ជាតិ
សង្គមជាតិ
ឈើ​អស់​លឿន​ដោយសារ​ក្រុមហ៊ុន កសិករ​នៅ​សៀម​ប៉ាង ទុក​គោយន្ត​ធ្វើស្រែ​ម្តង​
30, Apr 2016 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​កសិករ​នៅ​ឃុំ​ព្រែ​កមាស ឃុំ​សេកុង និង​ឃុំ​សន្តិភាព ជាដើម នៅក្នុង​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង ស្ទើរតែ​គ្រប់​ផ្ទះ​បាន​ចំណាយលុយ​ទិញ​គោយន្ត ដើម្បី​ទុក​ស្រ​ម្រា​ប់​ធ្វើស្រែ​ចម្ការ ធ្វើដំណើរ និង​ជាពិសេស ដឹកឈើ នៅពេលដែល​ពួកគេ​កាប់​បាន​។ តែ​ក្នុង​រយៈពេល​ពី ឬ​បី​ឆ្នាំ​មកនេះ ឈើ​អស់​ដោយសារ​ក្រុមហ៊ុន​ចូលមក​កាប់ ប្រជាជន​ទុក​គោយន្ត​តែ​ធ្វើស្រែ និង​ដឹក​សម្ភារៈ​ម្តងៗ​។



​លោកស្រី អឿ មែ អ្នកភូមិ ក្នុង​ឃុំ​ព្រែ​កមាស បាន​និយាយថា ផ្ទះ​លោកស្រី​មាន​គោយន្ត​ចំនួន ២ គ្រឿង ដែល​បាន​ទិញ​កាលពី​ឆ្នាំ ២០១២ ។ ស្ត្រី​រូបនេះ និយាយ​ដោយ​មិន​លាក់​លឿម​ថា គោយន្ត​របស់លោក​ស្រី ទិញ​សម្រាប់​ដឹកឈើ ដែល​ប្តី​អ្នកស្រី​ទៅ​កាប់​បាន​នៅក្នុង​ព្រៃ និង​សម្រាប់ធ្វើ​ស្រែចម្ការ​ខ្លះ​ដែរ​។ លោកស្រី បញ្ជាក់ថា នៅក្នុង​ឃុំ​ព្រែ​កមាស ប្រជាជន​ភាគច្រើន​មាន​គោយន្ត ប្រើប្រាស់​។ « កាលពី​ប៉ុន្មាន​ឆ្នាំមុន ប្រជាជន​យើង​អាច​ចូល​ព្រៃ កាប់​ឈើ​បាន​ខ្លះ ដើម្បី​លក់ ឬ​កែច្នៃ សម្រាប់​ចិញ្ចឹមជីវិត ទើប​នាំគ្នា​ទិញ​គោយន្ត តែ​ឥឡូវនេះ អស់​ឈើ​ហើយ មានតែ​ទុក​ធ្វើស្រែ និង​ធ្វើដំណើរ​ប៉ុណ្ណោះ​។ ប្រើគោ​យន្ត​វា​ស្រួល សម្រាប់​បើក​ចូល​ព្រៃ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក​ស្រី អឿ មែ​។​



​ប្រជាកសិករ​មួយរូប​ទៀត នៅក្នុង​ឃុំ​សេកុង បាន​រៀបរាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ ដោយ​មិន​បញ្ចេញ​ឈ្មោះថា លោក​ទិញ​គោយន្ត​សម្រាប់​ដឹកឈើ​តែម្តង ពីព្រោះ​បើ​គ្រួសារ​លោក​ពឹង​លើ​ការ​ធ្វើស្រែ​មិនអាច​ផ្គត់ផ្គង់​ជីវភាព​បានទេ​។ កសិករ បញ្ជាក់​យ៉ាងនេះ​ថា​៖ « គេ​គ្រប់គ្នា ទិញ​សម្រាប់​ដឹកឈើ​ដែរ ទិញ​តាម​គេ​ទៅ​។ យើង​នៅទីនេះ មានតែ​ធ្វើបែបនេះ​ទេ​។ ដឹងថា ខុសច្បាប់ តែ​ឡានធំៗ គេ​កាប់​ដដែល​។ ឥឡូវ​អស់​ឈើ​ហើយ​។ ព្រៃ​ដែល​កាលពី​ប៉ុន្មាន​ឆ្នាំមុន ក្រាស់ សម្បូរ​ដោយ​ដើមឈើ ពេលនេះ​អស់​ឈើ​ហើយ​។ បើ​គេ​នៅ​ស៊ូ​នៅតែ​រកបាន​ខ្លះ​ដែរ តែ​ឥឡូវ​យើង​ជា​ប្រជាពលរដ្ឋ​ហ្នឹង គេ​ចាប់​រហូត​។ យើង​ប្រជាជន​រកបាន​តែ ចិញ្ចឹម​ក្រពះ មិន​ដូច​ក្រុមហ៊ុន​ទេ​»​។​

​បើតាម​ប្រជាកសិករ​ខាងលើ  កសិករ​នៅ​ស្រុក​នេះ ភាគច្រើន​បាន​លក់​គោក្របី​របស់​ពួកគេ ដើម្បី​ទិញ​គោយន្ត​។ ហើយ​តម្លៃ​គោយន្ត មានតម្លៃ​ចាប់ពី ៤ លាន ទៅ ៨ លាន​រៀល​។ ប្រជាជន​បាន​និយាយ​ដូចគ្នា​ថា ឈើ​អស់​លឿន​នៅក្នុង​ស្រុក​សៀម​ប៉ាង ដោយសារ​តែមាន​ក្រុមហ៊ុន​ចូលមក​កាប់​ក្នុង​រយៈ ពីរ​បី​ឆ្នាំ​ចុង​ក្រោយនេះ​។ ក្រុមហ៊ុន​ដែល​ពួកគេ​ស្គាល់​ភាព​ច្រើន គឺជា​ក្រុមហ៊ុន​របស់លោក ទ្រី ភាព​៕


























Tag:
 គោយន្ត​
 ​ ឈើ​
 ​ ស្ទឹងត្រែង
© រក្សាសិទ្ធិដោយ thmeythmey.com