ: ថ្មីៗ
​មកទល់ពេលនេះ​បាតុភូត El Nino បាននិងកំពុង​តែ​បង្ក​ឲ្យ​មាន​គ្រោះរាំងស្ងួត​នៅក្នុង​ប្រទេស​សមាជិក អាស៊ាន ។ ប្រទេសមួយ​ចំនូ​ន​កំពុងតែ​ប្រឈម​នឹង​ការខ្វះ​ទឹក​ដើម្បី​ស្រោចស្រព​ដំណាំ​។ ជុំវិញ​បញ្ហា​នេះ សេដ្ឋវិទូ លោក Rajiv Biswas បាន​អះអាងថា សេដ្ឋកិច្ច​អាស៊ាន អាច​នឹង​ខាតបង់​ដោយសារ​បាតុភូត​នេះ លើសពី​១០​ពាន់​លាន​ដុល្លារ និង​ច្រើនជាង​នេះ ប្រសិនបើ​វា​នៅតែ​បន្ត​។​



​លោក Rajiv Biswas ប្រធាន​សេដ្ឋកិច្ច IHS Global Insight ថ្លែងថា​ផលប៉ះពាល់​ដ៏​អាក្រក់​នៃ​បាតុភូត​អាកាសធាតុ El Nino ត្រូវបាន​រំពឹងថា​នឹង​បន្ត​រហូតដល់​ត្រីមាស​ទី​ពីរ ដែល​វា​នឹង​បង្ក​ឲ្យ​មានការ​ធ្លាក់ចុះ​នៃ​ផលិតផល​ដែល​រួមមាន អង្ករ ប្រេងដូង និង​ស្ករ​ផងដែរ​។ នេះ​បើ​យោងតាម​សារព័ត៌មាន The Edge Markets ។​

​សេដ្ឋវិទូ​រូបនោះ ក៏បាន​បន្ថែម​ដែរ​ថា El Nino បាននិងកំពុង​តែ​បង្ក​ឲ្យ​មាន​គ្រោះរាំងស្ងួត​ដ៏​ធ្ងន់ធ្ងរ​នៅក្នុង​តំបន់​ដែល​រាប់បញ្ចូល​ទាំង​ម៉ាឡេស៊ី​ផងដែរ​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ដដែល ដែល​បាន​ដកស្រង់​សម្តី លោក​ដែរ​ថា ការធ្លាក់ចុះ​នៃ​កម្រិត​ទឹក​នៅក្នុង​ទំនប់​មួយចំនួន អាច​នឹង​បង្ខំ​ឲ្យ​រដ្ឋាភិបាល​ម៉ាឡេស៊ី​យក​ទឹក​ដែល​សម្រាប់​ស្រោចស្រព​មកជា​ទឹក​ដើម្បី​ប្រើប្រាស់​ប្រចាំថ្ងៃ​វិញ​។​

​លោក​ថា ទិន្នផល​នៃ​ផលិតផល​ប្រេងដូង​ម៉ាឡេស៊ី​នៅ​ខែមីនា​កន្លងទៅ បាន​ធា្ល​ក់​ចុះ​រហូត​១៨​ភាគរយ​ដែល​តួលេខ​នេះ ទាប​ជាង​ឆ្នាំមុនៗ​។ មិន​ខុសពី​ម៉ាឡេស៊ី សេដ្ឋវិទូ​រូបនោះ ក៏បាន​លើក​ពី​ការបង្ក​នៃ​បាតុភូត​នៅក្នុង​ប្រទេស​ថៃ ដែល​លោក ថា វា​ក៏​នឹងធ្វើ​ឲ្យ​ថៃ ត្រូវ​ធា្ល​ក់​ចុះ​នៃ​ផលិត​កសិកម្ម​ស្នូល​របស់​ថៃ​ដែល​រួមបញ្ចូល​ទាំង​ស្ករស និង​ស្រូវ​ផងដែរ​នោះ​។

​សូមបញ្ជាក់​ផងដែរ​ថា El Nino គឺជា​បាតុភូត​មួយ​ដែល​បង្ក​ឲ្យ​មាន​ការឡើង​សីតុណ្ហភាព​ក្តៅ​ខ្លាំង​។ ហើយ វា​បាននិងកំពុង​តែ​វាយប្រហារ​ទៅលើ​តំបន់​មួយចំនួន​នៃ​បណ្តា​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន​រួមមាន ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា ថៃ និង​កម្ពុជា​ផងដែរ​។ ក្នុងនោះ​បើ​យោងតាម​សារាចរ​ណែនាំ​របស់​រដ្ឋាភិបាល​ក​ម្ពុ​ជា បាតុភូត​ក្តៅ El Nino នឹង​ជះឥទ្ធិពល​មកលើ​ប្រទេស​កម្ពុជា​រហូតដល់​ពាក់​កណ្តាលខែ​កក្កដា​ឆ្នាំ​២០១៦ ទើប​មាន​បាតុភូត​ត្រជាក់​ថ្មី La Nina មកលើ​ប្រទេស​ក​ម្ព​ជា​វិញ ហើយ​ភ្លៀង​ក៏​នឹង​ចាប់ផ្តើម​ធ្លាក់​ជាធម្មតា​នាពេលនោះ​វិញ​ផងដែរ ៕


Tag:
 ​អាស៊ាន
  El Nino
© រក្សាសិទ្ធិដោយ thmeythmey.com