ជាតិ
សិស្ស​ថ្នាក់​ទី​១២ សាលារៀន អន្តរទ្វីប អាមេរិកាំង​ចុះ​កម្មសិក្សា​នៅ​សារមន្ទីរ​ទួលស្លែង​
05, May 2016 , 2:46 pm        
រូបភាព
ដោយ: ថ្មីៗ

​សាលារៀន អន្តរទ្វីប អាមេរិកាំង បាន​ដឹកនាំ​សិស្សានុសិស្ស​ថ្នាក់​ទី​១២ ចំនួន​៤៦២​នាក់ ចុះ​កម្មសិក្សា​នៅ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង កាលពី​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៦ កន្លងទៅ​ថ្មីៗ​នេះ​។​

 
​លោក ជា សម្បត្តិ ប្រធាន​ចាងហ្វាង​សាខា​ចាក់អង្រែ និង​ជា​ចាងហ្វាង​រង​មធ្យមសិក្សា​ទុតិយភូមិ បានឱ្យ​អ្នកយកព័ត៌មាន​ដឹងថា កម្មសិក្សា​នេះ​ត្រូវបាន​រៀបចំឡើង​ដោយមាន​ការសហកា​រយ៉ា​ង​ល្អ​ពី​សំណាក់ សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង  បន្ទាប់ពី​មន្ត្រី​អប់រំ​នៃ​សារមន្ទីរ​បាន​ចុះ​ធ្វើ​បទ​បង្ហាញ​នៅក្នុង​ថ្នាក់រៀន​ក្នុង​គោលបំណង​ដើម្បីឱ្យ​សិស្សានុសិស្ស​ស្វែងយល់​ពី​ទិដ្ឋភាព​ជាក់ស្តែង​នៃ​សោកនាដកម្ម ដែល​បាន​បន្សល់ទុក​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ទៅនឹង​កម្មវិធីសិក្សា​មេរៀន​ប្រវត្តិសាស្ត្រ ក៏ដូចជា​បាន​ចូលរួមចំណែក​អប់រំ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ នូវ​ចំណេះដឹង​ប្រវត្តិសាស្ត្រ​ដ៏​សោកសៅ​បំផុត​នៅក្នុង​ឆ្នាំ​១៩៧៥-១៩៧៩ និង​ជា​សារ​ដ៏​មាន​អត្ថន័យ​ដែល​ជំរុញ​ទឹកចិត្ត​យុវជន​ឱ្យ​ចូលរួម​ប្រឆាំង និង​ទប់ស្កាត់​នូវ​រាល់​អំពើ​ឧក្រិដ្ឋកម្ម​ដែល​អាច​នឹង​កើតមានឡើង​ក្នុងសង្គម​ជាតិ​នាពេល​អនាគត​។​
 
​លោក ជ័យ សូ​ភារ​ម្យ អនុប្រធាន​ការិយាល័យ​ទទួលបន្ទុក​កម្មវិធី​អប់រំ​ផ្សព្វផ្សាយ​នៃ​សារមន្ទីរ បានឱ្យដឹង​ដែរ​ថា សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ផ្សព្វផ្សាយ​ពី​ទិដ្ឋភាព​សោកនាដកម្ម​ដែល​បាន​កើតមានឡើង​ក្នុង​អតីត​មន្ទីរឃុំឃាំង (​ហៅ​កាត់​ថា ស​-២១) នា​សម័យ​ខ្មែរក្រហម ហើយ​បច្ចុប្បន្ននេះ​សារមន្ទីរ​បាន​បើកទូលាយ​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ពិសេស​គឺ​ប្អូនៗ​សិស្សានុសិស្ស​ជំនាន់​ក្រោយ​ឱ្យចូល​ទស្សនា និង​សិក្សា​ស្វែងយល់​អំពី​ប្រវត្តិ​បន​ប្រល័យពូជសាសន៍​តាមរយៈ​ការតាំង​បង្ហាញ​នូវ​វត្ថុតាង​នានា​នៅក្នុង​សាល​ពិព័រណ៍ រូបថត​និង​ហ្វីល​ជនរងគ្រោះ សម្ភារ​ធ្វើ​ទារុណកម្ម ខ្នោះ​ដាក់​អ្នកទោស ស្លាក​ព័ត៌មាន រួមទាំង​ការរៀបចំ​ចងក្រង​ឯកសារ និង​សកម្ម​ភាពចុះ​ផ្សព្វផ្សាយ​តាម​សាលារៀន​ជាដើម​៕  
   
                                               
(​អត្ថបទ​សាលា​)
 

© រក្សាសិទ្ធិដោយ thmeythmey.com