ជាតិ
សង្គមជាតិ
ថ្នាក់ដឹកនាំ​ខ្មែរឥស្លាម​ពីររូប​ប្តឹង​គ្នា​រឿង​គម្រោង​ធ្វើ​ផ្លូវ​កាត់​វិហារ​បឹងកក់
05, May 2016 , 5:50 pm        
រូបភាព
ភ្នំពេញ៖ កាលពី​ម្សិលមិញ តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីការ​បង្គាប់​ឲ្យ​រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ន លោក អះ​ម៉ាត់ យ៉ះ​យ៉ា ចូលខ្លួន​ទៅ​បំភ្លឺ ពាក់ព័ន្ធ​នឹង​បណ្តឹង​របស់​ថ្នាក់ដឹកនាំ​ខ្មែរឥស្លាម​មួយរូប​ទៀត គឺ​លោក អូស្មាន ហាស្សាន់។ បណ្តឹង​របស់លោក អូស្មាន ហាស្សាន់ ប្តឹង​ពីបទ​បរិហាកេរ្តិ៍​ជា​សាធារណ។



បណ្តឹង​របស់លោក អូស្មាន ហាស្សាន់ ដែល​គេ​ស្គាល់​ថា ជា​ថ្នាក់ដឹកនាំ​សហគមន៍​ខ្មែរឥស្លាម​ដ៏​មាន​ឥទ្ធិពល​ម្នាក់​នោះ បាន​ទៅ​ដល់ដៃ​លោក អះ​ម៉ាត់ យ៉ះ​យ៉ា ហើយ​នៅ​រសៀល​ថ្ងៃទី៤ ឧសភា​ម្សិលមិញ។ ការ​ប្តឹងផ្តល់​របស់​ថ្នាក់ដឹកនាំ​ខ្មែរឥស្លាម​ទាំង​ពីររូប​ទាក់ទង​នឹង​គោលជំហរ​ផ្សេងគ្នា រឿង​ពុះ​ដី​វិហារ​អាល់​សារ​កាល់ ឫ​វិហារ​បឹងកក់ ក្រោយ​សណ្ឋាគារ​ភ្នំពេញ។

លោក អះ​ម៉ាត់ យ៉ះ​យ៉ា ដែលជា​រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច និង​ជាទី​ប្រឹក្សា​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបាន​លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រី​អម​ប្រតិភូ​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ប្តឹង​ពីបទ​បិ​រ​ហា​កេរ្តិ៍​ជា​សាធារណ ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី២៨ មេសា​កន្លងទៅ។ កាលពី​ថ្ងៃទី២៨ មេសា លោក អះ​ម៉ាត់ យ៉ះ​យ៉ា បានផ្តល់​បទ​សម្ភាស​ដា​ច់​ដោយឡែក​ជាមួយ​សារព័ត៌មានថ្មីៗ ដោយ​លោក​បញ្ជាក់ថា លោក អូស្មាន ហាស្សាន់​នេះឯង ដែលជា​អ្នករៀបចំ​គម្រោង​ពុះ​ផ្លូវ​កាត់​វិហារ​បឹងកក់ និង​ដាក់​គោលការណ៍​ទៅ​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​អភិវឌ្ឍន៍។

ក្នុងនោះ បើតាម​សំដី​របស់លោក អះ​ម៉ាត់ យ៉ះ​យ៉ា លោក អូស្មាន ហាស្សាន់ គ្រោង​យក​ដី​ដែល​ដោះដូរ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ​នោះ ដើម្បី​ធ្វើ​ខុន​ដូ។ល។ ក្នុង​បំណង​បម្រើ​ផលប្រយោជន៍​ផ្ទាល់ខ្លួន។ ឆ្លើយតប​នឹង​សំណួរ​អ្នកសារព័ត៌មាន​ខ្មែរ​ថា​ម​ស៍​កាលពី​ម្សិលមិញ លោក អូស្មាន ហាស្សាន់ អះអាងថា ការចោទប្រកាន់​នោះ គ្មាន​មូលដ្ឋាន និង​ភស្តុ​ង​ពិតប្រាកដ​នោះទេ។ ចំណែក​ការប្តឹង​លោក អះ​ម៉ាត់ យ៉ះ​យ៉ា គឺ​ដោយសារ​លោក​មិន​ចង់​និយាយ​ច្រើន គឺ​ប្តឹង​យកតែ​ម្តង។ លោក អូស្មាន ហាស្សាន់ មិន​អត្ថាធិប្បាយ​ច្រើន​ទេ​នៅក្នុង​កាសែត​ខ្មែរ​ថា​ម​ស៍ ដោយ​លោក​រម្លឹកថា៖«បើ​គាត់​ចោទ​ខ្ញុំ គាត់​គួរតែមាន​ភស្តុតាង គាត់​ធ្លាប់​ដេក​ផ្ទះ​ខ្ញុំ ប្រើ​ឡាន​ខ្ញុំ និង​បាយ​ផ្ទះ​ខ្ញុំ គាត់​មិន​ទាំង​ចាំ​ផង»។ រវាងលោក អះម៉ាត់ យ៉ះយ៉ា ក៏គេស្គាល់ថា ត្រូវជាពូ លោក អូស្មាន ហាស្សាន់ផងដែរ។

ជុំវិញ​បណ្តឹង​ខាងលើ រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អះអាងថា លោក​នឹង​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ តាម​ការ​ណាត់ គឺ​នៅ​ថ្ងៃទី១០ ឧសភា វេលា​ម៉ោង ២និង៣០នាទី។ លោក អះ​ម៉ាត់ យ៉ះ​យ៉ា បញ្ជាក់ថា លោក​នឹង​ស្វែងរក​ឯកសារ​មួយចំនួន ដែល​បញ្ជាក់ថា លោក អូស្មាន ហាស្សាន់ ពិតជា​រៀបចំ​គម្រោង​ដោះដូរ​ដី​វិហារ ដែលជា​ទ្រព្យសម្បត្តិ​សហគមន៍ ជាមួយ​សាលា​រាជធានី​ភ្នំពេញ​ពិតប្រាកដ​មែន។

នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ លោក មាន ចាន់​យ៉ា​ដា ធ្លាប់បាន​ប្រាប់​សារព័ត៌មានថ្មីៗថា គម្រោង​ធ្វើ​ផ្លូវ​កាត់​វិហារ​បឹងកក់ គឺ​ស្ថិតក្នុង​គម្រោង​អ​ភ​វិ​ឌ្ឍ​ន៍​តំបន់​បឹងកក់  ដែល​សាលា​រាជធានី​គ្រោង​ធ្វើ​ផ្លូវ​មួយចំនួន ក្នុង​បំណង​បញ្ជៀ​ស​ការកកស្ទះ​ក្នុង​ទីក្រុង។ ផ្លូវ​ទាំងនោះ គឺ​ភ្ជាប់​ពី​តំបន់​ទួលគោក មកដល់​មហាវិថី​ព្រះមុនីវង្ស ផ្លូវ​ខាងជើង​សណ្ឋាគារ​ភ្នំពេញ។ បើតាម​លោក មាន ចាន់​យ៉ា​ដា គម្រោង​ធ្វើ​ផ្លូវ R4 កាត់​តាម​វិហារ​បឹងកក់​នោះ គឺមាន​ការឯកភាព​ពី​ភាគី​ម្ចាស់​ដី​រួចហើយ មានន័យថា មានការ​ឯកភាព​ពី​លោក អូស្មាន ហាស្សាន់ និង​លោក វ៉ាន់ ម៉ាត់ ដែល​ទើប​ឡើងជា​សមាជិក​ព្រឹទ្ធសភា ជា​អ្នក​កាន់​ប្លង់ដី​នោះ​ហើយ។ តាម​ការបញ្ជាក់​របស់​លោក មាន ចាន់​យ៉ា​ដា សាលា​រាជធានី​ភ្នំពេញ គ្រោង​ស្ថាបនា​ផ្លូវ ក្នុង​តំបន់​បឹងកក់​នាពេលឆាប់ៗខាងមុខនេះ។  តែ​ក្រោយ​មានការ​មតិ​ជំទាស់​ច្រើន​នោះ លោក មាន ចាន់​យ៉ា​ដា អះអាងថា ការធ្វើ​ផ្លូវ​នេះ​កំពុង​ស្ថិតក្នុង​គម្រោង​នៅឡើយ។

ថ្លែងប្រាប់ថ្មីៗកាលពី​ថ្ងៃទី២៨ មេសា លោក វ៉ាន់ ម៉ាត់ ដែលមាន​ប្លង់ដី​វិហារ​បឹងកក់​មួយផ្នែកធំ​នោះ បញ្ជាក់ថា លោក​នឹង​ឯកភាព​តាម​ការអភិវឌ្ឍ​របស់​រាជរដ្ឋាភិបាល​កម្ពុជា  ដែល​ការអភិវឌ្ឍ​គឺ​ដើម្បី​បម្រើ​ផលប្រយោជន៍​សាធារណៈ។

រឿង​ពុះ​ជញ្ជាំង​វិហារ​បឹងកក់​ធ្វើ​ផ្លូវ បាននិងកំពុង​ក្លាយជា​បញ្ហា​ក្តៅ​ក្នុង​សហគមន៍​ខ្មែរឥស្លាម។ មានការ​បញ្ចេញ​មតិស្រប និង​មិន​ស្រប ជុំវិញ​រឿងនេះ។ ក្រុមយុវជន បាន​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម ដូចជា​ហ្វេ​ស​ប៊ុ​ក ដើម្បី​ជជែក និង​វែកញែក​លើក​ករណីនេះ។ ចំពោះ​អ្នក​ស្រប​យល់ថា ការធ្វើ​ផ្លូវ​នេះ គឺជា​ការល្អ មិន​ត្រឹម​បម្រើ​ផលប្រយោជន៍​សាធារណៈ​ប៉ុណ្ណោះ​ទេ ថែមទាំង​អភិវឌ្ឍន៍ និង​លើក​មុខមាត់​សហគមន៍​ខ្មែរឥស្លាម​ផងដែរ ដែល​ថ្នាក់ដឹកនាំ​គ្រោង​ធ្វើ​សាកលវិទ្យាល័យ កន្លែង​ស្នាក់នៅ​របស់​និស្សិត​ខ្មែរឥស្លាម និង​មន្ទីរពេទ្យ​ជាដើម។ល។ សម្រាប់​មតិ​អ្នក​មិន​គាំទ្រ​វិញ ពួកគេ​លើកឡើងថា គួរ​មាន​ដំណោះស្រាយ​ផ្សេង​ក្រៅពីនេះ។ ពួកគេ​បញ្ជាក់ថា នឹងមិន​ប្រឆាំង​រាល់​ការអភិវឌ្ឍ​របស់​រដ្ឋា​ភិ​បាល​ទេ ប៉ុន្តែ​ការធ្វើ​ផ្លូវ​នេះ អាច​បង្ក​ការរំខាន​ដល់​ការថ្វាយ​បង្គំ​របស់​សាសនិក​ឥស្លាម ដែល​ចូលទៅ​គោរព​ក្នុង​វិហារ​នោះ។ ពួកគេ​ស្នើ​ឲ្យ​ធ្វើ​ផ្លូវ​ស្របតាម​របង​ជញ្ជាំង​វិហារ ជាជាង​កាត់​ទទឹង​ដី​វិហារ។


ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន លោក អូស្មាន ហាស្សាន់ បានសរសេរថា ផ្លូវ​ដែល​គ្រោង​ធ្វើ​កាត់​វិហារ​បឹងកក់ មាន​ប្រវែង ៩៣ម៉ែត្រ និង​មាន​ទំហំ​សរុប ១៨៥៧ ការ៉េ។ ពី​វិហារ ដល់​ផ្លូវ គឺមាន​ចំងាយ ៣៣ម៉ែត្រ និង​ជាង៤០ម៉ែត្រ ពី​ផ្លូវ ដល់​ជញ្ជាំង​វិហារ។

គួរ​បញ្ជាក់ថា ប្រវត្តិ​ដី​វិហារ​បឹងកក់ ផ្តើមឡើង​គឺ​នៅក្នុង​សម័យ​សង្គម​រាស្ត្រ សម្តេចព្រះ​បរម​រតន​កោដ្ឋ បាន​ប្រ​ឡាន​ដល់​សហគមន៍​ខ្មែរឥស្លាម។ ក្រោយ​របប​ខ្មែរក្រហម ដី​នេះ​គឺ​គ្រប់គ្រង​ដោយ​ឯកជន និង​ជា​បា​កម្សាន្ត ក្នុងអំឡុង​ឆ្នាំ៩០ជាង។ ជា​បន្តបន្ទាប់ ដី​វិហារ​នេះ ត្រូវបាន​ថ្នាក់ដឹកនាំ​ខ្មែរឥស្លាម​ទាមទារ​មក​គ្រប់គ្រង​ឡើងវិញ និង​បច្ចុប្បន្ន​មាន​ប្លង់​ចំនួន​ពីរ ដាច់ដោយឡែក​ពីគ្នា។ ប្លង់ដី​មួយចំណែក គ្រប់គ្រង​ដោយ លោក អូស្មាន ហាស្សាន់ ប្រធាន​មូលនិធិ​អភិវឌ្ឍន៍​មូ​ស្លិ​ម​កម្ពុជា និង​ប្លង់​មួយទៀត គ្រប់គ្រង​ដោយ​លោក វ៉ាន់ ម៉ាត់ ប្រធាន​សមាគម​ខ្មែរឥស្លាម​កម្ពុជា និង​ជា​សមាជិក​ព្រឹទ្ធសភា៕






© រក្សាសិទ្ធិដោយ thmeythmey.com