បទវិភាគ
វត្តមាន​សម្បូរបែប​នៃ​គ្រឿង​ស្រវឹង​នៅ​កម្ពុជា​ធ្វើ​ឲ្យ​យុវជន​មួយចំនួន​វង្វេងវង្វាន់​
07, Apr 2018 , 10:39 am        
រូបភាព
ដោយ:
ភ្នំពេញ​៖ ប្រឡង​ធ្លាក់​ផឹក ប្រឡង​ជាប់​ផឹក ខួបកំណើត​ផឹក សង្សារ​បែកចិត្ត​ផឹក កម្មវិធី​ជួបជុំ​ផឹក​…​។ ទាំងអស់នេះ គឺជា​សកម្មភាព​របស់​យុវជន​ខ្មែរ​មួយចំនួន​នាពេល​បច្ចុប្បន្ននេះ​។ នៅតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន និង​បទ​ចម្រៀង​ខ្លះ រូបភាព​ជំរុញ​ការ​ពិសា​គ្រឿង​ស្រវឹង​កំពុង​លើកទឹកចិត្ត​យុវជន​ឲ្យ​ផឹកស្រា​យ៉ាង​គគ្រឹកគគ្រេង​។ លើសពីនេះ ការពង្រីក​កន្លែង​កម្សាន្ត និង​កន្លែង​ផឹកស៊ី​រីក​ស្អេកស្កះ ក៏​រួមចំណែក​លើកទឹកចិត្ត​យុវជន​ខ្មែរ ឲ្យ​សេពសុរា​ផងដែរ​។ តើ​ហេតុអ្វី​យុវជន​ខ្មែរ​ចូលចិត្ត​ផឹកស្រា​?






មក​ធ្វើ​អី បើ​មក​មិន​ផឹក បើ​មិន​ផឹក​ឈប់​រាប់អាន​ហើយ​… ។ នេះ គឺ​បទ​ចម្រៀង​ខ្មែរ​មួយ​បទ ដែល​លើក​ទឹក​យុវជន​ខ្មែរ​ឲ្យ​នាំគ្នា​ផឹកស្រា​។ ក្រៅ​ពីបទ​ចម្រៀង ដែល​ផ្សារភ្ជាប់​ជាមួយ​ការផ្សាយពាណិជ្ជកម្ម​ស្រា​បៀរ​នោះ​។ ផ្ទាំង​រូបភាព​ស្រា​ធំៗ ដែល​ដាក់​បង្ហាញ​នៅតាម​ដង​វិថី ក៏​កំពុង​លើកទឹកចិត្ត​យុវជន​ខ្មែរ ឲ្យ​សេពសុរា​ផងដែរ​។ លើសពីនេះ ការបង្កើន​កន្លែង​ផឹកស៊ី និង​កន្លែង​កម្សាន្ត​រីក​ដូច​ផ្សិត​នៅ​កម្ពុជា ក៏​កំពុង​បំពុល​ឲ្យ​យុវជន​ឲ្យ​រីករាយ​សប្បាយ​ភ្លេចខ្លួន និង​អាចបង្កើត​សកម្ម​ភាពមិនប្រក្រតី​ទាំងឡាយ ដូចជា ចោរកម្ម ឃាតកម្ម និង​អំពើហិង្សា​ជាដើម​។

​នៅក្នុង​កម្មវិធី​ជួបជុំ ដូចជា ពិធី​អាពាហ៍ពិពាហ៍ ខួបកំណើត និង​ពិធី​បុណ្យជាតិ​ជាដើម អ្វីដែល​យុវជន​ខ្មែរ​នឹកឃើញ​មុនគេ​នោះ គឺ​ការផឹកស៊ី​។ ក្រៅពី​កម្មវិធី​ធំៗ សកម្មភាព​ផឹកស៊ី​នៅតែ​ប្រព្រឹត្តឡើង​ជាធម្មតា​។ ក្នុងនោះ​មាន​៖ ប្រឡង​ជាប់ ប្រឡង​ធ្លាក់ សង្សារ​បែកចិត្ត ស្នេហា​ជោគជ័យ ជប់លៀង​មិត្តភក្តិ រក​ការងារ​ថ្មី​បាន​…​។

​មាន​មូលហេតុ​មួយចំនួន ដែល​ធ្វើ​ឲ្យ​យុវជន​ខ្មែរ​ចូលចិត្ត​យក​គ្រឿង​ស្រវឹង ដើម្បី​ធ្វើជា​ត្រីមុខ​ក្នុងការ​បង្កើត​កម្មវិធី​សប្បាយរីករាយ​។ ក្នុងនោះ​រួមមាន​៖ ទី​១ ការផឹកស៊ី រាល់​មានកម្ម​វិធី គឺជា​ទម្លាប់​តាំងពី​អ្នក​ជំនាន់​មុន​។ ទី​២ យុវជន ជា​វ័យ​ចូលចិត្ត​សប្បាយ និង​ចូលចិត្ត​ជួបជុំគ្នា ទើប​យក​ស្រា ដើម្បី​ជា​លេស​បាន​ជួបជុំ និង​ទំនាក់ទំនង​គ្នា​។ ទី​៣ ការផ្សព្វផ្សាយ​ពី​បណ្តាសារ​ព័ត៌មាន​មួយចំនួន បាន​លើកទឹកចិត្ត​ឲ្យ​យុវជន​សេពសុរា​។ ទី​៤ ការបង្កើត​សេវាកម្ម​កម្សាន្ត និង​ទីកន្លែង​ផឹកស៊ី កាន់តែច្រើន​។ និង​ទី​៥ ច្បាប់​គ្រឿង​ស្រវឹង​នៅ​ធូររលុង និង​អនុវត្តន៍​មិនសូវមាន​ប្រសិទ្ធភាព និង​ទី​៦ គ្រឿង​ស្រវឹង​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​តម្លៃ​ទាប​។

​ផលិតផល​គ្រឿង​ស្រវឹង​នៅ​កម្ពុជា ត្រូវបាន​ក្លាយជា​ជម្រើស​មុនគេ​របស់​យុវជន នៅពេល​ពួកគេ​ចង់​ជួបជុំ​សប្បាយរីករាយ​។ ប៉ុន្តែ ពួកគេ​ភ្លេច​គិតថា ផលិតផល​គ្រឿង​ស្រវឹង បាននិងកំពុង​បំផ្លាញ​ខួរក្បាល​យុវជន​ឲ្យ​ស្ពឹក​ស្រពន់​។ លើសពីនេះ អ្នកជំនាញ​ផ្នែក​សុខភាព បាន​អះអាងថា គ្រឿង​ស្រវឹង បាន​បង្ក​ជា​ជំងឺ​១១​មុខ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ គ្រឿង​ស្រវឹង គឺជា​មូលហេតុ​មួយ​ចម្បង ដែល​ធ្វើ​ឲ្យ​យុវជន​ស្លាប់ និង​របួស ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​។ ក្រៅពីនេះ គ្រឿង​ស្រវឹង ក៏​ជា​មូលហេតុ​នៃ​អំពើហិង្សា​ក្នុង​គ្រួសារ ការចាប់រំលោភ​សេពសន្ថវៈ អំពើចោរកម្ម ឃាតកម្ម និង​សកម្មភាព​បង្ក​អសន្តិសុខ​ផ្សេងៗ​ផងដែរ​។

​យុវជន​ខ្លះ សេពសុរា​យូរៗ​ទៅ រហូត​ក្លាយជា​មនុស្ស​ប្រមឹក​។ យុវជន​ខ្លះទៀត ញៀន​ស្រា រហូត​ក្លាយជា​មនុស្ស​វិកល​ច​រិ​ក ឬ​ឆ្កួត ក៏មានដែរ​។ ក្រៅពី​ប៉ះពាល់​ដល់​សុខភាព គ្រឿង​ស្រវឹង បានធ្វើ​ឲ្យ​ប៉ះពាល់​ស្មារតី​របស់​យុវជន​យ៉ាងធ្ងន់ធ្ងរ និង​ធ្វើ​ឲ្យ​ខាតបង់​ពេលវេលា ព្រមទាំង​បង្ក​ភាពសុខដុមរមនា​ជាច្រើន ដល់​ការរស់នៅ​របស់​ប្រជាជន​ខ្មែរ​ទៀតផង​។   

​ជាការ​ពិត គេ​ត្រូវ​ទទួលស្គាល់ថា ការប្រើប្រាស់​គ្រឿង​ស្រវឹង​នៅពេល​មានកម្ម​វិធី  គឺជា​ទម្លាប់​ពិបាក​កែប្រែ ប៉ុន្តែ​ការប្រើប្រាស់​គ្រឿង​ស្រវឹង​ច្រើន​ហួសហេតុ ឬ​លើស​កម្រិត មិនបាន​នាំ​ផលចំណេញ​ដល់​អ្នកប្រើប្រាស់​នោះទេ​។ តែ​ផ្ទុយទៅវិញ ការ​ពិសា​រគ្រឿង​ស្រវឹង​ច្រើន​លើសលប់ បានធ្វើ​ឲ្យ​អ្នកប្រើប្រាស់​ប៉ះពាល់​ដល់​សុខភាព ខាតបង់​ថវិកា និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុភមង្គល​គ្រួសារ​ផងដែរ​។

​ក្រៅពី​ផលប៉ះពាល់​ខាងលើ គ្រឿង​ស្រវឹង កំពុង​បំពុល​យុវជន​ខ្មែរ ឲ្យ​ស្រវឹង និង​សប្បាយ​ភ្លេចខ្លួន លែង​បាន​គិតគូរ​ពី​ការងារ​ចិញ្ចឹមជីវិត​គ្រួសារ និង​ប្រទេសជាតិ​ផងដែរ​។ ប្រសិនបើ យុវជន​ខ្មែរ​មួយ​ភាគ​ណាមួយ​នោះ ក្លាយជា​យុវជន​ប្រមឹក ប្រទេស​កម្ពុជា នឹង​មិនអាច​អភិវឌ្ឍ​ទាន់​ប្រទេស​ក្នុង​តំបន់ និង​អន្តរជាតិ​បានទេ ពីព្រោះ នៅ​កម្ពុជា យុវជន គឺជា​មនុស្ស​ភាគច្រើន​(​ជាង​៣២​ភាគរយ​នៃ​ប្រជាជន​ខ្មែរ​ទាំងអស់​)​។   

​ដូច្នេះ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ យុវជន​ខ្មែរ គួរ​កាត់បន្ថយ​ការ​ពិសារ​គ្រឿង​ស្រវឹង និង​កាត់បន្ថយ​កម្មវិធី​មួយចំនួន ដែល​តែងតែ​ប្រើប្រាស់​គ្រឿង​ស្រវឹង​កន្លងមក​។ លើសពីនេះ ផ្នត់គំនិត យក​គ្រឿង​ស្រវឹង​ធ្វើជា​ត្រីមុខ​នៅ​គ្រប់​កម្មវិធី ក៏​គួរតែ​បោះបង់​ចេញ​ដែរ​។  ប្រសិនបើ កម្មវិធី​មួយចំនួន​ដែល​មិនចាំបាច់ គឺ​គួរតែ​ប្រើប្រាស់​ទឹកក្រូច​ជំនួស​ស្រា ក៏​ជា​រឿង​គួរ​ធ្វើ​ផងដែរ​។ ដោយឡែក រដ្ឋាភិបាល គួរតែ​ពង្រឹង​ច្បាប់​គ្រប់គ្រង​គ្រឿង​ស្រវឹង មានន័យថា បង្កើន​តម្លៃ​គ្រឿង​ស្រវឹង​ឲ្យ​ខ្ពស់បំផុត ទប់ស្កាត់​ការផ្សព្វផ្សាយ​គ្រប់​ទីកន្លែង ជាពិសេស តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សំខាន់ៗ យុវជន​ក្រោម​១៨​ឆ្នាំ​ត្រូវ​ហាមឃាត់​ដាច់ខាត​មិន​ឲ្យ​ទទួល​គ្រឿង​ស្រវឹង និង​ការយកពន្ធ​លើ​គ្រឿង​ស្រវឹង​កម្រិត​ខ្ពស់​។​ល​។ ​ប្រសិនបើ​គេ​អាចអនុវត្ត​គំនិត​ខាងលើនេះ​បាន ពេលនោះ ការប្រើប្រាស់​គ្រឿង​ស្រវឹង​នៅ​កម្ពុជា​អាច​នឹង​ត្រូវបាន​កាត់បន្ថយ​បន្តិច​ម្តងៗ​៕  


© រក្សាសិទ្ធិដោយ thmeythmey.com