ជាតិ
ការបង្រៀនក្មេងតូចៗឲ្យចេះចែករំលែក
× ចែករំលែករបស់លេងគឺជារឿងដ៏ពិបាកសម្រាប់ក្មេង ព្រោះថាការដណ្ដើមមកធ្វើជាកម្មសិទ្ធិរបស់ខ្លួនគឺជាសភាវគតិរបស់ក្មេង។ ក្នុងបញ្ហានេះ ឪពុកម្តាយដើរតួយ៉ាងសំខាន់ក្នុងការបង្រៀនកូនឲ្យចេះចែករំលែក។
ក្មេងតូចៗដឹងតែម្យ៉ាងគត់គឺបើគេត្រូវការអ្វីហើយ គេត្រូវតែបានភ្លាមៗ។ កូនក្មេងគិតថា អ្វីដែលស្ថិតក្នុងដៃរបស់គេ គឺជាកម្មសិទ្ធិរបស់គេហើយ។ ទោះបីជាប្រដាប់លេងជារបស់ក្មេងម្នាដទៃទៀត ក៏គេគិតថា វាក្លាយកម្មសិទ្ធិរបស់ខ្លួនដែរ នៅពេលដែលគេកាន់ជាប់ក្នុងដៃហើយនោះ។ អ្នកត្រូវបង្រៀនកូនឲ្យចេះបែងចែក និងដឹងថា វត្ថុណាជារបស់គេ និងវត្ថុណាជាកម្មសិទ្ធិរបស់អ្នកដទៃ។
គេយល់ថាទទួលរងនូវការគំរាមកំហែង នៅពេលដែលក្មេងដទៃទៀតមកប៉ះពាល់គ្រឿងប្រដាប់លេងរបស់ខ្លួន ជាពិសេសគឺរបស់ណាដែលគេកាន់ញឹកញាប់ជាងគេ ដូចជាតុក្កតាខ្លាឃ្មុំជាដើម។ គេមិនអាចយល់បានទេថា ប្រដាប់លេងអាចឲ្យខ្ចីបាននោះ។ គួរបញ្ជាក់ថា ក្មេងអាយុពី ១៨ ដល់ ២៤ ខែចូលចិត្តលេងក្បែរគ្នា ប៉ុន្តែពួកគេមិនលេងជាមួយគ្នាទេ។ ពួកគេគ្រាន់តែចូលចិត្តធ្វើអ្វីដូចគ្នាប៉ុណ្ណោះ។
ខាងក្រោមនេះជាដំបូន្មានខ្លះៗក្នុងការបង្រៀនក្មេងអាយុក្រោម៣ឆ្នាំឲ្យចេះចែករំលែក ៖
- ត្រូវរៀបចំកន្លែងឲ្យទូលាយដើម្បីឲ្យកូនរបស់អ្នកអាចអង្គុយលេងប្រដាប់ប្រដារបស់គេក្បែរក្មេងដទៃ។
- នៅពេលដែលកូនរបស់អ្នកចេះនិយាយ អ្នកគួរតែហាត់ទម្លាប់ឲ្យកូននិយាយថា « ចង់លេងជាមួយអូនទេ ? » « ឲ្យអូនខ្ចីលេងប៉ាល់សិនបានទេ ? »។ល។
- អ្នកត្រូវពន្យល់ខ្លួនបណ្ដើរៗឲ្យចេះយកចិត្តខ្លួនឯងដាក់ចិត្តអ្នកដទៃ។ « កូនមានតុក្កតាលេងសប្បាយចិត្តណាស់ តែប្អូនអត់មានរបស់លេងទេ។ ប្អូនចង់លេងសប្បាយដូចកូនដែរ »។
- លើកសរសើរកូន នៅពេលដែលគេដណ្ដើមរបស់លេងចាញ់ក្មេងដទៃ ឬពេលគេព្រមចែករំលែក ដោយពិពណ៌នាពីអារម្មណ៍របស់ក្មេងម្នាក់ទៀត។ « ឃើញទេ! កូនឲ្យប្អូនខ្ចីប៉ាល់លេងម្តង ប្អូនសប្បាយចិត្តណាស់ »។
- អ្នកត្រូវធ្វើគំរូដល់កូន ដោយផ្តល់វត្ថុអ្វីមួយដែលអ្នកស្រឡាញ់ឲ្យទៅក្មេងម្នាក់ទៀត។ « ឃើញទេ ម៉ាក់ឲ្យកន្សែងបង់កម៉ាក់ទៅប្អូនខ្ចីពាក់ហើយ។ បន្តិចទៀត ប្អូននឹងយកមកសងម៉ាក់វិញ »។
- បើកូនចង់បានប្រដាប់លេងរបស់ក្មេងដទៃ អ្នកគួរតែជួយរករបស់ផ្សេងទៀតដែលមានភាពទាក់ទាញមកឲ្យកូន ឬនាំកូនលេងអ្វីផ្សេងដើម្បីបង្រៀនឲ្យគេចេះរង់ចាំវេនរបស់ខ្លួន។
- បង្រៀនកូនឲ្យដោះដូរប្រដាប់លេងជាមួយក្មេងដទៃ
- បើមានជម្លោះកើតឡើងដោយសារប្រដាប់លេង អ្នកគួរតែជួយកូនក្នុងការរកដំណោះស្រាយ ដោយផ្តល់ជម្រើសឲ្យគេ៖ « តើកូនចង់សុំរបស់ដោះដូរជាមួយប្អូនទេ ? កូនឲ្យប្អូនខ្ចីលេង៥នាទីសិនបានទេ ? » កូននឹងយកជម្រើសណាមួយដែលគេពេញចិត្ត។
ជាធម្មតា ក្មេងអាយុក្រោម៣ឆ្នាំមិនសូវយល់ពីអ្វីច្រើនទេ។ ឪពុកម្តាយទាំងឡាយមិនចាំបាច់ខឹងកូនរបស់ខ្លួនដែលគ្មានចិត្តទូលាយនោះទេ។ កុំដាក់ទោសកូន បើកូនមិនព្រមចែករំលែកអ្វីមួយ ឬកូនមិនព្រមធ្វើការលះបង់។ នៅពេលដែលក្មេងមានអាយុចាប់ពី៤ឆ្នាំឡើងទៅ ពួកគេចាប់ផ្តើមចូលចិត្តធ្វើការដោះដូរជាមួយក្មេងដទៃ។ ជម្លោះនឹងកើតមានតិចជាងមុន ព្រោះក្មេងចេះយល់ភាសាច្រើនជាងមុន។ ពួកគេអាចបង្ហាញពីអារម្មណ៍របស់ខ្លួនតាមរយៈភាសា មិនមែនតាមរយៈកាយវិការហិង្សាដូចជា ខាំ ឬគ្រវែងប្រដាប់ប្រដាដូចគ្រាមុនទៀតទេ។ នេះជាសញ្ញាដំបូងនៃការចម្រើនវ័យរបស់ក្មេង៕
ដកស្រង់ចេញពីគេហទំព័រ www.naitreetgrandir.com
© រក្សាសិទ្ធិដោយ thmeythmey.com