ជាតិ
អដ្ឋិធាតុ​របស់លោក គ​ង្គ ប៊ុន​ឈឿន គ្រោង​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​២០​ឧសភា​
25, Apr 2016 , 8:55 am        
រូបភាព
អ្នកស្រី​ តាត ​គឹមលន​ ភរិយាលោក​គង្គ ប៊ុនឈឿន​ កំពុងជួយ​បិទអក្សររៀបចំ​ពិធីបុណ្យសពស្វាមី។ ​រូបថតដោយ៖​ ប៊ុនឈឿន ​និលវឌ្ឍន៍
អ្នកស្រី​ តាត ​គឹមលន​ ភរិយាលោក​គង្គ ប៊ុនឈឿន​ កំពុងជួយ​បិទអក្សររៀបចំ​ពិធីបុណ្យសពស្វាមី។ ​រូបថតដោយ៖​ ប៊ុនឈឿន ​និលវឌ្ឍន៍
​ពិធីបុណ្យ​គម្រប់​៧​ថ្ងៃ​នៃ​សព​លោក គ​ង្គ ប៊ុន​ឈឿន បាន​ចប់សព្វគ្រប់​ហើយ​នៅ​ថ្ងៃ​សៅរ៍​ទី​២៣​មេសា​។ ភរិយា​របស់​កវី​ម្ចាស់​ស្ទឹង​សង្កែ គឺ​អ្នកស្រី តាត គឹម​លន គ្រោង​នាំយក​ធាតុ​ស្វាមី​របស់​អ្នកស្រី​មក​កម្ពុជា​នៅ​ថ្ងៃទី​២០​ឧសភា​។



​តាម​ការគ្រោងទុក អដ្ឋិធាតុ​របស់​របស់​កវី​ស្ទឹង​សង្កែ លោក គ​ង្គ ប៊ុន​ឈឿន នឹងត្រូវ​នាំមក​ដល់​កម្ពុជា​នៅ​ថ្ងៃទី​២០​ខែឧសភា​។ កូនប្រុស​របស់លោក គ​ង្គ ប៊ុន​ឈឿន គឺ​លោក ប៊ុន​ឈឿន និល​វឌ្ឍន៍ បាន​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​អាទិត្យ​ម្សិលមិញ​តាមរយៈ​សារ​អេឡិចត្រូនិក​ថា សមាជិកគ្រួសារ​ដែល​នាំយក​អដ្ឋិធាតុ​លោក គ​ង្គ ប៊ុន​ឈឿន​មក​កម្ពុជា​វិញ គឺ​រួមមាន ម្តាយ​របស់លោក រូបលោក​ផ្ទាល់ និង​គូរ​ដណ្តឹង​របស់លោក​។​

​តើ​ធាតុ​របស់លោក គ​ង្គ ប៊ុន​ឈឿន នឹងត្រូវ​តម្កល់​នៅទីណា​? រហូតមកដល់​ពេលនេះ សមាជិកគ្រួសារ​របស់​លោក គ​ង្គ ប៊ុន​ឈឿន នៅ​មិនទាន់​ច្បាស់​ក្នុង​ចិត្ត​នៅឡើយ​ទេ​។ លោក ប៊ុន​ឈឿន និ​វឌ្ឍន៍ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​យើង​មិនទាន់​ច្បាស់​ថា​នៅទីណា​នៅឡើយ​ទេ នៅពេលនេះ​។ ពួកយើង​គ្រាន់តែ​ដឹងថា ត្រូវ​នាំ​ធាតុ​ប៉ា​ទៅដល់​ស្រុក​ខ្មែរ​»​។​

​វា​នឹង​អាចមាន​ព័ត៌មាន​ច្បាស់​ពិតប្រាកដ​អំពី​ទី​តម្កល់​ធាតុ​លោក គ​ង្គ ប៊ុន​ឈឿន នៅក្នុង​ប្រទេស​កម្ពុជា ចាប់ពីពេលនេះ​រហូតដល់​ថ្ងៃទី​២០​ឧសភា​នោះ​។ ពីព្រោះ អភិបាលខេត្ត​បាត់ដំបង ធ្លាប់បាន​ប្រកាសថា អាជ្ញាធរខេត្ត​នឹង​ពិចារណា​សាងសង់​រូបសំណាក ឬ​កន្លែង​តម្កល់​ធាតុ​លោក គ​ង្គ ប៊ុន​ឈឿន នៅ​កន្លែង​ណាមួយ​ក្នុង​ខេត្តបាត់ដំបង​តាម​បំណង​ចុងក្រោយ​របស់លោក គ​ង្គ ប៊ុន​ឈឿន​។ ម្យ៉ាងវិញទៀត កូនប្រុស​ស្រី​របស់​កវី​ម្ចាស់​ស្ទឹង​សង្កែ ក៏​ខ្នះខ្នែង​ព្យាយាម​សម្រេច​បំណង​ឪពុក​របស់​ពួកគេ​ដូចគ្នា​។​



​លោក មុត ថា​រី ដែលជា​កូនប្រសារ​របស់លោក គ​ង្គ ប៊ុន​ឈឿន ហើយ​បាន​កសាង​ស្រះ​ទឹក អាស្រម និង​បណ្ណាល័យ​ដែលមាន​ដាក់ឈ្មោះ កវី​ម្ចាស់​ស្ទឹង​សង្កែ នៅក្នុង​វត្ត​ត្រពាំង​គិ​ន​ក្នុង​ខេត្តកំពង់ស្ពឺ ក៏​គាំទ្រ​ឲ្យ​មានការ​តម្កល់​ធាតុ​លោក គ​ង្គ ប៊ុន​ឈឿន នៅលើ​ទឹកដី​កំណើត​របស់លោក​កវី​ដែរ​។​

​នៅ​ថ្ងៃទី​២៣​ខែមេសា បើ​យោងតាម​ការបញ្ជា​ក់រប​ស់លោក ប៊ុន​ឈឿន និល​វឌ្ឍន៍ ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅក្នុង​ប្រទេស​ន័​រវេ​ប្រមាណ​២០០​នាក់​បានមក​ចូលរួម​ក្នុង​ពិធី​បុណ្យសព​លោក​គ​ង្គ ប៊ុន​ឈឿន​។ «​ពលរដ្ឋ​ខ្មែរ​នៅ​ន័​រវេ​ជួយ​គ្នា​ណាស់​។ ពួកគាត់​បាន​ជួយ​យើង​ច្រើន​ក្នុង​ការរៀបចំ​ពិធីបុណ្យ​នេះ​។ ទោះ​យ៉ាង​ក៏ដោយ យើង​មិនអាច​រៀបចំ​កម្មវិធី​គ្រប់​ជ្រុងជ្រោយ ដូច​នៅ​ស្រុក​ខ្មែរ​ទេ​។ ឧទាហរណ៍ ដោយសារតែ​គ្មាន​ទីកន្លែង យើង​ត្រូវ​រៀបចំ​ពិធីបុណ្យ​នៅក្នុង​ព្រះវិហារ​គ្រិ​ស្ទ​សាសនា ដោយ​មានការ​និមន្ត​ចូលរួម​ពី​ព្រះសង្ឃ​ពុទ្ធសាសនា​»​។ នេះ​ជាការ​រៀបរាប់​របស់​កូនប្រុស​របស់​កវី​ម្ចាស់​ស្ទឹង​សង្កែ ដោយ​មិន​ភ្លេច​អរគុណ ពលរដ្ឋ​ខ្មែរ​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​បាន​សំដែង​ការចូលរួម​រំលែក​ទុក្ខ និង​គាំទ្រ​បំណង​ចុងក្រោយ​របស់លោក គ​ង្គ ប៊ុន​ឈឿន ក្នុងពេល​កន្លងមក​។​

​ចាប់តាំងពី​ឆ្នាំ​២០០០ ដែល​ម្ចាស់​កវី​ស្ទឹង​សង្កែ លោក គ​ង្គ ប៊ុន​ឈឿន បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា គឺ​ទើបតែ​ឆ្នាំ​២០១៣ តែប៉ុណ្ណោះ ដែល​លោក គ​ង្គ ប៊ុន​ឈឿន​បានមក​កម្សាន្ត​ក្នុង​មាតុប្រទេស​ជា​លើកទីមួយ​។ លោក គ​ង្គ ប៊ុន​ឈឿន បាន​ធ្លាប់​មានប្រសាសន៍ប្រាប់​សារព័ត៌​ម​មាន​ថ្មីៗ​ថា គឺ​ពេលដែល​លោក​ត្រឡប់​ទៅកាន់​ប្រទេស​ន័​រវេ​វិញ​នោះ​ហើយ ដែល​លោក​បានចាប់ផ្តើម​ឈឺធ្ងន់ធ្ងរ ដោយសារ​ជំងឺមហារីក​។ ៣​ឆ្នាំ​ក្រោយមក នៅ​ថ្ងៃទី​១៧​មេសា​ឆ្នាំ​២០១៦ លោក គ​ង្គ ប៊ុន​ឈឿន បាន​លាចាក​លោក​នៅលើ​ទឹកដី​ព្រិល​ស​នៃ​ប្រទេស​ន័​រ ដោយ​មិន​បានឃើញ​ស្ទឹង​សង្កែ ទីកន្លែង​ដែល​លោក​ធ្លាប់​តែង​ចម្រៀង​បម្រើ​អារម្មណ៍​ប្រជាជាតិ​ខ្មែរ​រហូតដល់​ស​ព្វ​ថ្ងៃ​ទៀតឡើយ​៕


Tag:
 គ​ង្គ ប៊ុន​ឈឿន
  បាត់ដំបង
  ស្ទឹង​សង្កែ​
© រក្សាសិទ្ធិដោយ thmeythmey.com