​​​ន​យោ​បាយ​ជាតិ​
លោក ឃួង ស្រេង៖ «ខ្ញុំមិនអនុញ្ញាត​ឲ្យជន​ណា ធ្វើបដិវត្តពណ៌នៅកម្ពុជាទេ!»
09, May 2016 , 11:41 am        
រូបភាព
លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ​ បានចុះ​ទៅ​ត្រួតពិនិត្យ​ផ្ទាល់​នៅចំណុចគោល​ដៅចំនួន ៣ ទីតាំងក្នុងខណ្ឌដង្កោ ដែល​សាលារាជ​ធានី​បានដាក់​ពង្រាយ​អាជ្ញាធររាប់រយ​នាក់​ ដើម្បី​ការពារ​មិនឲ្យមន្រ្តីអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋធ្វើយុទ្ធនាការស្លៀក​ពាក់​ពណ៌ខ្មៅ ឬហៅថា យុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ នៅ​ក្បែរពន្ធនាគារ​ព្រៃស។ អាជ្ញាធរចាត់ទុកការធ្វើ​យុទ្ធនាការ​ស្លៀក​ពាក់​ពណ៌ខ្មៅជាការធ្វើបដិវត្តន៍ពណ៌ខ្មៅប្រឆាំងរដ្ឋាភិបាល។ លោក ឃួង ស្រេង ប្តេជ្ញាថា រូបលោក​មិនឲ្យជនណាម្នាក់​ធ្វើបដិវត្តពណ៌ទម្លាក់រដ្ឋាភិបាលស្របច្បាប់​នោះទេ។



លោក ឃួង ស្រេង អភិបាល​រងរាជធានីភ្នំពេញ បានថ្លែងប្រាប់អ្នកកាសែតថា ការដាក់ពង្រាយអាជ្ញាធររាប់រយនាក់​នៅបីទីតាំង​ក្បែរ​ពន្ធនាគារព្រៃស​ ដើម្បី​ទប់ស្កាត់​នូវ​អំពើ​មិន​គោរពច្បាប់​របស់​ក្រុមអនាធិបតេយ្យ ដែលគ្រោងធ្វើបដិវត្តពណ៌នៅកម្ពុជា។ លោក បញ្ជាក់យ៉ាងនេះថា៖«ធ្វើការងារនេះ ដើម្បីការពាររដ្ឋាភិបាលស្របច្បាប់ មិនអនុញ្ញាតឲ្យជនណាម្នាក់ធ្វើរដ្ឋប្រហារ ឬបដិវត្តពណ៌​នៅ​កម្ពុជា​ទេ។ ភារកិច្ចរបស់ខ្ញុំគឺការពាររដ្ឋាភិបា​លទោះបី មានមិនមាន ​ខ្ញុំត្រូវតែមាន​វិធានការ​ទប់​ស្កាត់​»។

ប៉ុន្មាននាទីក្រោយពី​លោក ឃួង ស្រេង ថ្លែងបែបនេះ ​មន្រ្តីជាន់ខ្ពស់​អង្គការសង្គម​ស៊ីវិល ២ នាក់ និងពលរដ្ឋនៅបុរីកីឡា ១ ម្នាក់​ ដែលធ្វើយុទ្ធនាការស្លៀកពាក់ពណ៌ខ្មៅ ត្រូវបាន​អាជ្ញាធរ​ខ្លួនភ្លាមៗ។ មន្រ្តី​អង្គការ​សង្គមស៊ីវិល ២ នាក់​ដែលត្រូវអាជ្ញាធរ ចាប់បញ្ជូនទៅអធិការដ្ឋាននគរបាល​ខណ្ឌដង្កោនៅព្រឹកថ្ងៃចន្ទនេះ មានលោក អ៊ុី សារ៉ុម ប្រធានសមាគមធាងត្នោត និង លោក ថាវ គឹមសាន នាយករងទទួលបន្ទុកសិទ្ធិបញ្ចេញមតិរបស់អង្គការលីកាដូ។ ជាមួយគ្នានេះដែរ ពលរដ្ឋបឹង​កក់​ ៣ នាក់​ទៀត ដែលធ្វើយុទ្ធនាការដូចគ្នាដែរ ត្រូវបានអាជ្ញាធរចាប់ខ្លួន​នៅខណ្ឌដូន​ពេញ។

មន្រ្តីជាន់ខ្ពស់ផ្នែកស៊ើបអង្កេតរបស់អង្គការលីកាដូ លោក អំ សំអាត បានថ្កោលទោសសមត្ថកិច្ចដែលចាប់ខ្លួនមន្រ្តីអង្គការក្រៅរដ្ឋាភិបាល និងប្រជាពលរដ្ឋដែលធ្វើយុទ្ធនាការស្លៀកពាក់ពណ៌ខ្មៅនៅព្រឹកនេះ ។ លោកថា ការធ្វើយុទ្ធនាការស្ផៀកពាក់​ពណ៌ខ្មៅ​របស់មន្រ្តី​សង្គមស៊ីវិល និងប្រជាពលរដ្ឋនៅព្រឹកនេះ គ្មានបំណងធ្វើបដិវត្តពណ៌ដូច​ការ​ចោទ​ប្រកាន់​របស់​មន្រ្តី​រដ្ឋាភិបាល​ឡើយ តែយុទ្ធនាការនេះ គ្រាន់តែចង់​បង្ហាញ​មតិរបស់សង្គមស៊ីវិល និងប្រជាពលរដ្ឋ ដើម្បីឲ្យដោះលែងមន្រ្តីអង្គការសង្គមស៊ីវិល​ ៤ រូប និងអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមួយរូបដែល​កំពុង​ជាប់ឃុំឃាំង។ មន្រ្តីសិទ្ធិមនុស្សរូបនេះ ស្នើឲ្យរដ្ឋាភិបាល​ពិចារណាឡើងវិញ​ចំពោះ​សកម្មភាពរបស់ខ្លួន ហើយលោក សំអាន យល់ថា រដ្ឋាភិបាល​កម្ពុជា កំពុងតែភ័យខ្លាច​នឹង​ស្រមោល​ខ្លួនឯង ទើបបិទសិទ្ធិបញ្ចេញមតិសង្គមស៊ីវិល និងពលរដ្ឋ។ ជាងនេះទៅទៀត លោក អំ សំអាត ប្រកាសថា នឹងធ្វើយុទ្ធនាការមួយទៀត ដើម្បីឲ្យមានការដោះលែងសកម្មជនធ្វើយុទ្ធនាការស្លៀកពាក់ពណ៌ខ្មៅ ដែលត្រូវអាជ្ញាធរចាប់ខ្លួន៕


Tag:
 សង្គមស៊ីវិល
 ឃួង ស្រេង
  អំ សំអាត
 នី ចរិយា
© រក្សាសិទ្ធិដោយ thmeythmey.com