ឈប់​ស្អប់​អ្នកកាសែត​ទៅ !
ពីនេះ ពីនោះ / មិនយល់...!
ឈប់​ស្អប់​អ្នកកាសែត​ទៅ !
04, May 2019 , 6:29 am        
រូបភាព
ដោយ: ថ្មីៗ
​កំណាព្យ​បទ ពាក្យ​៨
​ដោយ ប៉ាកកា​ខ្មៅ​



-​លិច​កើត​ត្បូង​ជើង ជើង​មិន​ជាប់​ដី​    ​    ​     បម្រើ​ប្រុស​ស្រី​នាម​អ្នក​នាំសារ​
​ព្រោះតែ​ដំណឹង​រឿង​ទាន់​ហេតុការណ៍​    ​    នឿយហត់​យ៉ាងណា​ក៏​មិន​ត្អូញត្អែរ​។​

-​ចង់​ផ្តល់ដំណឹង​ខំប្រឹង​ធ្វើការ​    ​             ​ទោះ​គេ​ដៀល​ថា​មិន​ឲ្យ​នៅក្បែរ​
​គំរាម​សម្លាប់​ក៏​ហ៊ាន​ទៅ​ដែរ​    ​                ​នោះ​ក៏​ព្រោះតែ​អាជីព​ស្រឡាញ់។​

-​អាវុធ​មានតែ​ប៉ាកកា​សៀវភៅ​    ​                 ​ម៉ាស៊ីន​ថត​នៅចាំ​ផ្តិត​ប្រមាញ់​
​ពេលខ្លះ​គេ​ស្អប់​វាយតប់​ចង់​បាញ់​    ​           ​ក៏​មិន​ព្រម​ចាញ់​ស្វិតស្វាញ​តស៊ូ​។​

-​យប់​ជ្រៅ​ផ្លូវ​ឆ្ងាយ​ក៏​ផ្សាយ​ឲ្យ​បាន​    ​          ​ចែកជូន​សន្តាន​រឿង​ថ្មី​មិន​ជូ​
​មិន​ហ៊ាន​ឲ្យ​ខក​ខ្លាច​មេ​រអ៊ូ​    ​                ​    ​ពុក​ម៉ែមីង​ពូ​គួរ​យល់​ពី​ខ្ញុំ​។

-​រាយការណ៍​រឿង​រាស្ត្រ​ពាស​ប៉ះ​មន្ត្រី​    ​             ​លោកធំ​ខ្លះ​ស្តី​ហើយ​ប្រាប់​តែ​កុំ​
​ប៉ះ​ប្រយោជន៍​ខ្លួន​អ្នកខ្លះ​ឆេះដុំ​    ​    ​            មករក​រឿង​ខ្ញុំ​ជា​អ្នកកាសែត​។

​រៀបរាប់​ប៉ុណ្ណឹង​មិន​ប្តឹងតវ៉ា​    ​    ​            ​សូម​លោក​មេត្តា​ឈប់​បដិសេធ​
​ជួយ​សហការ​បំភ្លឺ​តាម​ហេតុ​         ​    ​    ​ឲ្យ​អ្នកកាសែត​បំពេញ​កិច្ច​ផង​៕


Tag:
 កំណាព្យ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម