ជាតិ
ACU ឃាត់ខ្លួន​មេឃុំ​គណបក្ស​សមរង្ស៊ី​ម្នាក់ ក្រោយពី​កញ្ញា ស្រីមុំ ចោទប្រកាន់​
24, Apr 2016 , 1:40 pm        
រូបភាព
រូបភាព៖ ហ្វេសប៊ុក អេង ឆៃអ៊ាង (លោក ស្រៀង ចែត ពាក់វ៉ែនតា)
រូបភាព៖ ហ្វេសប៊ុក អេង ឆៃអ៊ាង (លោក ស្រៀង ចែត ពាក់វ៉ែនតា)
មេឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្តកំពង់ចាម មកពី​គណបក្ស​សម រង្ស៊ី​លោក ស៊ា​ង ចែត ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចាប់ខ្លួន ក្រោយពី​មានការ​ចោទប្រកាន់​ពី​សំណាក់​កញ្ញា ខុម ចាន់​តារា​ទី ហៅ​ស្រីមុំ ពាក់ព័ន្ធ​នឹង​ទឹកប្រាក់​៥០០ ដុល្លារ ដែល​ស្រីមុំ អះអាងថា បាន​យកប្រាក់​ទៅ​លួងលោម​គ្រួសារ​នាង ។​



​លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​សររ​សេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដឹកនាំ​ដោយ​លោក ឱម យ៉ិនទៀង បាន​ទៅ​ចាប់ខ្លួន លោក ស៊ា​ង ចែត មេឃុំ​ស្រក មកពី​គណបក្ស​សម ស​ង្ស៊ី នៅ​សាលាស្រុក​កំពង់សៀម ខេត្តកំពង់ចាម យកមក​ភ្នំពេញ ដើម្បី​សាកសួរ​ពាក់ព័ន្ធ​នឹង​លុយ ៥០០​ដុល្លារ​ដែល​ឈ្មោះ ខុម ចាន់​តារា​ទី ហៅ​ស្រី មុំ បាន​ឆ្លើយ​ដាក់​លើ​មេឃុំ​រូបនេះ ។​
 
​លោក អេង ឆៃអ៊ាង ចាត់ទុក​ការចាប់ខ្លួន​មនុស្ស ដោយ​យោងតាម​ការឆ្លើយ​ដាក់​ពី​មនុស្ស​ម្នាក់​បែបនេះ គឺ​មិន​ខុសពី​របប​ខ្មែរក្រហម​ឡើយ ។​
 
​ការចាប់ខ្លួន​មេឃុំ​ស្រក របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ គឺធ្វើឡើង​ក្រោយពី​មាន​សំណេរ​លើ​ក្រដាស​ដោយ​ដៃ​ចំនួន​៤​ទំព័រ ក្រោយពី​សារព័ត៌មាន Fresh News ផ្សាយ​ថា​ជា​អក្សរ​របស់​កញ្ញា ស្រីមុំ ដោយបាន​រៀបរាប់ថា លោក​មេឃុំ ស៊ា​ង ចែត បាន​យក​ថវិកា​របស់​ឯកឧត្តម កឹម សុខា ចំនួន​៥០០​ដុល្លារ យកទៅ​ឲ្យ​ម្ដាយ​របស់​នាង ដើម្បី​លួងលោម​នាង​ឲ្យ​និយាយ​កុហក​ចំពោះមុខ​សមត្ថកិច្ច​។ ក្រៅពី​លោក ស៊ា​ង ចែត នេះ ក្នុង​ក្រដាស​សរសេរ​ដោយ​ដៃ​នោះ ក៏​អះអាងថា មាន​មន្ត្រី​អង្គការសហប្រជាជាតិ ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស និង​មន្ត្រី​អង្គការសិទ្ធិមនុស្ស​ក្នុងស្រុក​មួយចំនួនទៀត ដែល​បាន​លួងលោម​រូបនាង​ឲ្យ​និយាយ​កុហក​ពី​ការពិត ប្រាប់​ដល់​មហាជន សារព័ត៌មាន និង​សមត្ថកិច្ច​អំពី​រឿង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ លោក កឹម សុខា​៕

Tag:
 ACU
© រក្សាសិទ្ធិដោយ thmeythmey.com