អន្តរជាតិ
ធ្វើ​អី្វ​​ឲ្យ​បាន​មុនលោក ដូ​ណា​ល់ ត្រាំ​ ក្លាយជា​ប្រធានា​ធិបតី​អាមេរិក
22, Apr 2016 , 3:50 pm        
រូបភាព
​លោក បា​រ៉ា​ក់ អូ​បា​ម៉ា (Barack Obama) ធ្លាប់​រអ៊ូ​ថា ពេល​លោក​ជួប​មេដឹកនាំ​ប្រទេស​ជា​មិត្ត ឬ​អ្នកជំនួញ​ធំៗ គេ​តែង​ចោទសួរ​លោក​ថា «​តើ​មានរឿង​អ្វី​កើតឡើង​ពិតប្រាកដ​នៅ​អាមេរិក​? និង​តើ ដូ​ណា​ល់ ត្រាំ (Donald Trump) ពិតជា​នឹង​ឈ្នះឆ្នោត​មែន​ទេ​? ហើយ​បើ​ឈ្នះ​មែន​វា​មានន័យ​បែប​ម៉េច​សម្រាប់​ពិភពលោក​? »​។ នេះ​ក៏​ព្រោះ គេ​ភ័យខ្លាច​ថា  ដូ​ណា​ល់ ត្រាំ អាច​ក្លាយជា​ប្រធានាធិបតី​អាមេរិក ហើយ​ប្រទេស​មួ​យចំនួន​ប្រឹង​ព​ន្លឿ​ន​ការចរចា​បង្កើត​កិច្ចព្រមព្រៀង​ឲ្យ​បាន​ឆាប់​ជាមួយ​អាមេរិក​ទាន់​លោក អូ​បា​ម៉ា ស្ថិតនៅក្នុង​តំណែង​។

 


សូមស្ដាប់ព័ត៌មានលម្អិត៖



​ខណៈដែល​ការបោះឆ្នោត​ក្នុង​បក្ស​កំពុង​បន្ត​ទៅមុខ​លោក ដូ​ណា​ល់ ត្រាំ នៅតែ​បន្ត​នាំមុខគេ​ដដែល ដែល​វា​បង្ហាញថា​លោក​អាចមាន​ឱកាស​ឈ្នះ​ការតែងតាំង​ពី​បក្ស​ពេលខាងមុខថែមទៀត​។

​ជ័យជម្នះ​របស់លោក ដូ​ណា​ល់ ត្រាំ បន្តបន្ទាប់នេះ​ក្លាយជា​សុ​បិ​ន្ត​អាក្រក់​សម្រាប់​​ពិភពលោក ហើយ​វា​ក៏​ក្លាយជា​រឿង​ឈឺក្បាល​វិលមុខ​របស់​មន្ត្រី​ក្រុង​វ៉ាស៊ីនតោន រួមទាំង​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ផ្ទាល់​ដែល​។ កាលពី​ចុងខែ​មុន លោក អូ​បា​ម៉ា ត្អូញត្អែ​ថា ឲ្យ​តែ​លោក​ជួប​មេដឹកនាំ​ពិភពលោក ជា​លក្ខណៈ​ផ្លូវការ​ឬ​មិន​ផ្លូវការ​ក្តី គេ​តែង​លួចខ្សឹប​សួរ​លោក​ពី​បញ្ហានយោបាយ​អាមេរិក ពោលគឺ រឿង​លោក ដូ​ណា​ល់ ត្រាំ​។ ពួកគេ​ប្រា​ប់លោក អូ​បា​ម៉ា ថា គេ​តាមដាន នយោបាយ​អាមេរិក​ជិតស្និទ្ធ​បំផុត ហើយក៏​ស្វែងយល់ថា​តើ​មានរឿង​អ្វី​ពិតប្រាកដ​កំពុង​កើតឡើង​ក្នុង​នយោបាយ​អាមេរិក​។​

​យោងតាម​សារព័ត៌មាន​អាមេរិក Politico មន្ត្រី​ក្រុង​វ៉ាស៊ីនតោន​ម្នាក់​មិន​បង្ហាញ​អត្តសញ្ញាណ​បង្ហើប​ថា ទាំង​អនុ​ប្រធានាធិបតី ចូ បាយ​ដិ​ន (Joe Biden) រដ្ឋមន្ត្រីការបរទេស ច​ន ឃែ​រី (John Kerry)  រដ្ឋមន្ត្រី​ការពារជាតិ  អា​ស្តូ​ន កា​ទ័​រ (Ashton Carter) រួមទាំង​ឯកអគ្គរដ្ឋទូត​អាមេរិក ជាដើម​នោះ​ក៏​ជួប​រឿង​ស្រដៀង​គ្នា ពោលគឺ​ត្រូវគេ​តាម​សួរនាំ​ជានិច្ច​។ ហើយ​មន្ត្រី​ទូត​នៅតាម​ស្ថានទូត​អាមេរិក​នៅ​បរទេស​ក៏​សុំ​ការណែនាំ​ពី​សេត​វិមាន​សិន ថា​គួរ​ឆ្លើយតប​ណា​ទៅនឹង​សំណួរ​របស់​មេដឹកនាំ​ប្រទេស​ជា​មិត្ត​ជុំវិញ​បញ្ហានយោបាយ​អាមេរិក​នេះ​។​

​ចម្លើយ​ពី​ក្រុង​វ៉ាស៊ីនតោន​សម្រាប់​មេដឹកនាំ​ពិភពលោក​ពាក់ព័ន្ធ​នយោបាយ​អាមេរិក​
​យ៉ាងណាមិញ​លោក អូ​បា​ម៉ា តែ​ពន្យល់​មេដឹកនាំ​ជា​មិត្ត​ដោយ​លើកយក​ដំណើរការ​បោះឆ្នោត​នៅ​អាមេរិក ជាពិសេស​ការបោះឆ្នោត​ក្នុង​បក្ស​នាពេល​បច្ចុប្បន្ន​។ ទីមួយ​លោក​ពន្យល់ថា នៅ​រដ្ឋ​ធំៗ​ច្រើន​ទៀត​ដែល​មិនទាន់មាន​ការបោះឆ្នោត ដែល​វា​មានន័យថា ដូ​ណា​ល់ ត្រាំ មិនទាន់​ក្លាយជា​មនុស្ស​តំណាង​បក្ស​ដែរ​។ ហើយ​ក្រៅពីនេះ​លោក​ក៏​ពន្យល់​ពី​ភាពស្មុគស្មាញ​នៃ​សមាជ​បក្ស​សាធារណរដ្ឋ និង​ភាព សាំញ៉ាំ​នីតិវិធី​បោះឆ្នោត​ដែរ ដែល​វា​អាចធ្វើ​ឲ្យ​ដូ​ណា​ល់ ត្រាំ​បាត់បង់​ឱកាស​បាន​ដូចគ្នា​។  មួយវិញទៀត​លោក​ក៏​ឆ្លៀត​អះអាង​ប្រាប់​មេដឹកនាំ​ពិភពលោក​ថា លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​ឯណោះ​ទេ​ដែល​អាច​ផ្តួល​សេដ្ឋី ដូ​ណា​ល់ ត្រាំ នាពេលខាងមុខ ក្នុងករណី​លោក នៅ​ទទួលបាន​ការតែងតាំង​ពី​បក្ស​ផង​។ 

​គេ​ភ័យ​ថា អាមេរិក​រើសយក​នយោបាយ​ឯកោ​និយម បើ​ដូ​ណា​ល់ ត្រាំ ក្លាយជា​ប្រធានាធិបតី​?
​ដោយឡែក ប្រទេស​នៅ អាស៊ី​បូព៌ា មជ្ឈិមបូព៌ា អឺរ៉ុប​ខាងលិច ខាងកើត តំបន់​អាហ្វ្រិក ឬ​តំបន់​ផ្សេងទៀត​សុទ្ធតែ​បារម្ភ និង​កំពុង​ខ្វាយខ្វល់​ពី​អនាគត​នៃ​នយោបាយ​ការបរទេស​អាមេរិក​។ គេ​មិនដឹង​ពិភពលោក​នឹង​ទៅជា​យ៉ាងណា​នៅពេល ដូ​ណា​ល់ ត្រាំ​អាច​ស្នាក់នៅ​សេត​វិមាន​អាមេរិក​។

​សមាជិក​រដ្ឋសភា​បក្ស​សាធារណរដ្ឋ​លោក Adam Schiff ថា ពេល​លោក​ទៅ​ទស្សនកិច្ច​នៅ​អាហ្វ្រិក ប្រមុខរដ្ឋ​ប្រមុខ​រដ្ឋាភិបាល​អាហ្វ្រិក​លួច​សួរ​លោក​ពី​បញ្ហានយោបាយ​អាមេរិក ហើយ​ពួកគេ​ក៏​បញ្ជាក់​ផង​ថា​គេ​ភ្ងា​ក់​ផ្អើល​ដោយសារ​ជ័យជម្នះ​របស់លោក ដូ​ណា​ល់ ត្រាំ​។

​ចំណែក​នៅ​អឺរ៉ុប គេ តាមដាន​នយោបាយ​អាមេរិក​ដោយ​យកចិត្តទុកដាក់​តែ​មិនទាន់មាន​ប្រតិកម្ម​អ្វី​ទេ​។ អឺរ៉ុប​ភ័យខ្លាច​ថា អាមេរិក​នឹង​បោះបង់​តំបន់​អឺរ៉ុប​ចោល ដូច​ការលើកឡើង​រប​ស់លោក ដូ​ណា​ល់​ត្រាំ​កន្លងមក​។ លោក​ថា អាមេរិក​នឹង​ដើរ​ចេញពី​បក្សសម្ព័ន្ធ​យោធា​ណា​តូ ព្រោះ​លោក​ចាត់ទុកថា អង្គការ​ប្រកាន់ខ្ជាប់​គោលការណ៍​សន្តិសុខ​សមូហភាព​ដែល​បង្កើតឡើង​ក្នុងសម័យ​សង្គ្រាមត្រជាក់​នេះ​វា​ហួស​សម័យ​ហើយ​សម្រាប់​ពេលបច្ចុប្បន្ន​។​

​ឯកអគ្គរដ្ឋទូត​នៃរ​ដ្ឋ​បាល់​ទិ​កឡាត់​វី  Andris Razans លើកឡើងថា រដ្ឋាភិបាល​លោក​បច្ចុ្បន្ន​តាមដាន​ស្ថានការណ៍​នយោបាយ​អាមេរិក​យ៉ាង​យកចិត្តទុកដាក់ ព្រោះ​ឡា​ត់​វី​បារម្ភ​ថា ពេល ដូ​ណា​ល់ ត្រាំ ក្លាយជា​ប្រធានាធិបតី អាមេរិក​នឹង​ផ្ទេរ រដ្ឋបាល់​ទិ​ក​និង​អឺរ៉ុប​ខាងកើត ដូចជា​អ៊ុយ​ក្រែ​ន​ជាដើម​នោះ​ទៅ​ឲ្យ​រុស្ស៊ី​វិញ​។ នេះ​ក៏ដោយ​សារ ដូ​ណា​ល់ ត្រាំ អះអាងថា​លោក ត្រូវ​គ្នា​ជាមួយ​បុរស​ខ្លាំង​រុស្ស៊ី​វ្ល៉ា​ឌី​មៀ ពូ​ទីន ផងដែរ​។​

​នៅ​ខាង​អាស៊ី​ឯណោះ​វិញ ក្តីបារម្ភ​រឿង​បោះឆ្នោត​នៅ​អាមេរិក ក៏​កើតមានឡើង​ស្រដៀង​គ្នា​ដូច​នៅ​អឺរ៉ុប​ដែរ​។  លោក ដូ​ណា​ល់ ត្រាំ ធ្លាប់​អះអាងថា លោក​នឹង​ទារ​ថ្លៃ​ការពារ​ពី​សម្ព័ន្ធមិត្ត​បើសិនជា​លោក​ជាប់ឆ្នោត​មែន​។ លោក​ដកទ័ព​ពី​កូរ៉េខាងត្បូង​និង​ជប៉ុន ហើយ​អនុញ្ញាត​ឲ្យ​រដ្ឋ​ទាំងពីរ​មាន​អាវុធ​នុយក្លេអ៊ែរ​រៀងខ្លួន​ដើម្បី​ការពារ​សន្តិសុខ​។ ចុះ​ការ​រះ​ត្រដែត​ឡើង​របស់​មហា​យក្ស​ចិន និង​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ត្រូវ​ដោះស្រាយ​បែបណា​?

​សម្ព័ន្ធមិត្ត​អាមេរិក​នៅ​អាស៊ី​យល់ថា អាមេរិក​ត្រលប់​ទៅ​អនុវត្ត​គោលនយោបាយ​ឯកោ​និយម បោះបង់​សម្ព័ន្ធមិត្ត​ដែល​ធ្លាប់​ជ្រក​ក្រោម​ការការពារ​របស់​អា​មេ​រិ​ក​វិញ​។ ហើយ​នយោបាយ​ឯកោ​របស់​អាមេរិក​នឹង​ផ្តល់ឱកាស​ដល់​មហា​យក្ស​ចិន និង បណ្តាល​ឲ្យ​កិច្ចព្រមព្រៀង​ឬ​ចំណង​ពាណិជ្ជកម្ម​អាមេរិក​ជាមួយ​តំបន់​ប្រឈម​គ្រោះថ្នាក់​។  ដូច្នេះហើយ ទើបបាន​មេដឹកនាំ​មួយចំនួន​កំពុង​ស្វះស្វែង​សម្រេច​ឲ្យ​បាន​នូវ​កិច្ចព្រមព្រៀង​នានា​ជាមួយ​អាមេរិក​ក្នុង​អាណត្តិ​លោក អូ​បា​ម៉ា ទាន់​មានឱកាស ព្រោះ​គេ​មិនដឹងថា នយោបាយ​អាមេរិក​ប្រែប្រួល​បែប​ម៉េច​ទេ​បើសិនជា​លោក ដូ​ណា​ល់ ត្រាំ ក្លាយជា​ប្រ​ធានា​ធីប​តី​អាមេរិក​មែន​៕


Tag:
 ដូ​ណា​ល់ ត្រាំ​
  បា​រ៉ា​ក់ អូ​បា​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com