ជាតិ
សង្គមជាតិ
អគ្គលេខាធិការរង គជប និង មន្រ្តីសង្គម​ស៊ីវិល​កំពុង​ឆ្លើយបំភ្លឺ​នៅ​ACU
28, Apr 2016 , 10:27 am        
រូបភាព
ដោយ:
អគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា កំពុង​ចូលខ្លួន​ឆ្លើយបំភ្លឺ​នៅក្នុង​អង្គភាព​ប្រឆាំង​អំពើពុករលួយ នៅ​ព្រឹក​ថ្ងៃទី២៨ មេសា នេះ ដែល​ទាក់ទង​នឹង​ករណី​កញ្ញា ខុម ចាន់​ដា​រ៉ា​ទី ហៅ ស្រីមុំ។ ក្រៅពី​លោក នី ចរិយា ក៏មាន​មន្ត្រី​សង្គម​ស៊ីវិល​មួយចំនួនទៀត កំពុង​ចូលខ្លួន​ឆ្លើយបំភ្លឺ​ដែរ។ ការកោះហៅ​មន្ត្រី​អង្គការ​និង​ស្ថាប័ន​ជាតិ​ទាំងនេះ ធ្វើ​ឡើយ​ក្រោយពី​មាន​ព័ត៌មាន​ថា មាន​មន្ត្រី​សង្គម​ស៊ីវិល និង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត បាន​បង្គាប់​នាង​ឲ្យ​និយាយ​កុហក​នៅ​ចំពោះមុខ​សមត្ថកិច្ច។



លោក នី ចរិយា ធ្លាប់បាន​អះអាង​ប្រាប់​សារព័ត៌មានថ្មីៗថា លោក​មិនដឹង​មូលហេតុ​អ្វី​បានជា​ACUកោះហៅ​លោក​នោះទេ។ នៅពេល​សួរថា ការកោះហៅ​អាចទាក់ទង​នឹង​ករណី​កញ្ញា ស្រីមុំ នេះ លោក នី ចរិយា សុំ​បដិសេធ​មិន​បកស្រាយ​អ្វី​ឡើយ ដោយ​គ្រាន់តែ​លោក​បញ្ជាក់ថា លោក​នឹង​ចូលខ្លួន​តាម​ការកោះហៅ និង​បកស្រាយ​នៅ​ចំពោះមុខ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​តែម្ដង។

នៅ​ព្រឹក​ថ្ងៃទី២៨ មេសា នេះដែរ ក៏មាន​ប្រធាន​អង្គការ​សីល​ការ អ្នកស្រី ធីតា ឃឹះ  លោក លឹម មុនី មន្ត្រី​អង្កេត​ជាន់ខ្ពស់​នៃ​សមាគម កំពុង​ចូលខ្លួន​បំភ្លឺ​ដែរ ខណៈដែល​លោក នី សុខា លោក យី សុខសាន្ត និង​លោក ណៃ វង្ស​ដា មន្ត្រី​សមាគម​អាដហុក បាន​ចូលខ្លួន​បំភ្លឺ​ផ្ដល់​ចម្លើយ​​ថ្ងៃទី២ ក្នុង​អង្គភាព​ប្រឆាំង​អំពើពុករលួយ៕



© រក្សាសិទ្ធិដោយ thmeythmey.com