អន្តរជាតិ
រុស្ស៊ី​ព្រម​លក់​អាវុធ S-400 ឲ្យ​ទៅ​មហា​យក្ស​ឥណ្ឌា​
22, Apr 2016 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រសួងការពារជាតិ​រុស្ស៊ី​បានប្រកាសថា កិច្ចព្រមព្រៀង​លក់​ប្រព័ន្ធ​ការពារ​ដែនអាកាស S-400 ត្រូវបាន​ព្រាង​ឡើង​រួចរាល់​និង​បញ្ជូនទៅ​ឲ្យ​ភាគី​ឥណ្ឌា​ហើយ​។​កិច្ចព្រមព្រៀង​ទំហំ ៦​ពាន់​លាន​ដុល្លារ​នេះ​រង់ចាំតែ​ការចុះហត្ថលេខា​ពី​ភាគី​ទាំងសងខាង​នៅ​ប៉ុន្មាន​សប្តាហ៍​ខាងមុខ​ប៉ុណ្ណោះ​។​



 រុស្ស៊ី​បានប្រកាស​លក់​ប្រព័ន្ធ​មី​ស៊ី​ល S-400 ជា​ផ្លូវការ​ទៅ​ឲ្យ​ឥណ្ឌា​នៅ​ដើម​សប្តាហ៍​នេះ​។ កិច្ចព្រមព្រៀង​លក់​សព្វាវុធ​នេះ​ត្រូវបាន​ព្រាង​ឡើង​ហើយ តែ​វា​ត្រូវការ​ការចុះហត្ថលេខា​ពី​សំណាក់​ភាគី​ទាំងពីរ​មុននឹង​មានការ​បញ្ជូន​ស​ព្វា​វុ​ធ​នេះ​ទៅ​ឥណ្ឌា​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី TASS លោក Vladimir Drozhzhov ប្រធាន​ស្ថាប័ន​សហប្រតិបត្តិការ​បច្ចេក​ទេស​យោធា​សហព័ន្ធរុស្ស៊ី បញ្ជាក់ថា រុស្ស៊ី​បានរៀបចំ​សេចក្តីព្រាង​កិច្ចព្រមព្រៀង​អន្តររដ្ឋាភិបាល​មួយ​ស្តីពី​ការផ្គត់ផ្គង់​សព្វាវុធ S-400 ទៅ​ឲ្យ​ឥណ្ឌា ហើយ​កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​បញ្ជូនទៅ​កាន់​សម​ភាគី​ឥណ្ឌា​ហើយ​មុន​មានការ​ចុះហត្ថលេខា​។ រុស្ស៊ី​កំពុង​រង់ចាំ​ការឆ្លើយតប​ពី​សំណាក់​ឥណ្ឌា​នៅឡើយ ចំពោះ​លក្ខខណ្ឌ​និង​ចំណុច​ដែល​មានចែង​ក្នុង​កិច្ចព្រមព្រៀង​នេះ​។​

​តាមពិតទៅ​ឥណ្ឌា​និង​រុស្ស៊ី​ត្រូវ​ចុះ​កិច្ចព្រមព្រៀង​ទិញ​លក់​អាវុធ​នេះ​តាំងពី​ចុងឆ្នាំ​មុន​ម្ល៉េះ ក្នុងពេលដែល​នាយករដ្ឋមន្ត្រី​ឥណ្ឌា នា​រិ​ន្ទ្រា ម៉ូ​ឌី ទៅ​ទស្សនកិច្ច​នៅ​រុស្ស៊ី ប៉ុន្តែ​ដោយសារ​បញ្ហា​តម្លៃ ទើបបានជា​ពេល ចុះហត្ថលេខា​ត្រូវបាន​លើក​មកដល់ពេលនេះ​។ គេ​រំពឹងថា ពីរ ឬ​បី​សប្តាហ៍​ខាងមុខ​ភាគី​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ​ជា​ផ្លូវការ​។ ហើយ ក្រៅពី​លក់​អាវុធ​នេះ​ឲ្យ​ឥណ្ឌា នៅ​ចុង​ឆ្នាំនេះ រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​ក៏​ត្រៀម​បញ្ជូន​អាវុធ​ប្រភេទ​នេះ​ទៅ​ឲ្យ​ក្រុង​ប៉េកាំង​ផងដែរ ក្រោយ​មានការ​ចរចា​និង​ចុះ​កិច្ចព្រមព្រៀង​រួមគ្នា​កន្លងមក​។​

​សព្វាវុធ​ការពារ​ដែនអាកាស S-400 នេះ ទាក់ចិត្ត​ឥណ្ឌា ព្រោះ​ដោយសារ​វា​ត្រូវបាន​គេ​បង្កើតឡើង​ដោយមាន​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប អាច​បាញ់​កម្ទេច​រាល់​គោលដៅ​ស្ថិតក្នុង​រយៈ​ចម្ងាយ​ឆ្ងាយ​ឬ​ជិត​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ ក្រៅពី​អាច​ប្រើប្រាស់​បានជា​អាវុធ​ប្រឆាំង​យន្តហោះ​ចម្បាំង វា​ក៏​អាច​ត្រូវគេ​ប្រើប្រាស់​សម្រាប់​ចាប់​សញ្ញា​រាល់​វត្ថុ​ដែល​ហោះហើរ និង​អាច​បាញ់​មី​ស៊ី​លបី​ប្រភេទ​ផ្សេងគ្នា​ផង​។​

​ទំនាក់ទំនង​រវាង​ឥណ្ឌា​និង​រុស្ស៊ី មាន​ភាពស្និទ្ធស្នាល​ខ្លាំង​តាំងពី​សម័យ​សង្គ្រាមត្រជាក់​ម្ល៉េះ ទាំង​ផ្នែក​នយោបាយ សេដ្ឋកិច្ច​ជាពិសេស​កិច្ចសហប្រតិបត្តិការ​ផ្នែក​យោធា​តែម្តង​។ ថ្វី​ត្បិត​ថា​ឥណ្ឌា​ប្រកាន់ខ្ជាប់​គោលការណ៍​មិន​ចូលបក្ស​សម្ព័ន្ធ​ក្តី ឥណ្ឌា​តែង​ចរចា​ទិ​ញា​អាវុធ​យុទ្ធ​ភ័​ណ្ឌ​ពី​សហភាពសូវៀត និង​រុស្ស៊ី​ជា​បន្តបន្ទាប់​។ គ្រាន់តែ​ក្នុង​ឆ្នាំ​២០១៤ ឥណ្ឌា​បាន​បញ្ជា​ទិញ សព្វាវុធ​និង​បច្ចេកវិទ្យា​យោធា​ស្ថិតក្នុង​ទំហំ​ទឹកប្រាក់​៤.៧ ពាន់​លាន​ដុល្លារ​ឯណោះ​៕


Tag:
 រុស្ស៊ី​
  S-400
  ឥណ្ឌា​
© រក្សាសិទ្ធិដោយ thmeythmey.com