អន្តរជាតិ
វៀតណាម ថា របាយការណ៍សិទ្ធិមនុស្សអាមេរិក«មិនពិតប្រាកដ និងលម្អៀង»
× រដ្ឋាភិបាលក្រុងហាណូយ នៅថ្ងៃទី២១ ខែមេសា ម្សិលមិញ បានរិះគន់របាយការណ៍សិទ្ធិមនុស្សឆ្នាំ២០១៥ របស់ក្រសួងការបរទេសអាមេរិក និងបានចាត់ទុករបាយការណ៍នោះថា មិនត្រឹមត្រូវ និងលម្អៀងទៀតផង។
«វៀតណាម តែងតែត្រៀមខ្លួនជាស្រេចក្នុងផ្សារភ្ជាប់ខ្លួនទៅនឹងការពិភាក្សាពិតប្រាកដ និងបើកចំហ ជាមួយនឹងប្រទេសទាំងអស់ដែលរាប់បញ្ចូលទាំងសហរដ្ឋអាមេរិកលើបញ្ហាសំខាន់ៗ ដែលវៀតណាម នឹងប្រទេសទាំងនោះ នៅតែមានគំនិតផ្សេងគ្នា»។ នេះគឺជាសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសវៀតនាមលោក Le Hai Binh នាសន្និសីទកាសែតក្នុងក្រុងហាណូយនៅថ្ងៃទី២១ខែ មេសា ម្សិលមិញ។
លោក Le Hai Binh បានសង្កត់ធ្ងន់ថា របាយការណ៍ នៅតែភាពមិនច្បាស់លាស់ និង បង្ហាញពីការវាយតម្លៃដែលលម្អៀង។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ដែលបានដកស្រង់សម្តីអ្នកនាំពាក្យនោះដែរថា លោក ថា វៀតណាម បាននិងកំពុងតែបន្តគោលនយោបាយមិនប្រែប្រួលក្នុងការ គោរពសិទ្ធិមនុស្ស និងលើកកម្ពស់សិទ្ធិមូលដ្ឋានរបស់ប្រជាជន ដែលកិច្ចប្រឹងប្រែង និងការវិវត្តនេះ ក៏ត្រូវបានទទួលស្គាល់ដោយសហគមន៍អន្តរជាតិផងដែរ។
សូមបញ្ជាក់ផងដែរថា របាយការណ៍សិទ្ធិមនុស្សរបស់ក្រសួងការបរទេសអាមេរិកឆ្នាំ២០១៥ ដែលឈ្មោះថា « Country Reports on Human Rights Practices » ដែលទើបតែផ្សាយកាលពីពេលថ្មីៗនេះ បានលើកឡើងពីបញ្ហាសិទ្ធិមនុស្សដែលគួរព្រួយបារម្ភជាច្រើននៅក្នុងប្រទេសវៀតណាម។ ក្នុងនោះរួមមានបញ្ហានៃការរឹតត្បិតលើសិទ្ធិនយោបាយរបស់ប្រជាពលរដ្ឋដោយរដ្ឋាភិបាល សិទ្ធិក្នុងការផ្លាស់ប្តូររដ្ឋាភិបាលរបស់ខ្លួនតាមរយៈការបោះឆ្នោតសេរី និងយុត្តិធម៌ និងសិទ្ធិនៃការប្រមូល បង្កើតសមាគម និងការបញ្ចេញមតិជាដើម៕
Tag:
វៀតណាម
សិទ្ធិមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com