អន្តរជាតិ
លោក អូបាម៉ា ប្រាប់អង់គ្លេសកុំឲ្យចាកចេញពីតំបន់អឺរ៉ុប
× ក្រោយចាកចេញពីអារ៉ាប៊ី សាអូឌីត ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បានទៅដល់អង់គ្លេសនៅថ្ងៃទី២១ ខែមេសា ជាមួយនឹងគោលដៅសំខាន់មួយ គឺបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តចាក់ទឹកមិនលិចមួយនេះមិនឲ្យចាកចេញពីតំបន់អឺរ៉ុបទេ។ យ៉ាងណាមិញ ប្រជាជនអង់គ្លេសដែលនឹងត្រូវធ្វើប្រជាមតិស្ដីពីសមាជិកភាពរបស់ខ្លួននៅអឺរ៉ុបនោះ ហាក់ដូចជាមិនសប្បាយចិត្តនឹងការលូកដៃរបស់អាមេរិកមកកិច្ចការផ្ទៃក្នុងរបស់ខ្លួននោះទេ បើទោះជាមិត្តនឹងគ្នាក៏ដោយ។
សូមស្តាប់ការបកស្រាយរបស់លោក តន ចាន់រិទ្ធារ៉ា៖
ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បានទៅដល់ទីក្រុងឡុងដ៍ហើយ និងទទូចឲ្យប្រជាជនអង់គ្លេសបោះឆ្នោតថា «ទេ» ចំពោះការចាកចេញពីតំបន់អឺរ៉ុបនៅពេលធ្វើប្រជាមតិនៅខែមិថុនាខាងមុខ។ នៅអង់គ្លេស លោក អូបាម៉ា នឹងជួបជាមួយម្ចាស់ក្សត្រីយ៍ អេលីហ្សាបែតទី២ មុននឹងជួបជាមួយលោកនាយករដ្ឋមន្ត្រី ដេវីដ ខេមេរ៉ូន (David Cameron) នៅថ្ងៃទី២២ ខែមេសា។ ប៉ុន្តែជំហររបស់លោក អូបាម៉ា ចំពោះសមាជិកភាពរបស់អង់គ្លេសនៅសហភាពអឺរ៉ុប មិនត្រូវបានស្វាគមន៍ដោយប្រជាជនអង់គ្លេសដែលគាំទ្រការចាកចេញនោះទេ។
ដំណើរទស្សនកិច្ចរបស់លោក អូបាម៉ា លើកនេះ នឹងជួយបន្ថែមទម្ងន់ដល់រដ្ឋាភិបាលលោក ខេមេរ៉ូន ដែលកំពុងធ្វើយុទ្ធនាការគាំទ្រការបន្តជាសមាជិករបស់អឺរ៉ុប។ ក្នុងលិខិតទៅកាន់ កាសែត Telegraph ប្រធានាធិបតីអាមេរិករូបនេះបានលើកឡើងពីអត្ថប្រយោជន៍ដែលអង់គ្លេសទទួលបានពេលបន្តនៅក្នុងតំបន់អឺរ៉ុប ហើយសមាជិកភាពនេះនឹងជួយពង្រឹងតួនាទីអង់គ្លេសលើការងារពិភពលោក និងធ្វើឲ្យតំបន់អឺរ៉ុបទាំងមូលកាន់តែខ្លាំង។
តាមរយៈលិខិតដដែលនោះ លោក អូបាម៉ា បានបង្ហាញពីជំហររបស់លោកដែលចង់ឲ្យអង់គ្លេសបន្តស្ថិតនៅជាសមាជិកសហភាពអឺរ៉ុប បើទោះជាលោកដឹងថា ការសម្រេចចិត្តយ៉ាងណាគឺអាស្រ័យលើប្រជាជនអង់គ្លេសដែលនឹងធ្វើប្រជាមតិនៅថ្ងៃទី២៣ ខែមិថុនាខាងមុខ។ លោកនិយាយដោយឥតលាក់លៀមថា លទ្ធផលនៃប្រជាមតិ ពិតជាប៉ះពាល់ដល់ផលប្រយោជន៍អាមេរិក។ នេះក៏ដោយសារតែការចាកចេញពីតំបន់អឺរ៉ុប នឹងធ្វើឲ្យប្លុកលោកខាងលិចចុះទន់ខ្សោយមិនខានឡើយ។
១. ព្រោះខ្លាចខាតប្រយោជន៍របស់ខ្លួន អាមេរិកប្រថុយលូកដៃចូលបញ្ហាផ្ទៃក្នុងអង់គ្លេស
តាមពិតទៅ ទាំងរដ្ឋាភិបាលអាមេរិក ទាំងវិស័យឯកជន និងធនាគារផងនោះ សុទ្ធព្រួយបារម្ភចំពោះរឿងនេះ ព្រោះវាច្បាស់ណាស់ថា ការចាកចេញរបស់អង់គ្លេសនឹងបង្កផលមិនល្អដល់ទីផ្សារ ធ្វើឲ្យអឺរ៉ុបជាប់គាំង ជាពិសេសនោះឥទ្ធិលពលរបស់លោកខាងលិចនឹងធ្លាក់ចុះ។ មួយវិញទៀត ការចាកចេញនេះ ក៏ទំនងជាប៉ះពាល់ដល់ស្ថានភាពហិរញ្ញវត្ថុពិភពលោក ខណៈទីក្រុងឡុងដ៍ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏ធំរបស់ពិភពលោកផងដែរ។
លើសពីនេះទៅទៀត អង់គ្លេសក៏មានតួនាទីសំខាន់ក្នុងអង្គការណាតូ ដែលជាកម្លាំងជួរមុខរបស់ក្រុមលោកខាងលិច។ អង់គ្លេសជាសមាជិកសកម្មមួយរបស់ណាតូ និងតែងចូលរួមក្នុងប្រតិបត្តិការជាញឹកញាប់ដូចជា នៅអាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ និងនៅលីប៊ីជាដើម។ ក្រៅពីនេះ អង់គ្លេសក៏ជាកម្លាំងសំខាន់ក្នុងការទប់ទល់នឹងការជ្រៀតចូលរបស់ឥទ្ធិពលរុស្សីមកលើតំបន់អឺរ៉ុបទៀតផង។
ទាំងនេះមានន័យថា ប្រសិនបើពលរដ្ឋអង់គ្លេសជ្រើសរើសចាកចេញមែននោះ ប្លុកលោកខាងលិច នឹងមានការប្រែប្រួលខ្លាំង ខណៈដែលបញ្ហាប្រឈមជាច្រើនកំពុងកើតឡើង រួមទាំងលំហូរជនភៀសខ្លួន និងការប្រយុទ្ធប្រឆាំងភេរវកម្មជាដើម។ ហេតុនេះហើយ លោក អូបាម៉ា ដែលជិតផុតអាណត្តិទៅហើយនោះ ខំប្រឹងបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តរបស់ខ្លួន មិនឲ្យចាកចេញពីតំបន់អឺរ៉ុបនោះទេ។
២. ការលូកដៃរបស់អាមេរិក មិនត្រូវបានពលរដ្ឋអង់គ្លេសទាំងអស់ស្វាគមន៍ទេ
ថ្វីដ្បិតតែជំហរ របស់អាមេរិកត្រូវបានស្វាគមន៍ដោយក្រុមរបស់លោកនាយករដ្ឋមន្ត្រី ដេវីដ ខេមេរ៉ូន ក៏ដោយ គេក៏សង្កេតឃើញមានក្រុមប្រឆាំងនឹងការលូកដៃរបស់អាមេរិកផងដែរ។ អ្នកនយោបាយអង់គ្លេសជាច្រើនបានរិះគន់រដ្ឋបាលលោក បារ៉ាក់ អូបាម៉ាខ្លាំងៗរួចទៅហើយ ហើយស្របពេលជាមួយគ្នានោះ សមាជិកសភាអង់គ្លេសច្រើន ១០០នាក់បានសម្រេចដាក់លិខិតមួយទៅកាន់ឯកអគ្គរដ្ឋទូតអាមេរិកនៅអង់គ្លេសដោយព្រមានមិនឲ្យលោក អូបាម៉ា លូកលាន់ក្នុងបញ្ហាផ្ទៃក្នុងរបស់អង់គ្លេសជាពិសេស ការ«ចាកចេញពីសហភាពអឺរ៉ុប»។
ជាការកត់សម្គាល់ ទំនាក់ទំនងរវាងអាមេរិកនិងអង់គ្លេសដូចជាធ្លាក់ចុះមួយកម្រិត នៅរយៈពេលចុងក្រោយនេះ។ នៅមុននេះ លោក អូបាម៉ា ផ្តល់បទសម្ភាសន៍ដល់ទស្សនាវដ្តីអាត្លង់ទិកដោយលោកព្រមានអង់គ្លេសឲ្យចំណាយថវិកាយ៉ាងហោចណាស់ ២ភាគរយនៃចំណូលជាតិសរុបសម្រាប់គាំទ្របក្សសម្ព័ន្ធណាតូ។ អាមេរិកក៏ធ្លាប់បន្ទោសអង់គ្លេសចំពោះបញ្ហាសន្តិសុខនិងភាពចលាចលដែលកើតមាននៅលីប៊ីក្រោយការដួលរលំនៃរបបកាដាហ្វីថែមទៀត។
ដោយសារតែបញ្ហារកាំរកូសទាំងនេះ ពលរដ្ឋអង់គ្លេសមិនសប្បាយចិត្តនឹងអាមេរិកដែលតែងតែដឹកនាំមុខខ្លួននោះទេ។ អភិបាលក្រុងឡុងដ៍លោក Boris Johnson ដែលគាំទ្រការចាកចេញពីតំបន់អឺរ៉ុប បញ្ជាក់ថា លោកមិនត្រូវការការប្រៀនប្រដៅពីជនជាតិអាមេរិកចំពោះសមាជិកភាពនៅអឺរ៉ុបនោះទេ ហើយលោកបន្ថែមថា ជំហររបស់ប្រធានាធិបតីអាមេរិកជាអំពើលាក់ពុត៕
Tag:
អាមេរិក
អង់គ្លេស
អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com