ពីនេះ ពីនោះ
ក្តាន់​ញ៉ែង​តូច ពពោះ​រយៈពេល​១៤០-១៧០​ថ្ងៃ ហើយ​អាចមាន​កូនភ្លោះ​
05, Dec 2021 , 1:59 pm        
រូបភាព
ដោយ: ថ្មីៗ



ភិនភាគ​៖
ក្តាន់​ញ៉ែង​តូច ឬ​ផ្ជ​ង​តូច ជា​ថនិកសត្វ​ដែលមាន​មាឌតូច​ជាងគេ​បំផុត​ក្នុង​ត្រកូល​ក្រចក​ជំ​ពាម និង​គ្មាន​ស្នែង​។ នៅលើ​ដងខ្លួន​ពាស​ទៅដោយ​រោម​ពណ៌​ត្នោត និង​មាន​ឆ្នូត​ស​៣​ជួរ​នៅក្រោម​ក​។ ជើងមាន​ទំហំ​ធំ​ជាង​ម្រាមដៃ​មនុស្សពេញវ័យ​បន្តិច និង​មាន​ជើង​ក្រោយ​វែង​ជាង​មុន​។ ផ្នែក​ខាងក្រោម​នៃ​ដងខ្លួន​មាន​ពណ៌​ស ឬ​ព្រលែត​។

ជីវសាស្ត្រ​៖ វា​ជា​សត្វ​រស់​នៅតែ​ឯកឯង លើកលែងតែ​ក្នុង​រដូវ​បន្ត​ពូជ​ទើប​វា​រស់នៅ​ជា​គូ​។ ជម្រក​ដ៏​ល្អប្រសើរ​នៃ​សត្វ​នេះ​គឺ​ចូលចិត្ត​រស់នៅ​តាម​រន្ធ​ឈើ ក្រហែង​ថ្ម វា​អាច​រស់​នៅតាម​ព្រៃឈើ​ញឹក​ចង្អៀត ឬ​ព្រៃ​ឬ​ស្សី​ដែល​ត្រជាក់​ហើយ​ងងឹត​។ វា​ជាស​ត្វ​រាត្រីចរ ចំណីអាហារ​របស់​វា គឺ​ពន្លករ​ក្ខ​ជាតិ ត្រួយ ស្លឹកឈើ ផ្កា ផ្លែឈើ និង​ទំ​ពាង​ឬ​ស្សី​។ ជាធម្មតា​សត្វ​នេះ​មាន​ម​ត្ថ​ភាព​ខ្ពស់​ក្នុងការ​បង្កើតកូន ក្រោយពី​បាន​ពពោះ​រយៈពេល​១៤០-១៧០​ថ្ងៃ បង្កើតកូន​បាន​មួយ​ជួនកាល​អាច​ភ្លោះ​តែមាន​ដោយ​កម្រ​។​

រប៉ាយ​រស់នៅ​៖ នៅ​ប្រទេស​កម្ពុជា​វា​មាន​ស្ទើរ​គ្រប់​ទីកន្លែង​។ វា​មាន​នៅតាម​វាលស្មៅ​នៅ​ផងដែរ​នៅ​តំបន់​ឥណ្ឌូចិន និង​កោះ​បរ​ណេ​អូ​។

ស្ថានភាព​អភិរក្ស​៖ ក្តាន់​ញ៉ែង​តូច​ស្ថិតក្នុង​ក្រុម​មាន​ដោយ​បង្គួរ​។ ប្រភេទ​នេះ​ងាយ​រងគ្រោះថ្នាក់​ដោយសារ​ការ​បរបាញ់ ឬ​ការ​បណ្តើរ​ឆ្កែ​ទាក់​ចាប់​ដើម្បី​យក​សាច់​ធ្វើជា​អាហារ និង​គ្រោះថ្នាក់​ដោយសារ​ពពួកសត្វ​ស៊ីសាច់​ជា​អាហារ​។ ប្រភេទ​នេះ​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN ថា​ជា​ប្រភេទ​អាស្រ័យ​លើ​កិច្ច​អភិរក្ស​នៅតាម​តំបន់​ជាក់លាក់​ដែល​វា​រស់នៅ (LR) ៕

Tragulus javanicus

© រក្សាសិទ្ធិដោយ thmeythmey.com