ជាតិ
មន្ត្រី​អាដហុក​៥​រូប នឹង​បង្ហាញខ្លួន​តាម​ការកោះហៅ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​
26, Apr 2016 , 5:06 pm        
រូបភាព
​មន្ត្រីជាន់ខ្ពស់​ចំនួន​៥​រូប នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ត្រូវបាន​កោះហៅឲ្យ​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើ​ពុក​លួ​យ នៅ​ថ្ងៃទី​២៧ និង​ថ្ងៃទី​២៨ មេសា ជុំវិញ​ករណី កញ្ញា ខុម ចាន់​តារា​ទី ហៅ​ស្រីមុំ​។  ពួកគេ នឹង​បង្ហាញខ្លួន​នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ តាម​លិខិត​កោះហៅ​នោះ ដើម្បី​ស្តាប់​ចម្លើយ ពាក់ព័ន្ធ​នឹង​ការណែនាំ កញ្ញា ខុម ចាន់​តារា​ទី ឲ្យ​ផ្តល់​ចម្លើយ​ដល់​សមត្ថកិច្ច​។​



​មន្ត្រី​ទាំង​៥ ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ​កោះហៅ រួមមាន លោក នី សុខា​, លោក យី សុខសាន្ត​, លោក ណៃ វង់​ដា​, លោកស្រី ទ្រី ឈួន និង​លោកស្រី លឹម មុនី​។ ដោយ​សំអាង​លើ​ភាព​ស្អាត​ស្អំរបស់ខ្លួន ពួកគេ មិន​ភ័យខ្លាច ​ឬ​រួញរា ក្នុងការ​អនុវត្តតាម​ការកោះហៅ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ នោះទេ​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក ធន់ សា​រា​យ ប្រធាន​សមាគម​អាដហុក ដែល​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី «​ការបង្ហាញ​ការងារ​របស់​សមាគម​អាដហុក ទាក់ទង​នឹង​ករណី​កញ្ញា ខុម ចាន់​តារា​ទី​» នៅ​ថ្ងៃទី​២៦ ខែមេសា​នេះ​។

​ប្រធាន​សមាគម​អាដហុក​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​យើង​នឹង​ទៅ​។ យើង​មិន​ខ្លាច ឬ​រារែក​អ្វី​ទេ ព្រោះ​យើង​ឥតមាន​ធ្វើ​អ្វី​ខុសឆ្គង​ចំពោះមុខ​ច្បាប់​ទេ​»​។ 

​លោក ធន់ សា​រាយ សង្កត់ធ្ងន់ថា បើទោះបីជា​មន្ត្រី​របស់ខ្លួន ចង់​បដិសេធ​មិន​ធ្វើតាម​វិធានការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏​មិនអាច​ទៅរួច​ដែរ​។ «​បើ​យើង​មិន​ទៅ​លើកទីមួយ​ទេ គាត់​នឹង​នាំខ្លួន​។ បើ​យើង​មិន​ទៅ​លើក​នេះ លើក​ក្រោយ គាត់​មក​ចាប់​យើង​ទៅ​តែម្តង​។ ឲ្យ​យើង​ធ្វើ​ម៉េច​ឥឡូវ បើ​គាត់​អនុវត្តន៍​ច្បាប់​អ៊ីចឹង​ហើយ​។ ត្រូវតែទៅ​»​។ នេះ​ជា​បញ្ជាក់បន្ថែម​របស់លោក ធន់ សា​រាយ​។​

​យ៉ាងណាក៏ដោយ លោក ធន់ សា​រាយ ព្យាយាម​មិន​បកស្រាយ ថា​ការកោះហៅ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ខុស​នីតិវិធី ឬ​ប្រាសចាក​ពី​ដែន​សមត្ថកិច្ច​របស់ខ្លួន​នោះទេ​។ លោក​គ្រាន់តែ អះអាងថា មន្ត្រី​របស់ខ្លួន​ មិនបាន​ប្រព្រឹត្ត​អំពើពុករលួយ​ណាមួយ ទាក់ទិន​នឹង​ករណី កញ្ញា ខុម ចាន់​តារា​ទី ឡើយ​៕


Tag:
 ADHOC
  ACU
© រក្សាសិទ្ធិដោយ thmeythmey.com