ជាតិ
សង្គមជាតិ
ក្រសួងសាទរក្លឹបកម្សាន្ត New Star KTV ដែលដឹងកំហុសរឿងយករបាំទៅសម្តែង
× សៀមរាប៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តាមរយៈលិខិតរបស់ខ្លួន បានសម្តែងនូវទឹកចិត្តរីករាយ សាទរចំពោះ លិខិតសុំអភ័យទោស របស់ក្លឹបកម្សាន្ត New Star KTV ដែលមានទីតាំងនៅទីក្រុងសៀមរាប។ កន្លែងកម្សាន្ត New Star KTV បានយករបាំព្រះរាជទ្រព្យ ទៅសម្តែងក្នុងក្លឹបកម្សាន្តរបស់ខ្លួន ដែលបង្កឲ្យមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន។
លោក តាន់ គឹមសួរ ម្ចាស់ក្លឹបកម្សាន្ត New Star KTV បានសរសេរលិខិតសុំទោស ទៅកាន់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ករណីរឿងយករបាំប្រពៃណីទៅសម្តែងក្នុងក្លឹបកម្សាន្ត។ ក្នុងលិខិតចុះថ្ងៃទី២២ មេសា លោក តាន់ គឹមសួរ បានសម្តែងអារម្មណ៍សោកស្តាយ ដោយពុំបានសិក្សាស្វែងយល់ឲ្យស៊ីជម្រៅពីអត្ថន័យនៃរបាំបុរាណ។
តបនឹងលិខិតសុំអភ័យទោសនេះ ក្រសួងវប្បធម៌ បានកោតសរសើរចំពោះការដឹងកំហុសរបស់ក្លឹបកម្សាន្ត New Star KTV ហើយក្រសួងរំពឹងថា ម្ចាស់ក្លឹបកម្សាន្តនេះ នឹងសហការជាមួយមន្ទីរជំនាញ គឺមានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាបផងដែរ។
គួរបញ្ជាក់ថា របាំក្បាច់បុរាណ ឫរបាំព្រះរាជទ្រព្យ ដែលបានចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ កាលពីថ្ងៃទី៧ វិច្ឆិកា ឆ្នាំ២០០៣ នៅអង្គការយូណេស្កូ៕
© រក្សាសិទ្ធិដោយ thmeythmey.com